ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ ឆ្នាំ២០២៤នេះ នៅសល់ពេលប្រមាណ​​២ស​ប្តា​​​​​ហ៍​​​​​ទៀត​​នឹ​ង​មកដល់។ សម្រាប់កៅអីក្នុងតួនាជាទីប្រធានព្រឹទ្ធសភា នៅក្នុងអាណត្តិបន្ទាប់នេះ អាចនឹងមិន​​មែន​​ជា​​លោក សាយ ឈុំ ដូចមុនទៀតទេ។

ការប្រែប្រួលដែលគេឯង បានដឹងសឹងគ្រប់គ្នានេះ នៅត្រង់អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ធ្លាប់បាន​​ប្រ​​កា​​ស​​រួចហើយថា​​នៅ​​ក្នុងអាណត្តិទី៥ កៅអីកំពូលនេះគឺជារូបលោកវិញម្តងដែលត្រូវគ្រងតំណែ​​ងជំនួស លោក សា​​យ ឈុំ ។

ក្នុងឋានៈជាអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក សាយ ឈុំ បានគ្រប់គ្រងតួនាទីនេះ​​អស់រយៈ​​ពេ​​លប្រ​មា​​ណ​ជិត១០ឆ្នាំ ក្រោយពេល លោក ជា ស៊ីម ទទួលមរណៈភាពទៅ។ ចាប់តាំងពីខែមិថុនា ឆ្នាំ២០១៥ ជាអគ្គលេខា​​ធិ​​​​​កា​​​​រ​​គ​​ណ​​បក្សផង និងក្រោយមកទៀតត្រូវបានសមាជិកមជ្ឈឹមបក្សផ្តល់សេចក្តីទុកចិត្ត ធ្វើជាអនុប្រធា​​នគណ​​បក្ស​ផង លោក សាយ ឈុំ ដែលធ្លាប់គ្រង់តំណែងនេះ ទំ​​ន​​ង​​ជា​​ត្រូវរបូតពីដៃ នៅក្រោយការបោះឆ្នោ​​តជ្រើសតាំង​​សមា​​ជិ​ក​​ព្រឹ​​ទ្ធសភារួច នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។  

នៅមុនការផ្ទេរអំណាច លោក ហ៊ុន សែន ធ្លាប់បានថ្លែងកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ថា ក្រោយ​​ពេលប​ញ្ចប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះហើយពេលណា លោកនឹងទៅកាន់តួនា​ទីនេះវិញម្តង។បើតា​មអតីតនាយ​​ករដ្ឋ​​មន្រ្តី​រូបនេះ មូលហេតុដែលលោកចង់អង្គុយលើកៅអីនេះ គឺដើម្បីបម្រើពលរដ្ឋ ជួយគ្រប់​​គ្រ​​ង​​ស​ន្តិ​​សុខ ស​​ណ្តា​​ប់​​ធ្នាប់សង្គម និងចូលរួមអភិវឌ្ឍប្រទេស ជាពិសេសការពារព្រះរាជបល្ល័ង្ក។

លោកបន្តថា​៖​«ខ្ញុំ​ព្រះករុណាខ្ញុំ​នឹង​មិន​ជ្រៀតជ្រែក​ទៅ​លើ​កិច្ចកា​​រ​របស់​នាយករដ្ឋមន្ត្រីឬរបស់រាជរដ្ឋាភិបា​លថ្មី​​នោះ​​​​​​​ទេ »

សំណួរថាតើប្រសិនបើដូចអ្វីដែលអតីតនាយករដ្ឋមន្រ្តីលោក ហ៊ុន សែន ប្តេជ្ញាមែនតើនឹងជួយឱ្យលោក ហ៊ុន សែន មានអំណាចជាងមុនដែរឬយ៉ាងណា?

