លោក ពេញ ពេជ្រ អាយុ ២៣ ឆ្នាំ ជាអ្នកចាក់ពុម្ពរូបសម្រាប់ដាក់តាំងលម្អផ្ទះ និងសន្សំលុយ នៅសង្កាត់ បឹងកក់២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។ រូបពុម្ពទាំងនោះមានដូចជារូបជ្រូក រូបគោ រូបសេះ រូបចៀម រូបត្រប់ រូបដំរី និងរូបផ្សេងៗទៀត។ លោក ពេញ ពេជ្រ ស្រុកកំណើតនៅខេត្តតាកែវ និងបានប្រកបរបរជាអ្នកចាក់ពុម្ពរូបនេះអស់រយៈពេលជិត៤ឆ្នាំមកហើយ។ ជារៀងរាល់ថ្ងៃលោកចាប់ផ្ដើមការចាក់តាំងពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៥ល្ងាច។ លោកអាចចាក់បានចំនួន៥០រូប និងលក់បានពី២០ទៅ៣០រូបក្នុងមួយថ្ងៃ។ ប៉ុន្ដែថ្ងៃខ្លះលោកលក់មិនដាច់សូម្បីតែមួយ។ សម្រាប់តម្លៃវិញ រូបតូចចាប់ពី៥,០០០រៀលឡើង និង រូបធំមានតម្លៃចន្លោះពី ៦០,០០០រៀល ទៅ ៧០,០០០រៀល។ ពេលខ្លះ លោកក៏មានឈ្មួញមកពីខេត្តសៀមរាប និងបាត់ដំបង មកទិញរូបដែលលោកចាប់ពុម្ពរួចយកទៅលក់បន្តផងដែរ។

រូបដែលបានចាក់ពុម្ពរួចយកទៅហាលថ្ងៃឲ្យស្ងួត ខែសីហា ២០២៤។ (រូបភាព៖ ស្អាត បុទុំម៉ា)



