ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ ឆ្នាំ២០២៤នេះ នៅសល់ពេលប្រមាណ២សប្តាហ៍ទៀតនឹងមកដល់។ សម្រាប់កៅអីក្នុងតួនាជាទីប្រធានព្រឹទ្ធសភា នៅក្នុងអាណត្តិបន្ទាប់នេះ អាចនឹងមិនមែនជាលោក សាយ ឈុំ ដូចមុនទៀតទេ។
ការប្រែប្រួលដែលគេឯង បានដឹងសឹងគ្រប់គ្នានេះ នៅត្រង់អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ធ្លាប់បានប្រកាសរួចហើយថានៅក្នុងអាណត្តិទី៥ កៅអីកំពូលនេះគឺជារូបលោកវិញម្តងដែលត្រូវគ្រងតំណែងជំនួស លោក សាយ ឈុំ ។
ក្នុងឋានៈជាអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក សាយ ឈុំ បានគ្រប់គ្រងតួនាទីនេះអស់រយៈពេលប្រមាណជិត១០ឆ្នាំ ក្រោយពេល លោក ជា ស៊ីម ទទួលមរណៈភាពទៅ។ ចាប់តាំងពីខែមិថុនា ឆ្នាំ២០១៥ ជាអគ្គលេខាធិការគណបក្សផង និងក្រោយមកទៀតត្រូវបានសមាជិកមជ្ឈឹមបក្សផ្តល់សេចក្តីទុកចិត្ត ធ្វើជាអនុប្រធានគណបក្សផង លោក សាយ ឈុំ ដែលធ្លាប់គ្រង់តំណែងនេះ ទំនងជាត្រូវរបូតពីដៃ នៅក្រោយការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភារួច នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។
នៅមុនការផ្ទេរអំណាច លោក ហ៊ុន សែន ធ្លាប់បានថ្លែងកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ថា ក្រោយពេលបញ្ចប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះហើយពេលណា លោកនឹងទៅកាន់តួនាទីនេះវិញម្តង។បើតាមអតីតនាយករដ្ឋមន្រ្តីរូបនេះ មូលហេតុដែលលោកចង់អង្គុយលើកៅអីនេះ គឺដើម្បីបម្រើពលរដ្ឋ ជួយគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងចូលរួមអភិវឌ្ឍប្រទេស ជាពិសេសការពារព្រះរាជបល្ល័ង្ក។
លោកបន្តថា៖«ខ្ញុំព្រះករុណាខ្ញុំនឹងមិនជ្រៀតជ្រែកទៅលើកិច្ចការរបស់នាយករដ្ឋមន្ត្រីឬរបស់រាជរដ្ឋាភិបាលថ្មីនោះទេ »។
សំណួរថាតើប្រសិនបើដូចអ្វីដែលអតីតនាយករដ្ឋមន្រ្តីលោក ហ៊ុន សែន ប្តេជ្ញាមែនតើនឹងជួយឱ្យលោក ហ៊ុន សែន មានអំណាចជាងមុនដែរឬយ៉ាងណា?
