រៀងរាល់ព្រឹកម៉ោង៩ លោក ខាត់ សុខទី វ័យ៤២ឆ្នាំ និងភរិយាតែងតែមករៀបចំលក់ខោអាវជជុះនៅក្រោមឆ័ត្រមួយនៅលើបណ្តោយចិញ្ចើមផ្លូវក្បែររបងវិទ្យាល័យ ជាស៊ីមបឹងកេងកង អស់រយៈពេលប្រមាណ២០ឆ្នាំមកហើយ។ លោកបញ្ជាក់ថា ខោអាវជជុះដែលលោកលក់ជាប្រភេទគីបកូរ៉េយកពីផ្សារហេងលីមកលក់បន្ត។ មុខរបរមួយនេះអាចជួយឲ្យគ្រួសារលោក រកប្រាក់កម្រៃបានចន្លោះពី ២០ទៅ៣០ ម៉ឺនរៀលក្នុងមួយថ្ងៃ ប៉ុន្តែថ្ងៃខ្លះក៏អាចបានតិចជាងនេះ។ លោកបានបន្ថែមថាក្រៅពីលក់ខោអាវជជុះនៅហ្នឹងទីតាំងនេះ លោកមានម៉ូយបោះដុំតាមបណ្តាខេត្តនានា។ ចំពោះខោអាវជជុះលក់មិនដាច់ គាត់ចែកទៅអ្នកជិតខាងសម្រាប់ប្រើប្រាស់ ហើយអាវខ្លះក៏ធ្វើជាក្រណាត់ជូត ហើយពេលខ្លះទៀត ក៏មានម៉ូយដែលតែងតែមកយកប្រភេទក្រណាត់នោះ ៣០០០ទៅ៤០០០ ក្រណាត់រៀងរាល់សប្តាហ៍ប្រើប្រាស់សម្រាប់សិប្បកម្ម។



