តំណាងសហជីពការងារ និងកម្មករធ្វើការវេនយប់ សម្តែងការព្រួយបារម្ភពីការបាត់បង់អត្ថប្រយោជន៍ នៅពេលដែលក្រសួងការងារ ធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ដែលកាត់បន្ថយប្រាក់ឈ្នួលវេនយប់ពី ១៣០ភាគរយ មកត្រឹម១០០ភាគរយវិញ។

ក្រសួងការងារ​ កាលពីម្សិលមិញ បានរៀបចំកិច្ចប្រជុំត្រីភាគី ដើម្បីពិគ្រោះ និងផ្តល់យោបល់ ក្នុងការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ដោយកែសម្រួលបទប្បញ្ញត្តិពាក់ព័ន្ធ​ រោងចក្រ សហគ្រាស ដែលធ្វើការលើសពី ១វេនប្រចាំថ្ងៃ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ បានមានប្រសាសន៍ថា កិច្ចប្រជុំកាលពីម្សិលមិញ​ មានការចូលរួមពី តំណាងពីរដ្ឋាភិបាល​ សហជីព និងនិយោកជក។​ លោកថា ពួកគេ បានពិភាក្សាអំពី កាត់បន្ថយប្រាក់ឈ្នួល ចំពោះអ្នកធ្វើការវេនយប់ មកស្មើនឹងអ្នកធ្វើការវេនថ្ងៃ កាត់ថ្ងៃឈប់សម្រាកចំថ្ងៃអាទិត្យ និងបញ្ចូលវិវាទបុគ្គល ទៅអាជ្ញាកណ្តាលកាត់ក្តី។

លោក អាត់ ធន់ លើកឡើងថា​​ និយោជកសាទរ​ចំណុច​កែប្រែទាំងនេះ ប៉ុន្តែតំណាងសហជីពវិញជំទាស់នឹងការកែប្រែនេះ​ ដោយពួកគេបារម្ភពីការបាត់បង់ផលប្រយោជន៍របស់កម្មករ។​

លោក អាត់ ធន់ មានប្រសាសន៍ថា៖ «ខាងសហជីព អត់យល់ព្រមកាត់បន្ថយ ពី១៣០ភាគរយ មកត្រឹម១០០ភាគរយទេ ដោយសារតែវាបាត់បង់ផលប្រយោជន៍កម្មករ។ តែខាងរដ្ឋាភិបាលនៅតែទទូច នៅតែទាមទារថា ការកាត់ហ្នឹងដើម្បីទាក់ទាញវិនិយោគផ្សេងៗហ្នឹង»។

យោងតាមសារព័ត៌មាន VOD ដែលបាន​ស្រង់សម្តី រដ្ឋមន្ត្រីក្រសួងការងារ​ លោក​ អ៊ិ​ត សំ​ហេង​ ក្នុងសិក្ខាសាលា កាលពីម្សិលមិញថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ការងារ ​ដើម្បី​ការ​កែសម្រួល ​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​កម្មករ​ធ្វើការ​វេន​នេះ​ គឺ​ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ឧស្សាហកម្ម​ទំនើប​ បង្កើន​ការងារ​ជូន​ប្រជាពលរដ្ឋ​ ទៅតាម​ជម្រើស​ និង​តម្រូវការ​ជាក់ស្តែង​របស់​ពួកគេ​។

ទាន់ទិនទៅនឹងបញ្ហានេះ កម្មការនីធ្វើការវេនយប់ គឺអ្នកស្រី ស៊ីថា សុកាន អាយុ ៣៥ ឆ្នាំ មកពីខេត្តកណ្តាល ដែលធ្វើការនៅរោងចក្រផលិតនំមួយកន្លែង នៅជាយទីក្រុងភ្នំពេញ បាននិយាយថា អ្នកធ្វើការ​វេន​យប់​ប្រឈម ​នឹងរឿងរ៉ាវ​ជាច្រើន​ជាពិសេស ​គឺ​បញ្ហា​​សុខភាព។ ​​ អ្នកស្រី មិនពេញចិត្ត​ ការធ្វើវិសោធនកម្មច្បាប់នេះទេ ព្រោះ​ វាការពារតែ ​ផលប្រយោជន៍នយោជក ​ដោយមិន​គិតអំពីផល​ប៉ះពាល់ដល់អត្ថប្រយោជន៍នយោជិត​។

