ក្រសួងរ៉ែ និងថាមពល អំពាវនាវដល់ប្រជាពលរដ្ឋដែល​កំពុងធ្វើអាជីវកម្មរ៉ែមាស​អនាធិប​តេយ្យ ឱ្យ​បញ្ឈប់សកម្មភាពខុសច្បាប់នេះ និងចូលរួមទប់ស្កាត់ ខណៈក្រសួង និង​ស្ថាប័ន​ពាក់​ព័ន្ធ ធ្វើយុទ្ធនាការបង្ក្រាបអាជីវកម្មរ៉ែមាស​ខុសច្បាប់ នៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុក​មេមត់ ខេត្តត្បូងឃ្មុំ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល ចុះថ្ងៃទី​១០ ខែមករា ឆ្នាំ២០២៤ ​​បានឱ្យ​ដឹង​ថា ក្នុងតំបន់ភូមិសំពៅលូន គឺជាតំបន់អាជីវកម្ម​រ៉ែមាស​បែប​លក្ខណៈគ្រួសារ​តាំង​ពី​អំឡុង​ឆ្នាំ​១៩៩០ ដោយប្រជាពលរដ្ឋ​មូលដ្ឋាន បានប្រកបរបរជីកយក និងរែងមាសដោយដៃ តាម​លក្ខណៈ​គ្រួសារ។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួងថា ពលរដ្ឋ​នៅតំបន់នោះ បាន​ប្តូរ​វិធី​សាស្ត្រ​ពីការជីក និងរែងមាសដោយដៃ និងឧបករណ៍សាមញ្ញ ទៅ​ជា​ប្រើ​​គ្រឿង​ចក្រ រំសេវ​ជាតិ​ផ្ទុះ សារធាតុគីមី និងជីកលុងអណ្តូងរ៉ែក្រោមដីប្រកបដោយ​គ្រោះ​ថ្នាក់ទៅវិញ។

ក្រសួងបញ្ជាក់ថា៖ «សកម្មភាពអាជីវកម្មអនាធិបតេយ្យនេះ កំពុងបង្ក​ឱ្យមានការបាត់បង់ទ្រព្យ​សម្បត្តិ និងចំណូលជាតិ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន បង្កជាហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាព​របស់​អ្នក​ធ្វើ​អាជីវកម្ម​រ៉ែ​អនាធិបតេយ្យខ្លួន​ឯង ព្រម​ទាំងប្រជាពលរដ្ឋនៅក្នុង និង​ក្រៅ​មូលដ្ឋាន»។

ដោយមើលឃើញពីបញ្ហាប្រឈមធ្ងន់ធ្ងរ​ដល់សុវត្ថិភាព សុខភាព និងបរិស្ថាន ក្រសួង​បាន​សហការ​ជាមួយ​អាជ្ញាធរ​​ដែន​ដី ចុះអប់រំផ្សព្វផ្សាយ​ និងចាត់វិធានការផ្លូវច្បាប់ចំពោះសកម្ម​ភាព​ជីកយករ៉ែអនាធិបតេយ្យ​តំបន់នោះជាបន្តបន្ទាប់ ប៉ុន្តែការបង្ក្រាបទាំងនោះប្រៀបដូចជាការវែកចកដូច្នោះដែរ។  

ករណីនេះ ក្រសួងរ៉ែ និងថាមពល បានបង្ហាញពីការប្តេជ្ញាបញ្ចប់នូវសកម្មភាពខុសច្បាប់​នេះ​​ ដោយសហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ ក្រោមកិច្ចសម្របសម្រួលរបស់ស្ថាប័នអយ្យការ​ខេត្ត បើកប្រតិបត្តិការដោះស្រាយទ្រង់ទ្រាយធំ នៅទីតាំងអាជីវកម្មរ៉ែមាសអនាធិបតេយ្យ ស្ថិត​នៅ​ភូមិសំពៅលូន។ ក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើអាជីវកម្ម​រ៉ែ​មាស​អនាធិបតេយ្យ បញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ និងចូលរួមទប់ស្កាត់ ព្រម​ទាំង​ជំរុញឱ្យ​មានការ​ធ្វើអាជីវកម្មរ៉ែដោយស្របច្បាប់ ដែលនាំមកនូវផលប្រយោជន៍ជាតិ ប្រជា​ពលរដ្ឋ និង​បំបាត់​នូវ​ផលប៉ះពាល់ដល់បរិស្ថាននិងសង្គម។​

