រដ្ឋលេខាធិការ​ដ្ឋាន​​អាកាសចរណ៍ស៊ីវិល ចាត់ទុកការយកសារបញ្ចេញមតិរបស់ភ្ញៀវទេសចរមួយចំនួនតូច នៅ​លើ​​បណ្តាញ​​សង្គម ដែល​កើតឡើងតាំងពីមុនបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀម​រាប​អង្គរ (ថ្មី) មកចុះផ្សាយ​នៅពេលនេះ ថា​ជាចេតនា​ទុច្ចរិតដ៏អាក្រក់ ដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះរបស់​កម្ពុជា។

យោងតាមសេចក្តីស្រាយបំភ្លឺព័ត៌មានរបស់រដ្ឋលេខាធិការ​ដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្មីៗនេះមានទំព័រហ្វេសប៊ុក និងគណនីហ្វេសប៊ុកមួយចំនួន បានចុះផ្សាយ​ព័ត៌មានញុះញង់ដោយយកការសរសេររិះគន់ ឬការបញ្ចេញមតិរបស់ភ្ញៀវទេស​ចរ​ប៉ុន្មាន​នាក់ អំពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប(ចាស់) មកបង្ហោះភ្ជាប់ជាមួយនឹងខ្លឹមសារ​ «ភ្ញៀវទេស​ចរអន្តរជាតិរិះគន់យ៉ាងចាស់ដៃទៅលើអាកាសយានដ្ឋានអន្តរជាតិ​សៀមរាបអង្គរ» ដែលធ្វើឱ្យប៉ះពាល់​យ៉ាងខ្លាំងដល់ការគ្រប់គ្រង និងប្រតិបត្តិរបស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(ថ្មី)។

ករណីនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បញ្ជាក់ថា៖ «ការសរសេររិះគន់អំពីការគ្រប់គ្រង​អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(ថ្មី) ដោយ​លើកយកការបញ្ចេញមតិដែលមានកាលបរិច្ឆេទតាំងពីជាង២-៩ខែមុនមក ជាព័ត៌មានបំភ្លៃការពិតទាំងស្រុង ពីព្រោះអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(ថ្មី) ទើបតសាងសង់រួច និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ តែប៉ុណ្ណោះ (ដែលមានរយៈពេលមិនដល់២ខែផង)»

ប្រភពដដែលបន្តថា ចំពោះការរិះគន់រឿងបុគ្គលិក​អាកាសយានដ្ឋានសុំលុយធិបពីភ្ញៀវទេសចរនោះ ក៏ជាការ​ចោទប្រកាន់ដែលគ្មានមូលដ្ឋាន ខណៈការរិះគន់ ឬបញ្ចេញមតិដោយការផ្តល់ពិន្ទុ និងវាយ​តម្លៃ​អាកាសយានដ្ឋានថ្មីនេះថាមានកម្រិតផ្កាយប៉ុន្មាននោះ ក៏មិនអាស្រ័យទៅលើ​អារម្មណ៍ និងការ​សន្និដ្ឋានដោយគ្មានមូលដ្ឋាន និងប្រភពច្បាស់លាស់របស់បុគ្គលទាំងនោះឡើយ។

ចំណែក ការ​រិះ​គន់​រឿង​ក្រដាសដុល្លារ ដែលយកទៅចាយមិនដាច់(អាចជាក្រដាស់ប្រាក់ចាស់ ឬមានស្នាមប្រឡាក់ ឬ​រហែក) បន្ទាប់ពីទទួលលុយអាប់ក្រោយបង់ថ្លៃតាក់ស៊ីរួចនោះ ប្រភពដដែលបញ្ជាក់ថា ករណីនេះគ្មានពាក់​ព័ន្ធដល់​ការ​គ្រប់​គ្រង​ និង​ប្រតិបត្តិ​ការរបស់​អាកាស​យាន​ដ្ឋាន​ថ្មី​នេះ​ដែរ ហើយការរិះគន់អំពីមន្ត្រីអន្តោប្រវេសន៍អាកាស​យាន​ដ្ឋានពាក់ព័ន្ធ​នឹងអំពើ​ពុក​រលួយ​នោះ ក៏ជាព័ត៌មានដែលគ្មានប្រភពច្បាស់លាស់​ ដែលអគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍បានចេញ​សេចក្តី​បំភ្លឺ​ព័ត៌​មាន​រួចហើយដែរ។

 រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បញ្ជាក់ថា៖ «ការលើកយកសារបញ្ចេញមតិរបស់ភ្ញៀវ​ទេសចរ​ប៉ុន្មាននាក់តាមបណ្តាញសង្គម តាំងពីមុនពេលបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិ​សៀមរាបអង្គរ(ថ្មី) មកចុះផ្សាយដើម្បីវាយប្រហារលើ​អាកាសយានដ្ឋាននេះ គឺជាចេតនាទុច្ចរិតដ៏​អាក្រក់ ដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះ និងកិច្ចខិតខំប្រឹងប្រែងបម្រើអតិថិជនរបស់អាកាសយានដ្ឋាននេះ​តែប៉ុណ្ណោះ»។ ​

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា លោក ស៊ិន ចាន់សេរីវុត្ថាថ្លែងប្រាប់Newsroom Cambodia ថា ការរិះគន់នេះ ជារឿងពីរដាច់ដោយ​ឡែកពីគ្នា មិនមានពាក់ព័ន្ធនឹងអាកាសយានដ្ឋានថ្មីនោះទេ។

លោកថា៖ «[អាកាសយានដ្ឋានអន្តរជាតិ​]សៀមរាបអង្គរនេះ តាំងពីបើកមកមិនទាន់បាន២ខែផង​ អ្នកដែលយកការផ្តល់មតិចាស់នេះមកវែកញែក គាត់មានចរឹតញុះញង់ បង្កបញ្ហា ដើម្បីបង្ខូចឈ្មោះរាជរដ្ឋាភិ​បាល […] គោលបំណងគាត់បើមើលឱ្យ​ល្អិតមែនទែនទៅ មិនមែនវាយប្រហារត្រឹមតែ​កម្រិតបច្ចេក​ទេស​ទេ គាត់វាយប្រហារកម្រិតនយោបាយទៀត ថាអាកាសយានដ្ឋាននេះ បម្រើប្រយោជន៍ចិន»។

ទោះយ៉ាងណា លោក​នៅតែបន្តក្រើនរំលឹកបន្ថែម​ដល់បុគ្គលិករបស់​អាកាសយានដ្ឋានទាំងអស់ ឱ្យ​ប្រកាន់​ខ្ជាប់​នូវក្រមសីលធម៌ វិន័យ វិជ្ជាជីវៈ និង​គោរព​គោលការរណ៍ស្តង់ដារប្រតិបត្តិ ឱ្យបានខ្ជាប់ខ្ជួន ក្នុងការផ្តល់សេវាដល់អតិថិជន ឱ្យកាន់តែល្អប្រសើរ ដូចប្រទេសជឿនលឿនផងដែរ។

លោកវុត្ថា ថ្លែងថា៖ «អាកាសចរស៊ីវិល ក៏ដូចជាអាកាសយានដ្ឋាន ទទួលយកនូវការរិះគន់ដែល​មានមូលដ្ឋាន ដើម្បីជាការកែលំអរឱ្យ​​បានកាន់តែប្រសើរឡើង[…] អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ខំពង្រឹងកែលំ​អរច្រើនណាស់ ហើយ​កាលណាមានករណីអ្វីមួយមិនប្រក្រតី គេចាប់ផ្តើមស៊ើបអង្កេតភ្លាមៗតែ​ម្តង»។

ការស្រាយបំភ្លឺរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានធ្វើឡើង​បន្ទាប់ពីមានការ​ចែករំលែក​នៅ​លើបណ្តាញសង្គម ជុំវិញមតិរិះគន់របស់ជនបរទេស​មួយចំនួន ក្នុងនោះមានការបង្ហោះសារ​របស់គណនីហ្វេសប៊ុកឈ្មោះ Ronald Wittenzellner កាលពីប៉ុន្មានសប្តាហ៍មុន ដោយ​មានជាសំណេរ​ដើម​​ថា៖ «អាកាសយានដ្ឋានថ្មីជាកម្មសិទ្ធិរបស់ចិន និង​សាងសង់ដោយជនជាតិចិន! ជើងហោះហើរមានជាង​ ១០០ប៉ុណ្ណោះ ក្នុងរយៈពេលប៉ុន្មានខែ​ចុងក្រោយនេះ សរុបមកនេះ គឺជា​អាកាសយានដ្ឋានដ៏អាក្រក់បំផុត។ ខ្ញុំ​នៅ​សៀមរាប ឆ្នាំ​២០១៩ ហើយ​សំណាង​បាន​ទៅ​ដល់​ព្រលាន​ចាស់ ដែល​មាន ប្រពៃ​ណី មន្តស្នេហ៍ និងភាពប៉ិនប្រសប់។ វា​តូច​ជាង​មែន ប៉ុន្តែសមស្របសម្រាប់អ្នក​ដំណើរ ហើយ​ក៏​ជិត​ទ​ក្រុង​ផង​ដែរ[…]»។

ពាក់ព័ន្ធនឹងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះដែរ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ អង្គភាព​អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពី ដំណោះស្រាយ​លើ​បណ្ហាតម្លៃសេវាការប្រើប្រាស់ផ្លូវចេញចូលអាកាសយានដ្ឋាន និងតម្លៃចំណតយានយន្តផងដែរ។