ជាការពិតដែលប្រកែកមិនបាន បើទោះជានៅមុនពេលលោកចុះចេញពីអំណាច ក្នុងតួនាទីជានាយករដ្ឋមន្រ្តី និង​​នៅ​ពេលនេះ គេមើលឃើញថា លោក ហ៊ុន សែន នៅតែជាមនុស្សសំខាន់ និងខ្វះមិនបានជាពិសេសមាន​​ឥទ្ធិ​ព​ល​ជា​ងមុន​​​​ក្នុង​​ការផ្តល់គំនិតទាំង​ការ​​ងា​​រដ្ឋបាល និងកិច្ចការនយោបាយ នៅពីក្រោយឆាក។

កាល​​ពីចុងខែកញ្ញា ឆ្នាំ២០២៣ លោក ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបង្ខំចិត្តចេញសារភ្លាមៗ ជំទាស់ទៅនឹងការព្យាយាមប្រមូលពន្ធ ដែលគណៈរដ្ឋមន្រ្តីថ្មី​​កូនប្រុស​​រ​ប​​​​ស់​​​លោ​​ក បា​​ន​​ដាក់ចេញ សម្រាប់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន២០ភាគរយ។

គោលការណ៍ដែលអនុវត្តដោយអគ្គនាយកដ្ឋានពន្ធដារនេះ នាំឱ្យពលរដ្ឋប្រតិកម្មសឹងមួយប្រទេស ប្រឆាំងកា​​​រយ​ក​​ពន្ធក្នុងពេលសេដ្ឋកិច្ចកម្ពុជា ត្រូវគេមើលឃើញថាកំពុងជួបវិបត្តិ និងដាំក្បាលចុះ។សារនយោបាយនៅពេលនេះ តាមពិតជាតួ​​នា​​ទី​​​របស់លោក ហ៊ុន ម៉ាណែត ទេ ប៉ុន្តែជំនួសមកវិញបែរជាលោក ហ៊ុន សែន ប្រើប្រាស់វេទិកានេះ ដើម្បីទប់ទល់​​នឹ​ង​​ស​​ភាពការណ៍ដែលហៀបនឹងផ្ទុះការតវ៉ាពីប្រជាពលរដ្ឋទៅវិញ។

ដោយឡែក ក្នុងថ្ងៃតែមួយ បន្ទាប់ពីលោក ហ៊ុន សែន ចេញសារតម្រង់ទិសរួច មិនបានប៉ុន្មានម៉ោងផង មា​​ន​ការ​​​លេចធ្លាយសារ​​សំ​ឡេង​​រប​ស់​​លោក ហ៊ុន ម៉ាណែត តាមប្រព័ន្ធតេឡេក្រាម​ ដោយ​​ចាត់​​ទុក​ថា វា​​មិនទាន់ដ​ល់ពេ​​ល​​ដែ​​​​លត្រូវ​​រឹត​បន្តឹងការប្រមូលពន្ធ២០ភាគរយ លើប្រាក់ចំ​​ណេ​​ញ​​នេះ​នៅ​​ឡើយទេ។ក្នុងន័យនេះ ទំនងកូនប្រុ​សរប​​ស់​លោ​ក​​គឺលោក ហ៊ុន ម៉ាណែត ដែលទើបសភាផ្តល់​​សេចក្តី​​ទុក​​ចិត្តបានជាង១ខែ ក្នុងតួនាទីកំពូលមួយនេះ មិ​ន​ហ៊ា​​ន​​អាកាត់អ្វីច្រើនឡើយ ដោយត្រូ​វរង់ចាំកា​​រស​​ម្រេច​​ចិត្ត​ពី​​ឱពុករបស់លោកជាមុនសិន ក៏អាចថាបាន។

ជាងនេះទៀត ប្រសិនបើការគូសវៀសរបស់លោក ហ៊ុន សែន បានដូចការ​គ្រោងទុកមែន។ដូច្នេះ សិទ្ធិអំណាចក្នុង​​មុខ​​តំ​​ណែងជាប្រធានព្រឹទ្ធសភានេះ ប្រហែលជាអាចមានឥទ្ធិពលជា​​ងមុន។ ថ្វីត្បិតតួនាទីនៅក្នុង​​ប្រអប់នៃព្រឹ​​ទ្ធ​​ស​ភា​​​​​នេះ​ មិនមែនដូចក្របខណ្ឌនគរបាល ឬក្របខណ្ឌយោធា និងនាយករដ្ឋមន្រ្តីមែន ក៏សិទ្ធិសម្រេចដក និងដាក់ន​រ​​ណា​​ម្នាក់ ប្រហែ​​លជា​អាចនៅតែ​មាន​​អំ​​ណា​​ច​​​ខ្ពស់​​ស្មើ​ភ្នំដូចមុន​​។​​សិ​ទ្ធិ​​​អំណាចដែលលោក ហ៊ុន សែន នឹងទទួ​ល​បា​​នបន្ថែមទៀតនេះ នៅ​​មិនទាន់​គិត​ដល់​​​លោ​កជា​​មេទ័ពកំពូ​​ល​ និ​ង​​​​ជា​​ប្រធានគណបក្សគណប​ក្សកាន់អំណា​​ច​​ផ្សេ​​​​​ងទៀ​តនៅឡើយ​​ផ​ង​​​។

