សាលាដំបូងរាជធានីភ្នំពេញ បានដាក់វិធានតុលាការចំនួន ៥ចំនុច ទៅលើ លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ដូចជាតម្រូវឱ្យមានការអនុញ្ញាតចេញក្រៅប្រទេស ជូនដំណឹងករណីលោកប្ដូរទីលំនៅ និងហាមការជួបជុំជាដើម។
ការដាក់វិធាននេះ ធ្វើឡើងខណៈ លោក រ៉ុង ឈុន បានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ តាមដីកាកោះហៅរបស់ចៅក្រុមស៊ើបសួរ លោក ទិត សុទ្ធីបូរ៉ាឆាត ចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ពាក់ព័ន្ធបទចោទ «ការមិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម» និងបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមបញ្ញតិមាត្រា៨៨ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ បានថ្លែងប្រាប់ក្រុមអ្នកសាព័ត៌មានបន្ទាប់ពីលោកចេញពីសាលាដំបូងរាជធានីភ្នំពេញថា តុលាការបានសាកសួរលោក និងបានប្រជុំគ្នាប្រហែលជិត១ម៉ោង ហើយក៏បានដាក់ចេញនូវវិធានចំនួន ៥ចំនុច ទៅលើរូបលោក។
លោកបានបន្តថា៖ «ទី១ ករណីចេញទៅក្រៅប្រទេស ត្រូវមានការអនុញ្ញាតពីចៅក្រម ទី២ ការផ្លាស់ប្ដូរទីលំនៅត្រូវជូនដំណឹងទៅដល់អាជ្ញាធរ ទី៣ ត្រូវទៅបង្ហាញខ្លួននៅប៉ុស្តិ៍នគរបាលសង្កាត់ រៀងរាល់ខែ នៅសប្ដាហ៍ទី៤ ហើយទី៥ ទាក់ទងទៅនឹងការតម្រូវការតុលាការកោះត្រូវសហការ ហើយចុងក្រោយគឺត្រូវហាមសិទ្ធិក្នុងការធ្វើសកម្មភាព ដូចជា ការជួបជុំសព្វបែបយ៉ាង ហើយនិងមិនផ្ដល់ការអនុញ្ញាតឱ្យខ្ញុំធ្វើការជួបជុំទេ ហើយបើសិនជាខ្ញុំមិនអនុវត្តទៅតាមវិធានទាំងប៉ុន្មាននេះ ពេលហ្នឹងតុលាការនឹងនាំខ្លួនខ្ញុំហើយ»។
ទីប្រឹក្សាគណបក្សកម្លាំងជាតិរូបនេះ បានបញ្ជាក់ពីជំហររបស់លោកថា លោកនឹងមិនគេចវេសឡើយ ដោយនឹងសហការជាមួយតុលាការតាមការកោះហៅនានា។ ជាមួយគ្នានេះ លោកថា ចំពោះបម្រាមទាំង៥ចំណុចដែលតុលាការបានដាក់ចេញនេះ តុលាការមិនបានបញ្ជាក់ថាត្រូវអនុវត្តរយៈពេលប៉ុន្មាននោះទេ។
Newsroom Cambodia មិនអាចសុំការអធិប្បាយពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានទេនៅរសៀលថ្ងៃទី២០ ខែកញ្ញានេះ។
ប្រធានគណបក្សកម្លាំងជាតិ លោក ជា មុនី មានប្រសាសន៍ថា ការដែលតុលាការដាក់វិធានថ្មីមួយចំនួនបន្ថែមលើវិធានចាស់ទៅលើលោក រ៉ុង ឈុន នេះហាក់ដូចជាធ្ងន់ធ្ងរ និងរំលោភសិទ្ធិលោក រ៉ុង ឈុន។
លោកថ្លែងថា៖«ការដាក់វិធានទៅលើគាត់ហ្នឹងដូចជារឹតបន្តឹង។ នៅក្នុងចំណុចទី១ដែលមាន ក ខ ហ្នឹង អាហ្នឹងគឺជាវិធានចាស់ទេ វិធានមិនអនុញ្ញាតឱ្យផ្លាស់ប្ដូរទីលំនៅ វិធានមិនឱ្យធ្វើការចាកចេញទៅក្រៅប្រទេសហ្នឹងអាហ្នឹងជាវិធានចាស់។ ប៉ុន្តែវិធានថ្មីមួយហ្នឹង ខ្ញុំមិនយល់ហេតុអីបានជាការប្រាស្រ័យទាក់ទងចឹងមានន័យថា វាធ្ងន់ធ្ងរពេកហើយណា។ ជាទូទៅ គាត់ចង់ជួបអ្នកណាអ្នកណីគាត់ជួបទៅ គាត់មិនអាចទៅ ម្នាក់គាត់ហ្នឹង មិនអាចទៅមានឥទ្ធិពលធ្វើឱ្យមានការរាំងស្ទះ ធ្វើឱ្យមានចលាចល ចលនាកើតឡើងទេអីទេ អត់មានទេ»។
