លោកស្រី គង់ ងាត់ វ័យ៧០ឆ្នាំ ចាប់ផ្តើមរៀនត្បាញតាំងតែពីអាយុ១២ឆ្នាំមកម្ល៉េះ ដោយសារលោកស្រីធំធាត់ឡើងក្នុងគ្រួសារតម្បាញ។ ដើមឡើយលោកស្រីគ្រាន់តែជួយត្បាញ ក្រោយសម្រាកពីការសិក្សាប៉ុណ្ណោះ ក្រោយមកទើបលោកស្រីចាប់យកអាជីពនេះបន្តពីគ្រួសារ ដែលមានទីតាំងនៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ រយៈពេល ៥៨ឆ្នាំកន្លងមកនេះ លោកស្រីធ្លាប់ត្បាញក្រម៉ា សឹង និងសូត្រ ប៉ុន្តែបច្ចុប្បន្នលោកស្រីត្បាញតែសឹងខ្មែរតែប៉ុណ្ណោះ ដើម្បីតម្រូវតាមទីផ្សារ។ លោកស្រីត្បាញសឹងខ្មែរជារៀងរាល់ថ្ងៃ ហើយក្នុងមួយសំពត់សឹងលោកស្រីត្រូវចំណាយពេលត្បាញ៣ថ្ងៃ។ សឹងខ្មែរដែលលោកស្រីត្បាញមានរូបគោមច្រើនប្រភេទ ដូចជាដំរី មេអំបៅ និងក្ងោកជាដើម។ មួយសំពត់លោកស្រីលក់បានតម្លៃពី ៨ម៉ឺនរៀល ទៅ៩ម៉ឺនរៀល។ ក្រោយពេលត្បាញរួច ឈ្មួញមកយកទៅលក់បន្តនៅទីក្រុងភ្នំពេញ។





