តំណាងសហជីពការងារ និងកម្មករធ្វើការវេនយប់ សម្តែងការព្រួយបារម្ភពីការបាត់បង់អត្ថប្រយោជន៍ នៅពេលដែលក្រសួងការងារ ធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ដែលកាត់បន្ថយប្រាក់ឈ្នួលវេនយប់ពី ១៣០ភាគរយ មកត្រឹម១០០ភាគរយវិញ។
ក្រសួងការងារ កាលពីម្សិលមិញ បានរៀបចំកិច្ចប្រជុំត្រីភាគី ដើម្បីពិគ្រោះ និងផ្តល់យោបល់ ក្នុងការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ដោយកែសម្រួលបទប្បញ្ញត្តិពាក់ព័ន្ធ រោងចក្រ សហគ្រាស ដែលធ្វើការលើសពី ១វេនប្រចាំថ្ងៃ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បានមានប្រសាសន៍ថា កិច្ចប្រជុំកាលពីម្សិលមិញ មានការចូលរួមពី តំណាងពីរដ្ឋាភិបាល សហជីព និងនិយោកជក។ លោកថា ពួកគេ បានពិភាក្សាអំពី កាត់បន្ថយប្រាក់ឈ្នួល ចំពោះអ្នកធ្វើការវេនយប់ មកស្មើនឹងអ្នកធ្វើការវេនថ្ងៃ កាត់ថ្ងៃឈប់សម្រាកចំថ្ងៃអាទិត្យ និងបញ្ចូលវិវាទបុគ្គល ទៅអាជ្ញាកណ្តាលកាត់ក្តី។
លោក អាត់ ធន់ លើកឡើងថា និយោជកសាទរចំណុចកែប្រែទាំងនេះ ប៉ុន្តែតំណាងសហជីពវិញជំទាស់នឹងការកែប្រែនេះ ដោយពួកគេបារម្ភពីការបាត់បង់ផលប្រយោជន៍របស់កម្មករ។
លោក អាត់ ធន់ មានប្រសាសន៍ថា៖ «ខាងសហជីព អត់យល់ព្រមកាត់បន្ថយ ពី១៣០ភាគរយ មកត្រឹម១០០ភាគរយទេ ដោយសារតែវាបាត់បង់ផលប្រយោជន៍កម្មករ។ តែខាងរដ្ឋាភិបាលនៅតែទទូច នៅតែទាមទារថា ការកាត់ហ្នឹងដើម្បីទាក់ទាញវិនិយោគផ្សេងៗហ្នឹង»។
យោងតាមសារព័ត៌មាន VOD ដែលបានស្រង់សម្តី រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង ក្នុងសិក្ខាសាលា កាលពីម្សិលមិញថា ការធ្វើវិសោធនកម្មច្បាប់ការងារ ដើម្បីការកែសម្រួល បទប្បញ្ញត្តិពាក់ព័ន្ធនឹងកម្មករធ្វើការវេននេះ គឺដើម្បីបង្កើនភាពទាក់ទាញឧស្សាហកម្មទំនើប បង្កើនការងារជូនប្រជាពលរដ្ឋ ទៅតាមជម្រើស និងតម្រូវការជាក់ស្តែងរបស់ពួកគេ។
ទាន់ទិនទៅនឹងបញ្ហានេះ កម្មការនីធ្វើការវេនយប់ គឺអ្នកស្រី ស៊ីថា សុកាន អាយុ ៣៥ ឆ្នាំ មកពីខេត្តកណ្តាល ដែលធ្វើការនៅរោងចក្រផលិតនំមួយកន្លែង នៅជាយទីក្រុងភ្នំពេញ បាននិយាយថា អ្នកធ្វើការវេនយប់ប្រឈម នឹងរឿងរ៉ាវជាច្រើនជាពិសេស គឺបញ្ហាសុខភាព។ អ្នកស្រី មិនពេញចិត្ត ការធ្វើវិសោធនកម្មច្បាប់នេះទេ ព្រោះ វាការពារតែ ផលប្រយោជន៍នយោជក ដោយមិនគិតអំពីផលប៉ះពាល់ដល់អត្ថប្រយោជន៍នយោជិត។
អ្នកស្រី សុកាន រៀបរាប់ថា៖ « បើតាមអារម្មណ៍ខ្ញុំផ្ទាល់ បើសិនច្បាប់ នឹងជាធរមាន មានន័យថាវាដូចជា ដូចថាយកតែហេតុផល របស់នយោជកយកមកគិត អត់គិតហេតុផលរបស់យើងជាកម្មករ។ អញ្ចឹងហើយក៏មានអារម្មណ៍ថាសោកស្ដាយ។ បើអារម្មណ៍ខ្ញុំផ្ទាល់ខ្ញុំនៅតែអត់ទទួលយកតែម្តង។ ហើយខ្ញុំនិយាយហើយ ខ្ញុំថាបើសិនជាក្រសួង ចេញច្បាប់នឹង ព្រមធ្វើអញ្ចឹងមែន ខ្ញុំលែងធ្វើការយប់ហើយ»។
កម្មការនីម្នាក់ទៀត គឺកញ្ញា ស្រីនិច អាយុ២២ឆ្នាំ ដែលជាអ្នកធ្វើការវេនយប់ បានសម្ដែងក្ដីព្រួយបារម្ភ ចំពោះសន្ដិសុខសុវត្ថិភាពរបស់ខ្លួន ដោយសារកញ្ញាជាស្ត្រី ដែលងាយនឹងរងការបៀតបៀនជាងបុរស។ កញ្ញាថា អ្នកធ្វើការវេនយប់ មិនគួរទទួលបានប្រាក់ខែស្មើ អ្នកធ្វើការវេនថ្ងៃនោះទេ។ អ្នកធ្វើការវេនយប់ ងាយរងផលប៉ះពាល់ដល់សុខភាព ដែលធ្វើឲ្យរាងកាយនិងខួរក្បាលចុះខ្សោយ។
កញ្ញា ស្រីនិច និយាយថា៖ «និយាយរួមទៅខ្ញុំគ្រាន់តែឮអញ្ចឹង ខ្ញុំក៏មានអារម្មណ៍ថា លែងចង់ធ្វើការ ដោយសារតែខ្ញុំធ្វើការវេនយប់ ផលប៉ះពាល់ច្រើន ទាក់ទងជាមួយខាងខួរក្បាល ការចង់ចាំ។ បញ្ហាសុខភាព គឺវាសំខាន់ ដោយសារតែយប់ឡើង ខួរក្បាលយើង រាងកាយយើងវាត្រូវការសម្រាក»។
លោក អាត់ ធន់ បានបន្ថែមថា ភាគីពាក់ព័ន្ធទាំងអស់ នឹងមានកិច្ចប្រជុំដាច់ដោយឡែកអំពីបញ្ហានេះ មុននឹងប្រជុំត្រីភាគីធ្វើម្តងទៀត។
គួររំលឹកផងដែរថា ការធ្វើវិសោធនកម្មច្បាប់ កែប្រែប្រាក់ឈ្នូល របស់កម្មករ ដែលធ្វើការ២វេននេះ ក្រសួងការងារធ្លាប់បាន អនុមត័កែប្រែម្តងរួចមកហើយ កាលពីឆ្នាំ២០១៨ ដោយកាត់បន្ថយពី១៥០ភាគរយ មកត្រឹម១៣០ភាគរយ។