អង្គការ Save the children Cambodia បានរៀបចំទិវាសុវត្ថិភាពអ៊ីនធើណេតកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីបង្កើនការយល់ដឹងអំពីអ៊ីនធើណែតដែលមានសុវត្ថិភាព និងប្រសើរជាងមុនសម្រាប់ទាំងអស់គ្នា ជាពិសេសសម្រាប់កុមារ និងយុវជន។
លោក ហុង រស្មី នាយកប្រតិបត្តិ នៃអង្គការ Save the Children ប្រចាំប្រទេសកម្ពុជាបានឱ្យដឹងថាទិវាសុវត្ថិភាពអ៊ីនធឺណិតនេះ គឺត្រូវរៀបចំនៅខែកុម្ភៈជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ការយល់ដឹង និងការប្រើប្រាស់អំពីឌីជីថល សម្រាប់កុមា រនិងយុវជន និងដើម្បីពួកគេចាប់ផ្ដើមជជែកគ្នាអំពីទំនួលខុសត្រូវ នៃប្រព័ន្ធបច្ចេកវិជ្ជា ការទទួលខុសត្រូវក្នុងសង្គម រួមទាំងទទួលខុសត្រូវផ្នែកសីលធម៌។
ប្រភពបន្តថាប្រធានបទសម្រាប់ឆ្នាំនេះ គឺផ្តោតទៅលើការជំរុញឱ្យមានការផ្លាស់ប្តូរ ការគ្រប់គ្រងទៅលើឥទ្ធិពល និងការផ្លាស់ប្ដូរជាវិជ្ជមានទៅលើផ្នែកអនឡាញ។
លោកលើកឡើងថា៖ «ទិវានេះយើងចាប់ផ្ដើមធ្វើ មែនទែនវាជាកម្មវិធីតូចមួយនៅក្នុងប្រទេសនៅក្នុងអឺរ៉ុបតាំងពីឆ្នាំ២០០៤ តែក្រោយមក ឆ្នាំ២០០៩ ត្រូវបានរៀបចំឱ្យធំឡើង ហើយចាប់ផ្ដើមប្រើប្រាស់ឈ្មោះថាទិវាសុវត្ថិភាពអ៊ីនធឺណិតនឹងឯង រហូតដល់បច្ចុប្បន្នមានការប្រារព្ធពិធីនេះនៅច្រើនជាង១៩០ ប្រទេសទូទាំងពិភពលោកយើងនេះ»។
បើតាម ហុង រស្មី ក្នុងនាមជាអ្នកដឹកនាំពិភពលោកក្នុងការការពារកុមារ និងការចូលរួមរបស់កុមារ អង្គការ Save the Children ប្តេជ្ញាធ្វើការជាមួយ និងសម្រាប់កុមារ ដើម្បីធានាថា ពួកគេមានសុវត្ថិភាពទាំងនៅលើអ៊ីនធើណែត និងនៅខាងក្រៅ។លើសពីនេះទៀត បច្ចេកវិទ្យាឌីជីថលថ្មី កំពុងវិវឌ្ឍឥតឈប់ឈរ និងជះឥទ្ធិពលដល់របៀបដែលកុមាររៀន លេង ទំនាក់ទំនង និងទទួលបានព័ត៌មាន។ ទោះជាយ៉ាងណាក៏ដោយ ការចូលប្រើក្នុងលំហរឌីជីថលកាន់តែច្រើន អាចបង្កើនហានិភ័យរបស់កុមារដែលងាយនឹងជួបប្រទះគ្រោះថ្នាក់ក៏កាន់តែច្រើនដែរ។
ប្រភពដដែលបន្តថា ជាលទ្ធផលអំពីការសិក្សាក្នុងឆ្នាំ២០២៣ ដែលមានកុមារបានចូលរួមជាង៥រយនាក់(៥៦៧)មានអាយុពី៩ ទៅដល់១៦ ឆ្នាំ មកពីប្រទេសផ្សេងៗគ្នាដូចជាប្រទេសអូស្ត្រាលី កម្ពុជា ប្រទេសហ្វាំងឡង់ ប្រទេសហ្វីលីពីន កេនយ៉ា សៅអាហ្វិកខា និងប្រទេសកូឡុំប៊ី ទាក់ទងការយល់ដឹងរបស់កុមារអំពីសុវត្តិភាពប្រព័ន្ធអ៊ីនធើណេត។