ជាការពិតដែលប្រកែកមិនបាន បើទោះជានៅមុនពេលលោកចុះចេញពីអំណាច ក្នុងតួនាទីជានាយករដ្ឋមន្រ្តី និងនៅពេលនេះ គេមើលឃើញថា លោក ហ៊ុន សែន នៅតែជាមនុស្សសំខាន់ និងខ្វះមិនបានជាពិសេសមានឥទ្ធិពលជាងមុនក្នុងការផ្តល់គំនិតទាំងការងារដ្ឋបាល និងកិច្ចការនយោបាយ នៅពីក្រោយឆាក។
កាលពីចុងខែកញ្ញា ឆ្នាំ២០២៣ លោក ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបង្ខំចិត្តចេញសារភ្លាមៗ ជំទាស់ទៅនឹងការព្យាយាមប្រមូលពន្ធ ដែលគណៈរដ្ឋមន្រ្តីថ្មីកូនប្រុសរបស់លោក បានដាក់ចេញ សម្រាប់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន២០ភាគរយ។
គោលការណ៍ដែលអនុវត្តដោយអគ្គនាយកដ្ឋានពន្ធដារនេះ នាំឱ្យពលរដ្ឋប្រតិកម្មសឹងមួយប្រទេស ប្រឆាំងការយកពន្ធក្នុងពេលសេដ្ឋកិច្ចកម្ពុជា ត្រូវគេមើលឃើញថាកំពុងជួបវិបត្តិ និងដាំក្បាលចុះ។សារនយោបាយនៅពេលនេះ តាមពិតជាតួនាទីរបស់លោក ហ៊ុន ម៉ាណែត ទេ ប៉ុន្តែជំនួសមកវិញបែរជាលោក ហ៊ុន សែន ប្រើប្រាស់វេទិកានេះ ដើម្បីទប់ទល់នឹងសភាពការណ៍ដែលហៀបនឹងផ្ទុះការតវ៉ាពីប្រជាពលរដ្ឋទៅវិញ។
ដោយឡែក ក្នុងថ្ងៃតែមួយ បន្ទាប់ពីលោក ហ៊ុន សែន ចេញសារតម្រង់ទិសរួច មិនបានប៉ុន្មានម៉ោងផង មានការលេចធ្លាយសារសំឡេងរបស់លោក ហ៊ុន ម៉ាណែត តាមប្រព័ន្ធតេឡេក្រាម ដោយចាត់ទុកថា វាមិនទាន់ដល់ពេលដែលត្រូវរឹតបន្តឹងការប្រមូលពន្ធ២០ភាគរយ លើប្រាក់ចំណេញនេះនៅឡើយទេ។ក្នុងន័យនេះ ទំនងកូនប្រុសរបស់លោកគឺលោក ហ៊ុន ម៉ាណែត ដែលទើបសភាផ្តល់សេចក្តីទុកចិត្តបានជាង១ខែ ក្នុងតួនាទីកំពូលមួយនេះ មិនហ៊ានអាកាត់អ្វីច្រើនឡើយ ដោយត្រូវរង់ចាំការសម្រេចចិត្តពីឱពុករបស់លោកជាមុនសិន ក៏អាចថាបាន។
ជាងនេះទៀត ប្រសិនបើការគូសវៀសរបស់លោក ហ៊ុន សែន បានដូចការគ្រោងទុកមែន។ដូច្នេះ សិទ្ធិអំណាចក្នុងមុខតំណែងជាប្រធានព្រឹទ្ធសភានេះ ប្រហែលជាអាចមានឥទ្ធិពលជាងមុន។ ថ្វីត្បិតតួនាទីនៅក្នុងប្រអប់នៃព្រឹទ្ធសភានេះ មិនមែនដូចក្របខណ្ឌនគរបាល ឬក្របខណ្ឌយោធា និងនាយករដ្ឋមន្រ្តីមែន ក៏សិទ្ធិសម្រេចដក និងដាក់នរណាម្នាក់ ប្រហែលជាអាចនៅតែមានអំណាចខ្ពស់ស្មើភ្នំដូចមុន។សិទ្ធិអំណាចដែលលោក ហ៊ុន សែន នឹងទទួលបានបន្ថែមទៀតនេះ នៅមិនទាន់គិតដល់លោកជាមេទ័ពកំពូល និងជាប្រធានគណបក្សគណបក្សកាន់អំណាចផ្សេងទៀតនៅឡើយផង។