អ្នកស្រី សុកាន រៀបរាប់ថា៖ « បើតាម​អារម្មណ៍​ខ្ញុំផ្ទាល់ ​បើសិនច្បាប់ នឹង​ជាធរមាន​ មានន័យ​ថាវាដូចជា ដូចថាយកតែហេតុផល​ របស់នយោជក​យកមកគិត​ អត់គិត​ហេតុផលរបស់យើង​ជាកម្មករ​។ អញ្ចឹងហើយក៏មាន​អារម្ម​ណ៍ថា​សោកស្ដាយ​។ បើអារម្មណ៍ខ្ញុំ​ផ្ទាល់ខ្ញុំនៅតែ​អត់ទទួល​យកតែម្តង។ ហើយខ្ញុំនិយាយ​ហើយ ខ្ញុំថា​បើសិនជាក្រសួង ចេញ​ច្បាប់នឹង​ ព្រមធ្វើ​អញ្ចឹងមែន​ ខ្ញុំលែង​ធ្វើការយប់ហើយ​​»។

កម្មការនីម្នាក់ទៀត គឺកញ្ញា ស្រីនិច អាយុ២២ឆ្នាំ ​ដែលជាអ្នកធ្វើ​ការ​វេន​យប់​ ​បាន​សម្ដែងក្ដីព្រួយបារម្ភ​ ចំពោះសន្ដិសុខសុវត្ថិភាពរបស់ខ្លួន ដោយសារកញ្ញាជាស្ត្រី ដែលងាយនឹងរងការ​បៀតបៀនជាង​បុរស។ កញ្ញាថា​ អ្នកធ្វើការវេនយប់ មិនគួរទទួលបានប្រាក់ខែស្មើ អ្នកធ្វើការវេនថ្ងៃនោះទេ។ អ្នកធ្វើការវេនយប់ ងាយរងផលប៉ះ​ពាល់​ដល់សុខភាព ​ដែលធ្វើឲ្យរាងកាយនិងខួរក្បាល​ចុះខ្សោយ​។

កញ្ញា ស្រីនិច និយាយថា៖ «និយាយ​រួមទៅ​ខ្ញុំ​គ្រាន់​តែ​ឮអញ្ចឹង ខ្ញុំក៏មាន​អារម្មណ៍​ថា លែង​ចង់ធ្វើការ​ ដោយសារ​តែខ្ញុំធ្វើ​ការវេន​យប់ ​ផលប៉ះ​ពាល់​ច្រើន ​ទាក់ទង​ជាមួយខាង​ខួរក្បាល ​ការចង់​ចាំ។​ បញ្ហា​សុខភាព ​គឺវាសំខាន់ ​ដោយសារតែ​យប់ឡើង​ ខួរក្បាល​យើង ​រាងកាយ​យើងវាត្រូវ​ការស​ម្រាក​»។

លោក​ អាត់ ធន់ បានបន្ថែមថា​ ភាគីពាក់ព័ន្ធទាំងអស់ នឹងមានកិច្ចប្រជុំដាច់ដោយឡែកអំពីបញ្ហានេះ មុននឹងប្រជុំត្រីភាគីធ្វើម្តងទៀត។

គួរ​រំលឹក​ផង​ដែរថា ការ​ធ្វើវិសោធនកម្ម​ច្បាប់ ​កែប្រែប្រាក់​ឈ្នូល របស់កម្មករ ​ដែល​ធ្វើការ​២វេន​នេះ ក្រសួង​ការងារធ្លាប់​បាន អនុមត័​កែប្រែម្តង​រួចមក​ហើយ កាល​ពីឆ្នាំ២០១៨ ដោយ​កាត់​បន្ថយពី​១៥០ភា​គរយ មក​ត្រឹ​ម១៣០​ភាគរយ។