មុខរបរសត្វលក់ចាប អាចចិញ្ចឹមជីវិត និងទ្រទ្រង់គ្រួសារបានពីមួយថ្ងៃទៅមួយថ្ងៃ។ លោក គង់ សុខគា ជាអ្នកប្រកបរបរលក់ចាបនៅបរិវេណវត្តមហាមន្ត្រី សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ លោកចាប់ផ្ដើមប្រកបមុខរបរនេះតាំងពីរូបលោកនៅក្មេងមកម្ល៉េះ។ លោកទិញចាប ពីឈ្មួញដែលយកចាបមកពីខេត្ត។ រៀងរាល់ថ្ងៃ ក្រៅពីលក់នៅតាមវត្ត លោកក៏ដើរលក់នៅតាមផ្ទះផងដែរ។ ថ្ងៃដែលលោកលក់សត្វចាបដាច់ជាងគេគឺនៅថ្ងៃសីល ដោយសារមានការ «លែងសត្វ» ដើម្បីបន់ស្រន់សុំសេចក្តីសុខ និងរំដោះគ្រោះចង្រៃជាដើម។