តាមពិតទៅ នៅចំពោះមុខនេះ គេសង្កេតឃើញថា លោក ហ៊ុន សែន បានចាកចេញត្រឹមមុខដំណែងខ្ពស់បំផុតនៅក្នុងគណៈរដ្ឋមន្រ្តីទេ ប៉ុន្តែប្រអប់ដទៃៗទៀត គឺអតីតនាយករដ្ឋមន្រ្តីរូបនេះ នៅតែមានអំណាចពេញដៃនៅឡើយ។ក្នុងជួរគណបក្សកាន់អំណាច លោក ហ៊ុន សែន គឺជាប្រធានគណបក្ស។ដូច្នេះ ក្នុងឋានៈប្រធានបក្ស ប្រហែលមានសិទ្ធិគ្រប់គ្រាន់ ក្នុងការចាត់ចែងដក ឬដាក់បក្សជនណាម្នាក់ អាស្រ័យលើលោក ហ៊ុន សែន ជាអ្នកសម្រេចច្រើនជាង។
ជារួម រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ បានធានាសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ ទាំងសេដ្ឋកិច្ច និងនយោបាយយ៉ាងច្បាស់។ជាងនេះទៀត បញ្ញត្តិមាត្រា៨០ នៃរដ្ឋធម្មនុញ្ញ មានការធានាដល់បុព្វសិទ្ធិជាពិសេសរបស់អ្នកតំណាងរាស្រ្តថែមទៀតដែលបិទផ្លូវមិនឱ្យអ្នកណាប៉ះពាល់បាន នៅក្នុងតួនាទីជាអ្នកតំណាងរាស្រ្ត។ ក៏ប៉ុន្តែសិទ្ធិពិសេសទាំងនេះ ត្រូវបានភ្ជាប់ដោយកាតព្វកិច្ចច្បាប់ដោយឡែកមួយផ្សេងទៀតទៅវិញគឺច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។នៅក្នុងបញ្ញត្តិមាត្រា១៣៩ នៃច្បាប់នេះ បានកំណត់យ៉ាងច្បាប់ពីការបាត់បង់សមាជិកភាពជាអ្នកតំណាងរាស្រ្តប្រសិនបើសាមីខ្លួនបាត់បង់សមាជិកភាពពីគណបក្សនយោបាយរបស់ខ្លួន។ក្នុងន័យនេះហើយ ដែលផ្តល់សិទ្ធិសម្រេចយ៉ាងធំដល់ប្រធានបក្ស។
ជាយុទ្ធសាស្រ្ត ទំនងស្ថិតក្រោមហេតុផលនេះហើយ បានជាមន្រ្តីដែលបម្រើការនៅតាមមន្ទីរ ក្រសួង និងស្ថាប័នផ្សេងទៀតដែលចំណុះឱ្យរដ្ឋាភិបាល តម្រូវឱ្យចូលជាសមាជិកបក្ស។នៅពេលចូលជាសមាជិកបក្សហើយ ពួកគេត្រូវមានតួនាទី និងកាតព្វកិច្ចចុះពង្រឹងគណបក្សនៅតាមមណ្ឌល ឬភូមិភាគដែលចាត់តាំងដោយមជ្ឈឹមបក្ស ឬមន្ទីរបក្ស។
ស្ថិតក្រោមហេតុផលនេះហើយ អ្នកវិភាគនយោបាយយល់ឃើញថា ទំនងជាលោក ហ៊ុន សែន អាចនឹងមានសិទ្ធិអំណាចចាត់ចែងការងារតូចធំ បានល្អជាងលោកនៅក្នុងតួនាទីខ្ពស់បំផុតនៃគណៈរដ្ឋមន្រ្តីផងក៏ថាបានដែរ ប្រសិនបើលោកក្លាយជាប្រធានព្រឹទ្ធសភាមែន។
អ្នកជំនាញផ្នែកទស្សនៈវិជ្ជា និងភូមិសាស្រ្តនយោបាយ លោក រ៉ូ វណ្ណៈ យល់ឃើញថា តួនាទីប្រធានព្រឹទ្ធសភា ជាទីតាំងយុត្តិសាស្ត្រមួយនៃការប្រើប្រាស់អំណាច និងតួនាទីប្រមុខរដ្ឋស្តីទីពេលព្រះមហាក្សត្រអវត្តមាន ប្រធានព្រឹទ្ធសភាអាចអនុវត្តកិច្ចការមួយចំនួនជំនួសព្រះមហាក្សត្រ ដែលជាហេតុបង្ហាញឱ្យឃើញថាល្បែងនយោបាយអំណាចអនុវត្តតាមវិធានរដ្ឋធម្មនុញ្ញ និងច្បាប់។លោកបន្តថាអំណាចរបស់ស្ថាប័នព្រឹទ្ធសភានេះអាចកើនឡើងជាងមុន នៅពេលដែលលោក ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា ព្រោះលោកជាប្រធានគណបក្សកាន់អំណាចផង និងមានតួនាទីកំពូលនៅក្នុងស្ថាប័នយោធាផង។