តាមពិតទៅ នៅចំពោះមុខនេះ គេសង្កេតឃើញថា លោក ហ៊ុន សែន បានចាក​ចេញត្រឹមមុខ​​ដំណែ​​ងខ្ព​ស់​បំផុ​ត​​​នៅ​​​ក្នុងគណៈ​រដ្ឋ​ម​​ន្រ្តី​​​​ទេ ប៉ុ​​ន្តែ​​ប្រអប់ដទៃៗទៀត គឺអតីតនាយករដ្ឋមន្រ្តីរូបនេះ នៅតែមា​នអំណា​ចពេ​​ញ​​ដៃ​​​នៅ​​ឡើ​​យ​។ក្នុ​​ង​​​ជួ​រគណ​បក្ស​​​​​កា​ន់​អំ​​​​​ណាច លោក ហ៊ុន សែន គឺជាប្រធានគណបក្ស។ដូច្នេះ ក្នុងឋា​នៈប្រ​​ធាន​ប​ក្ស ប្រហែ​​ល​​​មានសិ​ទ្ធិគ្រ​ប់​គ្រា​​ន់ ក្នុង​​កា​​​រ​ចា​ត់​ចែង​ដក ឬ​​ដាក់បក្សជនណាម្នាក់ អាស្រ័យលើលោក ហ៊ុន សែន ជា​​អ្នកសម្រេ​​ចច្រើន​​ជាង​​។

ជារួម រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ បានធានាសិទ្ធិ​ជាមូលដ្ឋានរបស់ពលរដ្ឋ ទាំងសេដ្ឋកិច្ច និង​​នយោ​​បាយយ៉ាងច្បាស់។ជាងនេះទៀត បញ្ញត្តិមាត្រា៨០ នៃរដ្ឋធម្មនុញ្ញ មានការធានាដល់បុព្វសិទ្ធិជាពិសេស​​រប​​ស់​​​អ្នក​​តំ​​ណា​​ងរាស្រ្តថែ​មទៀ​​តដែ​​លបិ​ទ​ផ្លូ​​វ​មិន​​ឱ្យ​​អ្ន​ក​​​​ណា​​​​ប៉ះពា​ល់បា​ន នៅក្នុងតួនាទីជាអ្នកតំ​​ណាងរាស្រ្ត​​​។ ក៏ប៉ុន្តែសិ​ទ្ធិ​ពិ​​​សេ​​​សទាំងនេះ ត្រូវបានភ្ជាប់ដោ​យកា​ត​ព្វកិ​ច្ចច្បា​​​​ប់ដោយឡែកមួយផ្សេងទៀតទៅវិញគឺច្បាប់ស្តីពីការបោះឆ្នោត​ជ្រើ​​​​ស​​​​​តាំងតំណាងរាស្រ្ត។​នៅក្នុងបញ្ញត្តិ​​មាត្រា១​៣​​៩​ នៃច្បាប់នេះ បានកំណត់យ៉ាងច្បាប់ពីការ​​បាត់បង់សមាជិ​​ក​​​ភា​​​ព​ជាអ្នកតំណាងរាស្រ្តប្រសិនបើសាមី​ខ្លួនបា​ត់​​ប​​ង់សមាជិក​ភាពពីគណបក្ស​នយោបាយរប​ស់ខ្លួន។ក្នុង​ន័យ​​នេះ​​​​​ហើ​យ ដែលផ្តល់សិទ្ធិសម្រេ​ចយ៉ាងធំ​ដ​​ល់​​​​ប្រធានបក្ស។