គេហទំព័រ Newsroom Cambodia មិនអាចសុំការបញ្ជាក់បន្ថែម​​ពីអ្នកនាំពាក្យក្រសួងរ៉ែ និងថាម​ពល លោក អ៊ឹង ឌីប៉ូឡា​ និងលោក អ៊ឹង អៀង ព្រមទាំង​ប្រធានស្តីទីមន្ទីរ៉ែ និងថាមពល​ខេត្តត្បូង​ឃ្មុំ លោក យុន វទ្ធី បានទេនៅថ្ងៃទី១២ ខែមករានេះ។

នាយកប្រតិបត្តិបណ្តាញ​យុវជនកម្ពុជា លោក ហេង គីមហុង បានបង្ហាញការគាំទ្រ ចំពោះការ​ធ្វើយុទ្ធ​នាការ​បង្ក្រាបអាជីវកម្មរ៉ែមាសខុសច្បាប់នេះ ដើម្បីទប់ស្កាត់ហានិភ័យផ្សេងៗ និងផលប៉ះពាល់​​​បរិស្ថាន ដោយសារកន្លងមក មានបុគ្គលមួយចំនួនដែលប្រកបអាជីវកម្មមួយនេះ បាន​ប្រើប្រាស់នូវ​ឧបករណ៍ខុសច្បាប់​ និងគ្រឿងចក្រទំនើបៗផ្ទុយពីច្បាប់អនុម័ត។ លោក​ក៏បានជំរុញ​ឱ្យក្រសួងនិងស្ថាប័នពាក់ព័ន្ធ ដាក់ចេញនូវវិធានការ​ម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់បញ្ហានេះ​កុំ​ឱ្យកើត​មានឡើងបន្តទៀត។

ជាមួយគ្នានេះដែរ លោក ហេង គីមហុង ក៏បានស្នើយ៉ាង​ទទូចឱ្យ​អាជ្ញាធរមូលដ្ឋាន ស្វែង​រក​និង​​ចាត់​វិធានការ​ផ្លូវច្បាប់ទៅ​លើ​​ជន​​ដែលហ៊ានប្រើប្រាស់ឧបករណ៍ខុសច្បាប់ និងជនដែលនៅពីក្រោយ​ឱ្យពលរដ្ឋធ្វើអាជីវកម្ម​ខុសច្បាប់​នេះ ដើម្បីឱ្យបង្ក្រាប និងទប់ស្កាត់បញ្ហានេះមាន​ប្រសិទ្ធភាព។

លោកថ្លែងថា៖ «ប្រសិនជាពាក់ព័ន្ធទៅនឹងអំពើរពុករលួយ ឬក៏ពាក់ព័ន្ធទៅនឹងការបណ្តែត​បណ្តោយថ្វេសប្រហែសអីហ្នឹង សូមឱ្យអាជ្ញាធរមូលដ្ឋាន​ជួយពិនិត្យឡើងវិញ ថាហេតុអ្វីបានជាមានរឿងហ្នឹង​កើត​ឡើង ហើយអ្នកដែលនៅពីក្រោយ​ខ្នង​ហ្នឹង​ក៏មិនត្រូវបានរួចខ្លួនដែរ ព្រោះអ្នកនៅពីក្រោយខ្នង​ហ្នឹង​ជាដើមហេតុដែលនាំឱ្យ​មានការធ្វើអាជីវកម្ម​​ខុសច្បាប់»៕