លោកបន្តថា៖ «ប្រធានគណបក្សកាន់អំណាចមានសិទ្ធិទូលំទូលាយណាស់នៅក្នុងការចាត់ចែងសមាជិកភាពរបស់គណបក្ស […] ច្បាប់បោះឆ្នោត ច្បាប់គណបក្សនយោបាយ មានលទ្ធភាពឱ្យប្រធានគណបក្សនយោបាយមានឥទ្ធិពលទៅលើតំណាងរាស្ត្រ នាយករដ្ឋមន្ត្រីក៏ជាតំណាងរាស្ត្រ »។
សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ លោក ឯម សុវណ្ណរ៉ា ក៏យល់ស្របដែរថា ដោយសារ លោក ហ៊ុន សែន ធ្លាប់ជានាយករដ្ឋមន្រ្តី ហេតុនេះចង់ ឬមិនចង់អាចនឹងមានសក្តានុពលដែលអាចនាំឱ្យព្រឹទ្ធសភាមានឥទ្ធិពល និងប្រែប្រួលជាងលោក សាយ ឈុំ កាន់កាប់ដែរ។ប៉ុន្តែ អំណាចនេះវានឹងមិនជួយឱ្យលោក ហ៊ុន សែន ធ្វើអ្វីបានទាំងអស់ទេ។
បើតាមលោក ឯម សុវណ្ណរ៉ា មើលឃើញថា រាល់សេចក្តីស្នើនៃសេចក្តីព្រាងច្បាប់ ភាពចាំបាច់នៅតែស្ថិតនៅលើដៃរដ្ឋសភាដដែលទេ។ជានីតិវិធី ក្នុងរយៈពេល ៣០ថ្ងៃក្រោយ បើទោះជាព្រឹទ្ធសភាអនុម័ត ឬមិនអនុម័តលើសេចក្តីស្នើច្បាប់ណាមួយនោះ ក៏សេចក្តីស្នើនោះត្រូវចូលជាធរមានដែរ។ម្យ៉ាងវិញទៀត ភាពឯរាជ្យនៃតួនាទីព្រឹទ្ធសភានេះ វានៅដើរមិនទាន់ដល់ស្តង់ដារ ដូចអ្វីដែលកម្ពុជាបានកំណត់ថា ត្រូវតែឈរលើម្ចាស់ការរៀងៗខ្លួននៅឡើយដែរ។
លោកបន្តថា៖ «ទោះបីជាអតីតនាយករដ្ឋមន្ត្រី មានឥទ្ធិពលឡើងទៅកាន់ប្រធានព្រឹទ្ធសភា ហើយអាចមានឥទ្ធិពលខ្លះ តែមិនអាចជួយឱ្យស្ថាប័ននីតិបញត្តិ ឬព្រឹទ្ធសភាទៅជាឯករាជ្យ ដូចលោកខាងលិចទេ »។
អ្នកជំនាញផ្នែកច្បាប់ និងវិទ្យាសាស្រ្តនយោបាយដែរ លោក កែវ ពន្លឺចន្ទ ហាក់យល់ឃើញផ្ទុយពីនេះបន្តិច ដោយលោកចាត់ទុកថា តាមពិតទៅបើទោះជាលោក ហ៊ុន សែន ទៅគ្រប់គ្រងកៅអីនេះជំនួសលោក សាយ ឈុំ នៅក្រោយការបោះឆ្នោត នាខែកុម្ភៈក្តី ក៏ទំនងជាមិនមានការប្រែប្រួលអ្វីធំដុំប៉ុន្មានទេ។អ្នកជំនាញផ្នែកច្បាប់រូបនេះ យល់ឃើញថា ជារួមព្រឹទ្ធសភានេះ ដើមឡើយវាគ្រាន់តែជាកន្លែងនៅក្នុងការចែកអំណាចគ្នារវាងបក្សនយោបាយពីរ គឺគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច និងគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ។