ជា​យុ​ទ្ធសាស្រ្ត ទំនងស្ថិតក្រោមហេតុផលនេះហើយ បានជាមន្រ្តី​​ដែ​ល​​ប​​ម្រើ​​កា​​រនៅតាមមន្ទីរ ក្រសួង និងស្ថា​​ប័​ន​​ផ្សេងទៀតដែលចំណុះឱ្យរដ្ឋាភិបាល តម្រូវឱ្យ​​​​ចូលជា​​ស​មា​​​ជិកបក្ស។នៅពេលចូលជាសមាជិកបក្សហើយ ពួកគេ​ត្រូ​​វ​​​មា​​​នតួនាទី និងកាតព្វកិ​ច្ច​ចុះ​​ពង្រឹ​​ង​​គ​​ណ​បក្សនៅតាមមណ្ឌល ឬភូមិ​​ភា​គ​​​​ដែល​​​​ចាត់តាំង​ដោយមជ្ឈឹមបក្ស ឬម​ន្ទី​រ​​ប​ក្ស​។

ស្ថិតក្រោមហេតុផលនេះហើយ អ្នកវិភាគនយោបាយយល់ឃើញថា ទំនងជាលោក ហ៊ុន សែន អាចនឹងមា​​ន​​សិ​ទ្ធិ​អំ​​ណា​​ចចាត់​ចែ​ង​​កា​រងារតូចធំ បានល្អជាងលោកនៅក្នុងតួនាទីខ្ពស់បំផុតនៃគណៈរដ្ឋមន្រ្តីផងក៏ថាបានដែរ ប្រ​​សិ​ន​​បើលោកក្លា​យ​​ជា​​ប្រ​ធា​​ន​​ព្រឹ​ទ្ធ​សភាមែន។

អ្នកជំនាញផ្នែកទស្សនៈវិជ្ជា និងភូមិសាស្រ្តនយោបាយ លោក រ៉ូ វណ្ណៈ​ យល់ឃើញថា តួនាទីប្រធានព្រឹទ្ធសភា ជា​​ទី​​​តាំងយុត្តិសា​​ស្ត្រ​​មួយ​​នៃ​​​កា​រ​ប្រើ​​ប្រាស់អំណាច និងតួនាទីប្រមុខរដ្ឋស្តីទីពេល​ព្រះមហាក្សត្រ​អវត្តមាន ប្រ​​ធានព្រឹ​ទ្ធ​​​សភា​អាចអនុវត្តកិច្ច​កា​រ​មួ​យ​ចំនួ​នជំនួសព្រះមហាក្សត្រ ដែល​ជា​ហេតុ​បង្ហាញ​ឱ្យ​ឃើញ​ថា​ល្បែង​នយោបាយ​អំ​​ណា​​ច​អនុវត្ត​តាម​វិធាន​រដ្ឋធ​ម្ម​នុញ្ញ និងច្បាប់។លោកបន្តថាអំណាចរបស់ស្ថាប័ន​ព្រឹទ្ធសភានេះ​អាច​កើន​ឡើងជាង​​​មុន នៅពេលដែលលោក ហ៊ុន សែន ជា​ប្រធា​នព្រឹ​ទ្ធសភា ព្រោះលោកជាប្រធានគណបក្សកាន់អំណាចផង និង​​មា​នតួនាទីកំពូលនៅក្នុងស្ថាប័នយោធាផង។

 លោកបន្តថា៖ «ប្រធាន​​គណបក្ស​កាន់​អំណាច​មានសិទ្ធិទូលំទូលាយណាស់​នៅក្នុង​ការ​ចាត់ចែង​សមាជិកភាព​រប​ស់​​គណបក្ស […]​ ច្បាប់​បោះឆ្នោ​ត ​ច្បា​ប់គណបក្សន​យោបាយ មាន​លទ្ធភាព​ឱ្យប្រធាន​គណបក្ស​នយោបាយ​មាន​ឥទ្ធិពល​ទៅ​លើ​តំណាងរាស្ត្រ នា​​យ​​ករដ្ឋមន្ត្រីក៏ជាតំណាងរាស្ត្រ »

សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ លោក ឯម សុវណ្ណរ៉ា ក៏យល់ស្របដែរថា ដោយសារ លោក ​ហ៊ុន សែន ធ្លាប់ជានាយករដ្ឋមន្រ្តី ហេតុនេះចង់ ឬមិនចង់អាចនឹងមាន​​សក្តា​នុ​​​ព​លដែលអាចនាំឱ្យព្រឹទ្ធសភា​​មានឥទ្ធិ​​ព​​ល និង​​​ប្រែ​​​ប្រួលជាងលោក សាយ ឈុំ កាន់កាប់​​ដែរ​​។ប៉ុន្តែ អំណាចនេះវានឹងមិនជួយឱ្យលោក ហ៊ុន សែន ធ្វើអ្វីបាន​​ទាំង​​អស់​​ទេ។

បើតាមលោក ឯម សុវណ្ណរ៉ា មើលឃើញថា រាល់សេចក្តីស្នើនៃសេចក្តីព្រាងច្បាប់ ភាពចាំបាច់នៅតែស្ថិត​​នៅ​​​​លើ​​ដៃ​រដ្ឋសភាដដែលទេ។ជានីតិវិធី ក្នុងរយៈពេល ៣០ថ្ងៃក្រោយ បើទោះជាព្រឹទ្ធសភាអនុម័ត ឬមិនអនុម័ត​​​លើ​​​សេ​ចក្តី​​ស្នើ​​ច្បាប់ណាមួយនោះ ក៏សេចក្តីស្នើនោះត្រូវចូលជាធរមានដែរ។ម្យ៉ាងវិញទៀត ភាពឯរាជ្យនៃតួនាទី​​ព្រឹទ្ធសភា​​នេះ​ វានៅដើរមិនទាន់ដល់ស្តង់ដារ ដូចអ្វីដែលកម្ពុជាបានកំណត់ថា ត្រូវតែឈរលើម្ចាស់​​ការរៀងៗខ្លួន​​នៅឡើ​យ​ដែ​​រ។

​លោកបន្តថា៖ «ទោះបីជាអតីតនាយករដ្ឋមន្ត្រី មាន​ឥទ្ធិពល​ឡើង​ទៅ​កាន់​ប្រធាន​ព្រឹទ្ធសភា ហើយ​អាច​​មា​​ន​​ឥទ្ធិ​​ព​ល​ខ្លះ តែមិនអាចជួយឱ្យស្ថាប័ននីតិបញត្តិ ឬ​ព្រឹទ្ធសភា​​ទៅជា​ឯករាជ្យ ដូចលោខា​​​​ងលិចទេ »

អ្នកជំនាញផ្នែកច្បាប់ និងវិទ្យាសាស្រ្តនយោបាយដែរ លោ​​ក កែវ ពន្លឺចន្ទ ហាក់យល់ឃើញផ្ទុយពីនេះបន្តិច ដោ​​យ​​លោក​​ចាត់ទុកថា តាមពិតទៅបើទោះជាលោក ហ៊ុន សែន ទៅគ្រប់គ្រងកៅអីនេះជំនួសលោក សាយ ឈុំ នៅក្រោ​​យ​​ការបោះឆ្នោត នាខែកុម្ភៈក្តី ក៏ទំ​​ន​​ង​​ជាមិនមានការប្រែប្រួលអ្វីធំដុំប៉ុន្មានទេ។អ្នកជំនាញផ្នែកច្បាប់រូបនេះ យ​​ល់​​​​ឃើ​​ញថា ជារួមព្រឹទ្ធសភានេះ ដើមឡើយ​​វាគ្រាន់តែជាកន្លែ​​ងនៅក្នុងការចែ​កអំណាចគ្នារវា​​ងបក្សនយោ​បាយ​​ពី​រ គឺ​គ​​ណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច និងគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ។

លោកបន្តថា៖«មិន​មាន​អ្វី​ប្រែប្រួល​ មិនមានអ្វីប្រឈមខ្លាំង មិនមានអ្វីធ្វើឱ្យមានវិបត្តិខ្លាំងទេ »