លោកបន្តថា៖ «យើងរកឃើញថា នៅប្រទេសអភិវឌ្ឍន៍កុមារយល់ដឹង និងចេះការពារខ្លួន ពីសុវត្តិភាពអ៊ីធើណេត បានច្រើនជាងកុមារនៅប្រទេសមានចំណូលទាបពីរដង ច្រើនជាងពីរដងគាត់ ចេះset privacy sitting ដើម្បីការពារខ្លួនគាត់ដើម្បីកុំឲ្យអ្នកណាដែលគាត់ចង់ទាក់ទងជាមួយនឹងអាចរកគាត់ឃើញអ៊ីចឹងទៅ ប៉ុន្តែនៅកម្ពុជានេះអត់មានលទ្ធភាពដល់អ៊ីចឹងទេ »។
របាយការណ៍ដែលចេញដោយ អង្គការ Save the children Cambodia បង្ហាញថា កុមារច្រើនជាងពាក់កណ្តាលពេលដែលមានបញ្ហា ភាគច្រើនកុមារយកទៅនិយាយជាមួយឱពុកម្តាយរបស់ពួកគេ។ដោយឡែកមាន កុមារ១០ភាគរយ បានយករឿងនេះទៅពិភាក្សាជាមួយប៉ូលិស និងគ្រូរបស់ពួកគេ។ប្រភពបន្តថាដើម្បីលើកកម្ពស់សុវត្ថិភាពអ៊ីនធឺណិតសម្រាប់កុមារ គឺត្រូវធ្វើការជាមួយអ្នកថែទាំកុមារ មាតាបិតារបស់កុមារ និងគ្រូបង្រៀនជាដើម។
លោក អ៊ឹម សុធី នាយកប្រតិបត្តិ នៃក្រុមប្រឹក្សាយុវជនកម្ពុជា(វ៉ាយស៊ីស៊ី) មានប្រសាសន៍ថា ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា អាចជះផលវិជ្ជមាន និងអវិជ្ជមាន ដូចនេះអ្នកប្រើប្រាស់ត្រូវមានការប្រុងប្រយ័ត្ន ជាពិសេសយុវវ័យ និងកុមារ ដែលយល់អំពីក្រមសីលធម៌ និងសុវត្ថិភាពផ្នែកប្រព័ន្ធឌីជីថលឱ្យបានច្រើន។
លោកបន្ថែមថា៖ «ខ្ញុំគិតថា បើយើងបានពង្រឹងគាត់អំពីប្រព័ន្ធបច្ចេកវិទ្យា និងក្រមសីលធម៌ក្នុងការប្រើប្រាស់នោះវាសំខាន់ណាស់ តែបើអត់មានមេរៀនសម្រាប់កុមារ និងយុវជនទេ គ្រាន់តែញាំការក៏បង្ហោះ ថតរូបស៊ិកស៊ីក៏បង្ហោះ ហើយព័ត៌មានមិនច្បាស់ក៏គាត់ចែកចាយ នេះជារឿងមិនល្អសម្រាប់គាត់ អ្វីដែលល្អគឺយើងចង់ឱ្យមានមេរៀនច្បាស់លាស់ឱ្យយុវជនបានរៀនយល់ អំពីបច្ចេកវិជ្ជាហ្នឹង ព្រោះថាបច្ចេកវិជ្ជា មានសារៈសំខាន់ណាស់សម្រាប់កុមារ ឬក៏យុវជនក្នុងការប្រើប្រាស់ ជាពិសេសកម្ពុជាមិនទាន់ជឿនលឿនដូចគេទេ ចំពោះបច្ចេកវិទ្យានេះ »។
អង្គការ យូនីសេហ្វកម្ពុជា(UNICEF) ចេញផ្សាយរបាយការណ៍របស់ខ្លួនកាលពីឆ្នាំ២០១៩ ដោយរកឃើញថា ក្នុងចំណោមមនុស្ស៣នាក់ នៃអ្នកប្រើប្រាស់អ៊ីនធើណេតនៅលើពិភព មានម្នាក់ហើយគឺជាកុមារ។នៅក្នុងឆ្នាំដដែលនេះដែរ យូនីសេហ្វ ក៏រកឃើញដែរអំពីការប្រកាសឲ្យដឹងជាមុនអំពីគ្រោះថ្នាក់ដែលបង្កឡើងដោយអំពើហិង្សា ការរករឿងឈ្លោះគ្នា និងការបៀតបៀនតាមប្រព័ន្ធអ៊ិនធឺណេត។យុវជនប្រមាណ៨៥,៧ ភាគរយ ដែលមានអាយុចាប់ពី១៥ ទៅ ២៥ឆ្នាំ កំពុងប្រើប្រាស់អ៊ីនធឺណេតនៅកម្ពុជា។