អ្នកនាំពាក្យរដ្ឋាភិបាល​ បានឱ្យដឹងថា ក្រោយមានកង្វល់មួយចំនួនរបស់ប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់​ផ្លូវចេញចូល និងតម្លៃចំណតយានយន្តក្នុងអាកាសយានដ្ឋាននេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំឱ្យបង្កើតគណៈកម្មការចំពោះកិច្ចជាបន្ទាន់មួយ ដើម្បីចុះទៅពិនិត្យ និងដោះស្រាយ។

អ្នកនាំពាក្យ​បន្តថា ក្រោយការពិនិត្យ និងដោះស្រាយ ជាលទ្ធផល ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋាននេះ បានសម្រេចមិនគិតកម្រៃថ្លៃចត សម្រាប់រថយន្តធុនតូចមិនលើស៧កៅអី ក្រោមរយៈពេល ១៥នាទី និងរយៈពេល៣០នាទី សម្រាប់ប្រភេទរថយន្តផ្សេងៗទៀត​ និងយល់ព្រម​បញ្ចុះតម្លៃបន្ថែម ​​ក្នុងការប្រើប្រាស់ផ្លូវ​​សម្រាប់យាន្តយន្តគ្រប់ប្រភេទ ​ដែលចូល-ចេញអាកាសយានដា្ឋន សម្រាប់រយៈពេល ២ឆ្នាំ (ឆ្នាំ២០២៤និង២០២៥)។

ប្រធានសហព័ន្ធ សហជីព វិស័យទេសចរណ៍ និង​សេវាកម្មកម្ពុជា លោក ម៉ម រិទ្ធី មានប្រសាសន៍ថា បញ្ហាបែប​នេះ មិន​មែន​ជារឿងថ្មីដែលកើតឡើងនៅតាមអាកាសយានដ្ឋានទេ គ្រាន់តែមិនទាន់​មានដំណោះ​ស្រាយ​សមស្រប។

លោកថា៖ «វាជាបញ្ហាចាស់រ៉ាំ​រៃយូរឆ្នាំហើយ ពាក់ព័ន្ធនឹងការយកលុយភ្ញៀវ[…] តែហាក់ដូចជាមិនបានដោះស្រាយបញ្ចប់ដើម្បីឱ្យ​មានលក្ខណៈមួយច្បាស់លាស់ ថារឿងហ្នឹងបានចប់ហើយ»។

លោកបង្ហាញ​ការព្រួយបារម្ភថា បើមានការរិះគន់បែបនេះ​នៅបន្តកើតមានឡើង ហើយមិនមានដំណោះស្រាយ​សមស្របនោះទេ នឹង​មានការប៉ះពាល់ធ្ងន់​ធ្ងរ​ដល់វិស័យទេសចរណ៍​នៅកម្ពុជា ខណៈកម្ពុជាហាក់មិនទាន់មានលទ្ធភាពប្រកួតប្រជែងផ្នែកទេស​ចរ​ណ៍​ជាមួយប្រទេសជិតខាងបាននៅឡើយ​។

លោកថា៖ «ប៉ះពាល់ភ្ញៀវម្នាក់ មិនមែនមានន័យថាមានតែភ្ញៀវម្នាក់ហ្នឹងឈប់មកទេ គាត់អាចសរសេរនៅលើវេបសាយ ឬក៏បណ្តាញសង្គមរបស់គាត់ ចែករំលែកពីបទពិសោធន៍ទៅកាន់ភ្ញៀវដទៃទៀត […]បញ្ហា​ទាំងនេះ គឺពិបាកទទួលយក និងមានការប៉ះពាល់ធ្ងន់ធ្ងរណាស់​ដល់វិស័យទេស​ចរណ៍​យើង បើគ្រាន់តែឈានជើងចូលដល់ព្រលាន មិនទាន់បានដើរលេងផង​ មានរឿងទាំងអស់ហ្នឹងកើតឡើងហើយ តើឱ្យ​ទេសចរណ៍​គេទុកចិត្តបានយ៉ាងម៉េច?»។ លោកក៏បានជំរុញ​ទៅដល់ក្រសួងពាក់ព័ន្ធ ដើម្បីឱ្យ​មានវិធានការដល់ជនដែលទទួលលុយ ឬធ្វើខុសពីគោល​ការណ៍ការងារ និងបង្ហាញពីតម្លាភាពទៅកាន់សាធារណៈថា ពិតជាបានចាត់វិធានការ និងធានាឱ្យ​បានថាពិតជាមិនមានរឿងបែបនេះកើតឡើងតទៅទៀតពិតប្រាកដមែន៕