ក្រសួងរ៉ែ និងថាមពល អំពាវនាវដល់ប្រជាពលរដ្ឋដែលកំពុងធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យ ឱ្យបញ្ឈប់សកម្មភាពខុសច្បាប់នេះ និងចូលរួមទប់ស្កាត់ ខណៈក្រសួង និងស្ថាប័នពាក់ព័ន្ធ ធ្វើយុទ្ធនាការបង្ក្រាបអាជីវកម្មរ៉ែមាសខុសច្បាប់ នៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងតំបន់ភូមិសំពៅលូន គឺជាតំបន់អាជីវកម្មរ៉ែមាសបែបលក្ខណៈគ្រួសារតាំងពីអំឡុងឆ្នាំ១៩៩០ ដោយប្រជាពលរដ្ឋមូលដ្ឋាន បានប្រកបរបរជីកយក និងរែងមាសដោយដៃ តាមលក្ខណៈគ្រួសារ។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួងថា ពលរដ្ឋនៅតំបន់នោះ បានប្តូរវិធីសាស្ត្រពីការជីក និងរែងមាសដោយដៃ និងឧបករណ៍សាមញ្ញ ទៅជាប្រើគ្រឿងចក្រ រំសេវជាតិផ្ទុះ សារធាតុគីមី និងជីកលុងអណ្តូងរ៉ែក្រោមដីប្រកបដោយគ្រោះថ្នាក់ទៅវិញ។
ក្រសួងបញ្ជាក់ថា៖ «សកម្មភាពអាជីវកម្មអនាធិបតេយ្យនេះ កំពុងបង្កឱ្យមានការបាត់បង់ទ្រព្យសម្បត្តិ និងចំណូលជាតិ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន បង្កជាហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពរបស់អ្នកធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យខ្លួនឯង ព្រមទាំងប្រជាពលរដ្ឋនៅក្នុង និងក្រៅមូលដ្ឋាន»។
ដោយមើលឃើញពីបញ្ហាប្រឈមធ្ងន់ធ្ងរដល់សុវត្ថិភាព សុខភាព និងបរិស្ថាន ក្រសួងបានសហការជាមួយអាជ្ញាធរដែនដី ចុះអប់រំផ្សព្វផ្សាយ និងចាត់វិធានការផ្លូវច្បាប់ចំពោះសកម្មភាពជីកយករ៉ែអនាធិបតេយ្យតំបន់នោះជាបន្តបន្ទាប់ ប៉ុន្តែការបង្ក្រាបទាំងនោះប្រៀបដូចជាការវែកចកដូច្នោះដែរ។
ករណីនេះ ក្រសួងរ៉ែ និងថាមពល បានបង្ហាញពីការប្តេជ្ញាបញ្ចប់នូវសកម្មភាពខុសច្បាប់នេះ ដោយសហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ ក្រោមកិច្ចសម្របសម្រួលរបស់ស្ថាប័នអយ្យការខេត្ត បើកប្រតិបត្តិការដោះស្រាយទ្រង់ទ្រាយធំ នៅទីតាំងអាជីវកម្មរ៉ែមាសអនាធិបតេយ្យ ស្ថិតនៅភូមិសំពៅលូន។ ក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យ បញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ និងចូលរួមទប់ស្កាត់ ព្រមទាំងជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែដោយស្របច្បាប់ ដែលនាំមកនូវផលប្រយោជន៍ជាតិ ប្រជាពលរដ្ឋ និងបំបាត់នូវផលប៉ះពាល់ដល់បរិស្ថាននិងសង្គម។
គេហទំព័រ Newsroom Cambodia មិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក អ៊ឹង ឌីប៉ូឡា និងលោក អ៊ឹង អៀង ព្រមទាំងប្រធានស្តីទីមន្ទីរ៉ែ និងថាមពលខេត្តត្បូងឃ្មុំ លោក យុន វទ្ធី បានទេនៅថ្ងៃទី១២ ខែមករានេះ។
នាយកប្រតិបត្តិបណ្តាញយុវជនកម្ពុជា លោក ហេង គីមហុង បានបង្ហាញការគាំទ្រ ចំពោះការធ្វើយុទ្ធនាការបង្ក្រាបអាជីវកម្មរ៉ែមាសខុសច្បាប់នេះ ដើម្បីទប់ស្កាត់ហានិភ័យផ្សេងៗ និងផលប៉ះពាល់បរិស្ថាន ដោយសារកន្លងមក មានបុគ្គលមួយចំនួនដែលប្រកបអាជីវកម្មមួយនេះ បានប្រើប្រាស់នូវឧបករណ៍ខុសច្បាប់ និងគ្រឿងចក្រទំនើបៗផ្ទុយពីច្បាប់អនុម័ត។ លោកក៏បានជំរុញឱ្យក្រសួងនិងស្ថាប័នពាក់ព័ន្ធ ដាក់ចេញនូវវិធានការម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់បញ្ហានេះកុំឱ្យកើតមានឡើងបន្តទៀត។
ជាមួយគ្នានេះដែរ លោក ហេង គីមហុង ក៏បានស្នើយ៉ាងទទូចឱ្យអាជ្ញាធរមូលដ្ឋាន ស្វែងរកនិងចាត់វិធានការផ្លូវច្បាប់ទៅលើជនដែលហ៊ានប្រើប្រាស់ឧបករណ៍ខុសច្បាប់ និងជនដែលនៅពីក្រោយឱ្យពលរដ្ឋធ្វើអាជីវកម្មខុសច្បាប់នេះ ដើម្បីឱ្យបង្ក្រាប និងទប់ស្កាត់បញ្ហានេះមានប្រសិទ្ធភាព។
លោកថ្លែងថា៖ «ប្រសិនជាពាក់ព័ន្ធទៅនឹងអំពើរពុករលួយ ឬក៏ពាក់ព័ន្ធទៅនឹងការបណ្តែតបណ្តោយថ្វេសប្រហែសអីហ្នឹង សូមឱ្យអាជ្ញាធរមូលដ្ឋានជួយពិនិត្យឡើងវិញ ថាហេតុអ្វីបានជាមានរឿងហ្នឹងកើតឡើង ហើយអ្នកដែលនៅពីក្រោយខ្នងហ្នឹងក៏មិនត្រូវបានរួចខ្លួនដែរ ព្រោះអ្នកនៅពីក្រោយខ្នងហ្នឹងជាដើមហេតុដែលនាំឱ្យមានការធ្វើអាជីវកម្មខុសច្បាប់»៕