លោកវេជ្ជបណ្ឌិត វៀល ផាក (Will Parks) តំណាងអង្គការ យូនីសេហ្វ ប្រចាំកម្ពុជាត្រូវបានគេហទំព័រនៃអង្គការអន្តរជាតិមួយនេះយកមកចុះផ្សាយ នៅក្នុងឆ្នាំ២០២៣ លើកឡើងថាកុមារចំណាយពេលច្រើនលើអ៊ីនធឺណិតជាងពេលមុនៗ។ប្រភពបន្តថាការគំរាមកំហែងតាមអ៊ីនធឺណិត និងទម្រង់ផ្សេងទៀតនៃអំពើហឹង្សាអាចប៉ះពាល់ដល់កុមារគ្រប់ពេលដែលពួកគេចូលប្រើប្រាស់នៅលើបណ្តាញសង្គម ឬវេទិកាផ្ញើសារភ្លាមៗ។លើសពីនេះទៀត ការព្រួយបារម្ភក្នុងកម្រិតមួយដែលខ្ពស់គឺការគំរាមកំហែងនៃការកេងប្រវ័ញ្ចផ្លូវភេទ និងការរំលោភបំពានលើអ៊ីនធឺណិត។
គេហទំព័រដដែលបន្ថែមថា ការរកឃើញថ្មីៗពីរបាយការណ៍ “Cambodia Disrupting Harm” ជាសកលរបស់អង្គការយូនីសេហ្វ បានបញ្ជាក់ពីនិន្នាការនេះ ដោយរកឃើញថាកម្ពុជាម្នាក់ក្នុងចំណោម១០ នាក់ដែលមានអាយុពី១២ទៅ១៧ ឆ្នាំ ជួបប្រទះនឹងទម្រង់នៃការកេងប្រវ័ញ្ចផ្លូវភេទ ឬការរំលោភបំពានលើអ៊ីនធឺណិត។
អ្នកនាំពាក្យ និងអនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ លោក អ៊ីវ វាសនា និយាយថាការប្រើប្រាស់លើប្រព័ន្ធអ៊ីនធើណេតមិនមានដែនកំណត់នោះទេ។លោកបន្តថា វេបសាយមួយចំនួនមានការកំណត់អាយុនៅក្នុងការប្រើប្រាស់ និងលំហរ អ៊ីនធើណេតមានលក្ខណៈទូលំទូលាយ ហើយប្រសិនបើក្មេងៗ ចុចទៅលើមាតិកាដែលមិនសមទៅលើអាយុនៃការប្រើប្រាស់នោះវានឹងបង្កទៅជាមានផលប៉ះពាល់។ប្រភពដដែលបន្តថាប្រព័ន្ធបណ្តាញសង្គមមិនសាកសមសម្រាប់កុមារប្រើប្រាស់នោះទេ។
លោកថ្លែងថា៖ « ពេលដែលកូនគាត់ប្រើប្រាស់បណ្តាញអ៊ីនធើណេតគួរតែនៅជិតឪពុកម្តាយ ហើយឪពុកម្តាយគួរតែសង្កេតជាប្រចាំថាតើគាត់ប្រើប្រាស់ទៅលើមាតិកាអ្វី គាត់ប្រើប្រាស់ទៅលើកម្មវិធីអ្វី? ជាពិសេសប្រព័ន្ធ Social Media (បណ្តាញសង្គម) គឺមិនគួរឱ្យក្មេងគាត់ប្រើប្រាស់ទេ ដោយសារតែគាត់មានការទំនាក់ទំនងទៅលើមនុស្សមិនស្គាល់ ឬក៏ផ្ញើរូបភាព ឬខ្លឹមសារវិដេអូណាមួយវាអាចផ្តល់ហានិភ័យទៅដល់កុមារ »។
យ៉ាងនេះក្តី សម្រាប់អង្គការ យូនីសេហ្វ ប្រចាំនៅកម្ពុជា យល់ឃើញថា ការបៀតបៀនតាមប្រព័ន្ធអ៊ិនធឺណេត អាចបង្កឱ្យមានការឈឺចាប់ធ្ងន់ធ្ងរ ហើយវាអាចកើតលើមនុស្សជាច្រើននាក់។ជាងនេះទៀត សកម្មភាព និងព័ត៌មានបៀតបៀនទាំងនោះនៅតែមានវត្តមាននៅលើប្រព័ន្ធអនឡាញដោយគ្មានពេលកំណត់ ពោលគឺវា «នៅតែតាមធ្វើបាប» ជនរងគ្រោះតាមប្រព័ន្ធអនឡាញពេញមួយជីវិត។
មិនតែប៉ុណ្ណោះ យូនីសេហ្វ ក៏រកឃើញដែរថា ការរករឿងឈ្លោះនៅខាងក្រៅ និងការបៀតបៀនតាមប្រព័ន្ធអ៊ិនធឺណេត គឺជាសកម្មភាពអាក្រក់ពីរដែលអាចជួយបំពេញឱ្យគ្នាទៅវិញទៅមក ហើយបង្កើតបានជាឥរិយាបថបង្កការឈឺចាប់ និងខូចខាតតគ្នាពីមួយទៅមួយមិនចេះចប់។បន្ថែមពីលើនេះ ជនរងគ្រោះដោយសារបៀតបៀនតាមប្រព័ន្ធអ៊ិនធឺណេត អាចរងផលប៉ះពាល់ដោយទំនងជាឈានទៅប្រើប្រាស់គឿងស្រវឹង គ្រឿងញៀន និងគេចមិនចូលរៀនជាងសិស្សដទៃទៀត៕