លោកបន្តថា៖«មិនមានអ្វីប្រែប្រួល មិនមានអ្វីប្រឈមខ្លាំង មិនមានអ្វីធ្វើឱ្យមានវិបត្តិខ្លាំងទេ »។
យ៉ាងនេះក្តីសម្រាប់លោក ហ៊ុន សែន វិញ បានសន្យាថាបើទោះជាអំណាចនៅក្នុងដៃរបស់លោកក្តី តែលោកនឹងមិនជ្រៀតជ្រែកលើកិច្ចការរបស់រដ្ឋាភិបាល ឬនាយករដ្ឋមន្រ្តីឡើយ។បើតាមលោក ហ៊ុន សែន អំណាចត្រូវបានបែងចែកដាច់ស្រឡះពីគ្នារួចទៅហើយរវាងនីតិបញ្ញត្តិ ប្រតិបត្តិ និងការងាររបស់គណបក្សប្រជាជនកម្ពុជា។ក្រៅពីនេះ លោក ហ៊ុន សែន ថែមទាំងបានអះអាងទៀតថា ប្រសិនបើលោកស្ថិតក្នុងតួនាទីជាប្រមុខរដ្ឋស្តីទី ក្រោយអង្គុយលើកៅអីជាប្រធានព្រឹទ្ធសភា នោះលោកនឹងរួមចំណែកធានាជួយដល់សន្តិសុខជាតិ និងស្ថេរភាពនយោបាយ ឱ្យដំណើរការទៅជាប្រក្រតី។
បើទោះជាលោក ហ៊ុន សែន បានប្រកាសពីភាពស្អាតស្អំ ក្រោយចូលកាន់តំណែងក្នុងនាមជាប្រធានព្រឹទ្ធភាពក៏ដោយចុះ បើគេពិនិត្យទៅលើមាត្រាច្បាប់វិញ នៅតែបើកផ្លូវឱ្យប្រធានព្រឹទ្ធសភា មានអំណាចខ្ពស់កប់ពពក ក្នុងការអាកាត់ការងារតូចធំបានដដែលទេ។
នៅក្នុងបញ្ញត្តិមាត្រា ១១ថ្មី នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលបានកំណត់ពីតួនាទី និងភារកិច្ចរបស់ប្រធានព្រឹទ្ធសភា។ខ្លឹមសារ នៃច្បាប់នេះក្រៅពីធ្វើការងារក្នុងនាមប្រធានព្រឹទ្ធសភាហើយ មាត្រានៃច្បាប់នេះ ក៏ជួយឱ្យប្រធានព្រឹទ្ធសភា អាចបំពេញភារកិច្ចជំនួសព្រះមហាក្សត្រ ក្នុងពេលដែលទ្រង់មិនអាចបំពេញព្រះរាជកិច្ចបាន ដូចជាទ្រង់ប្រឈួន មានព្រះរាជកិច្ចនៅក្រៅប្រទេស ហើយប្រធានព្រឹទ្ធសភាក៏អាចដើរតួជាប្រមុខរដ្ឋស្តីទី ដែលអាចប្រកាសឱ្យប្រើច្បាប់ ព្រះរាជក្រឹត្យ និងអនុវត្តភារកិច្ចផ្សេងទៀត ជំនួសព្រះមហាក្សត្រថែមទៀត។
ដូច្នេះ បញ្ញត្តិមាត្រានេះ ទំនងជាអាចបើកផ្លូវឱ្យលោក ហ៊ុន សែន មានអនុភាពខ្ពស់ជាងមុន ក្នុងការចាត់ចែងកិច្ចការរដ្ឋ បើទោះជាលោកមិនមែនជានាយករដ្ឋមន្រ្តីដូចមុនក៏ដោយ។ក្នុងន័យនេះ ថ្វីបើតួនាទីប្រធានព្រឹទ្ធសភា មើលទៅហាក់មិនមានអំណាច ឬឥទ្ធិពលអ្វីក៏ពិតមែន ប៉ុន្តែតាមរយៈនីតិវិធី និងគោលការណ៍ច្បាប់នេះ ហាក់ដូចជាជួយឱ្យលោក ហ៊ុន សែន មានវិសាលភាពក្នុងនាមជាមេដឹកនាំជាន់ខ្ពស់ ហើយអាចមានប្រៀបទាំងខាងយុទ្ធសាស្រ្ត និងនយោបាយ មិនខុសអ្វីពីព្រះនារាយណ៍ដៃប្រាំបីដូច្នោះដែរ៕