យ៉ាងនេះក្តីសម្រាប់លោក ហ៊ុន សែន វិញ បានសន្យាថាបើទោះជាអំណាចនៅក្នុងដៃរ​​បស់លោកក្តី តែលោកនឹ​ង​​មិ​​ន​​​​ជ្រៀ​​ត​ជ្រែកលើកិច្ចការរបស់រដ្ឋាភិបាល ឬនាយករដ្ឋមន្រ្តីឡើយ។បើតាមលោក ហ៊ុន សែន អំណាចត្រូវបាន​​បែង​​​ចែ​ក​​ដា​​ច់ស្រឡះពីគ្នារួចទៅហើយរវាងនីតិបញ្ញត្តិ ប្រតិបត្តិ និងការងាររបស់គណបក្សប្រជាជនកម្ពុជា។ក្រៅពីនេះ លោ​ក ​ហ៊ុន សែន ថែមទាំងបានអះអាងទៀតថា ប្រសិនបើលោកស្ថិតក្នុងតួនាទីជាប្រមុខរដ្ឋស្តីទី ក្រោយអង្គុយ​លើ​​​​កៅ​អី​​​​ជាប្រធានព្រឹទ្ធសភា នោះលោកនឹងរួមចំណែកធានាជួយដល់សន្តិសុខជាតិ និងស្ថេរភាពនយោបាយ ឱ្យ​​ដំណើ​រការទៅជាប្រក្រតី។

បើទោះជាលោក ហ៊ុន សែន បានប្រកាសពីភាពស្អាតស្អំ ក្រោយចូលកាន់តំណែងក្នុងនាមជាប្រធាន​​ព្រឹទ្ធភាព​​​ក៏​ដោ​​​យ​​ចុះ បើគេពិនិត្យទៅលើមាត្រាច្បាប់វិញ នៅតែបើកផ្លូវឱ្យប្រធានព្រឹទ្ធសភា មានអំណាចខ្ពស់កប់ពពក ក្នុង​​កា​​រ​​អា​កាត់ការងារតូចធំបានដដែលទេ។

នៅក្នុងបញ្ញត្តិមាត្រា ១១ថ្មី នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលបានកំណត់ពីតួនាទី និងភារកិច្ចរបស់​​ប្រធានព្រឹទ្ធ​​ស​ភា​​​។ខ្លឹមសារ នៃច្បាប់នេះក្រៅពីធ្វើការងារក្នុងនាមប្រធានព្រឹទ្ធសភាហើយ មាត្រានៃច្បាប់នេះ ក៏​ជួយឱ្យប្រធា​ន​​ព្រឹ​ទ្ធ​​​​សភា អាចបំពេញភារកិច្ចជំនួសព្រះមហាក្សត្រ ក្នុងពេលដែល​​ទ្រង់​​មិន​​អាចបំពេញព្រះរាជកិច្ចបាន ដូចជាទ្រង់​ប្រ​​ឈួ​​ន មានព្រះរាជកិច្ចនៅក្រៅប្រទេស ហើយប្រធានព្រឹទ្ធសភាក៏អាចដើរតួជាប្រមុខរដ្ឋស្តីទី ដែលអាចប្រកាស​​ឱ្យ​ប្រើច្បាប់ ព្រះរាជក្រឹត្យ និងអនុវត្តភារកិច្ចផ្សេងទៀត ជំនួសព្រះមហាក្សត្រថែមទៀត។

ដូច្នេះ បញ្ញត្តិមាត្រានេះ ទំនងជាអាចបើកផ្លូវឱ្យលោក ហ៊ុន សែន មានអនុភាពខ្ពស់ជាងមុន ក្នុងការចាត់ចែង​​​កិច្ច​កា​ររដ្ឋ បើ​​ទោះ​​ជាលោកមិនមែនជានាយករដ្ឋមន្រ្តីដូចមុនក៏ដោយ។ក្នុងន័យនេះ ថ្វីបើតួនាទី​​ប្រធានព្រឹ​​ទ្ធស​​ភា មើ​ល​​​ទៅ​​ហា​ក់​​​មិនមានអំណាច ឬឥទ្ធិពលអ្វីក៏ពិតមែន ប៉ុន្តែតាមរយៈនីតិវិធី និងគោលការណ៍ច្បាប់នេះ ហាក់​​ដូ​​ច​ជា​ជួ​​​យ​​ឱ្យ​​​​លោក ហ៊ុន សែន មានវិសាលភាពក្នុងនាមជាមេដឹកនាំជាន់ខ្ពស់ ហើយអាចមានប្រៀប​ទាំងខាង​​យុទ្ធសា​ស្រ្ត ​និ​ង​​នយោបាយ មិនខុសអ្វីពីព្រះនា​​រាយណ៍​​ដៃ​​ប្រាំ​​​​បីដូ​​ច្នោះ​​​ដែរ៕