ជុំវិញករណីនេះ លោក យី សុខសាន្ត មន្រ្តីអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា អាដហុក (ADHOC) យល់ថា ការកោះហៅលោក រ៉ុង ឈុន ចូលបំភ្លឺនៅតុលាការជាថ្មីនេះ ជាការរិតត្បិតសេរីភាព។ លោកបានស្នើឱ្យថ្នាកដឹកនាំ បើកលំហសេរីភាពក្នុងការបញ្ចេញមតិនៅកម្ពុជា ខណៈលោកថាសេរីភាពក្នុងការបញ្ចេញមតិ គឺជាកញ្ចក់ឆ្លុះបញ្ចាំងនៃសកម្មភាពរបស់រដ្ឋាភិបាល។
លោកបន្តថា៖ «ខ្ញុំយល់ថា អ្វីដែលលោក រ៉ុង ឈុន ចូលថ្ងៃនេះគឺគាត់បានបំពេញកាតព្វកិច្ចក្នុងនាមជាពលរដ្ឋ ដែលត្រូវឆ្លើយបំភ្លឺ ប៉ុន្តែតាមការកត់សម្គាល់មួយទៀត គឺអ្វីដែលតុលាការលោក កោះហៅបង្គាប់ឱ្យគាត់ចូលខ្លួនទៅឆ្លើយបំភ្លឺពាក់ព័ន្ធទៅនឹងកាចោទប្រកាន់ពីបទ មិនរាងចាល់ ក៏ដូចជា ការញុះញ៉ង់នេះ វាជាការរិតត្បិតសេរីភាព នៃការបញ្ចេញមតិ សម្រាប់ប្រទេសកម្ពុជាយើង[…] បើសិនជារិតត្បិតគាត់ ក្នុងនាមគាត់ជាអ្នកនយោបាយ គាត់រិតត្បិតប៉ុណ្ណឹងហើយ ចុះទម្រាំពលរដ្ឋសាមញ្ញ តើគាត់ហ៊ាននិយាយដែរឬអត់? ទី២ ប្រទេសកម្ពុជាយើង គឺប្រកាន់របបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដូច្នេះសេរីភាពបញ្ចេញមតិត្រូវតែមាន ចែងក្នុងរដ្ឋធម្មនុញ្ញ។ អញ្ចឹងស្នើសុំទៅដល់រដ្ឋាភិបាល មេត្តាបើកស្ពេស(លំហរ) ដើម្បីស្តារប្រទេសយើងឡើងវិញ កុំឱ្យបរទេសគេដាក់គំនាបមកលើកម្ពុជាយើងនេះ»។
គួរជម្រាបជូនថា កាលពីថ្ងៃ៣១ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ចបានចាប់ខ្លួនលោក រ៉ុង ឈុន ដែលពេលនោះ លោកជាប្រធានសហជីព និងជាសកម្មជនការពារសិទ្ធិការងារ ក្រោយពីលោកបានចុះជួបប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ ហើយបានអត្ថាធិប្បាយទាក់ទងនឹងបញ្ហាព្រំដែនប្រទេសកម្ពុជា-វៀតណាម។
កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោស លោក រ៉ុង ឈុន ដាក់ពន្ធនាគាររយៈពេល ២៤ខែ និងពិន័យជាប្រាក់ ២លានរៀល ពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ សាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បានតម្កល់សេចក្ដីម្រេចសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការ តែលោកត្រូវបានដោះលែងដោយតម្រូវអនុវត្តទោសត្រឹម ១៥ខែ ១១ថ្ងៃ ខណៈទោសដែលនៅសល់ ៨ខែ ១៩ថ្ងៃទៀត ត្រូវបានព្យួរ។ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ តុលាការកំពូលបានសម្រេចតម្កល់ការផ្ដន្ទាទោសរបស់សាលាឧទ្ធរណ៍ភ្នំពេញ តែតុលាការកំពូលបានបញ្ជាក់ថាទោសដែលនៅសល់ត្រូវព្យួរសាកល្បងដោយកំណត់រយៈពេល ៣ឆ្នាំ៕