សមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) ស្នើគណៈកម្មការ និងសមាជិកសភាអឺរ៉ុប ពិចារណាឡើងវិញចំពោះសេចក្ដីសម្រេចការព្យួរដោយផ្នែកនៃប្រពន្ធ័អនុគ្រោះពន្ធលើគ្រប់មុខទំនិញលើកលែងតែគ្រឿងសព្វាវុធ(EBA)សម្រាប់កម្ពុជា ដែលបានអនុវត្តជិត២០ឆ្នាំមកហើយ។
សមាគមរោងចក្រកាត់ដេរកម្ពុជា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ បានចេញសេចក្តីថ្លែងការណ៍មួយដោយលើកឡើងថា ការសម្រេចរបស់សហភាពអឺរ៉ុប នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ដោយព្យួរផ្នែកខ្លះនៃប្រពន្ធ័អនុគ្រោះពន្ធ (EBA)នឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់កម្មករ និងក្រុមគ្រួសាររបស់ពួកគេ។
សមាគមនេះ បានសម្តែងការខកចិត្តចំពោះការសម្រេចព្យួរ និងស្នើឲ្យពិចារណាឡើងវិញដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនកម្ពុជា។
សេចក្តីថ្លែងការណ៍ លើកឡើងថា៖ «សមាគមសូមជំរុញគណៈកម្មការ និងសមាជិកសភាអឺរ៉ុប សូមពិចារណាឡើងវិញចំពោះសេចក្ដីសម្រេចដោយពិចារណាទៅលើគុណតម្លៃនៃកម្មវិធីនេះ ដែលបានអនុវត្តជិត២០ឆ្នាំកន្លងទៅ ជំនួយអភិវឌ្ឍន៍ ការកាត់បន្ថយភាពក្រីក្រ និងសេចក្ដីថ្លៃថ្នូការងារ»។
សមាគម បានបន្ថែមថា ការផ្ដល់ការងារក្នុងវិស័យកាត់ដេរដែលគាំទ្រដោយកម្មវិធីអនុគ្រោះពន្ធEBA មានចំនួនលើស៧៥ម៉ឺននាក់ និងបានរួមចំណែកទាញប្រជាជនកម្ពុជារាប់លាននាក់ចេញពីភាពក្រីក្រ។ កម្មករភាគច្រើនបំផុតជាស្ត្រីដែលជាអ្នកគ្រប់គ្រងគ្រួសារ មើលថែសុខភាព និងសុខមាលភាពកូនៗ ដែលផ្ដល់ប្រាក់ចំណូលដោយផ្ទាល់ដល់គ្រួសារមាន២០ភាគរយ នៃគ្រួសារក្នុងប្រទេសកម្ពុជា។
កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងពិធីចែកសញ្ញាបត្រថា កម្ពុជា នឹងមិនចេញសេចក្តីថ្លែងការណ៍ចំពោះការសម្រេចចិត្តរបស់សហភាពអឺរ៉ុបក្នុងការព្យួរផ្នែកខ្លះ នៃEBAនោះទេ។
សហភាពអឺរ៉ុប កាលពីថ្ងៃទី១២ ខែកុម្ភៈ បានសម្រេចព្យួរដោយផ្នែកនៃប្រពន្ធ័អនុគ្រោះពន្ធលើគ្រប់មុខទំនិញលើកលែងតែគ្រឿងសព្វាវុធ(EBA) ដោយសារការរំលោភសិទ្ធិមនុស្ស និងបំពានលិទ្ធិប្រជាធិបតេយ្យ ដែលបង្កឡើងដោយរដ្ឋាភិបាលកម្ពុជា។
សហភាពអឺរ៉ុបបានសម្រេចយកពន្ធលើទំនិញកម្ពុជា៤០មុខ ដែលមានទំហំទឹកប្រាក់ជាង១ពាន់លានដុល្លារ។ ទំនិញដែលជាប់ពន្ធទាំងនោះរួមមាន ផ្នែកខ្លះនៃផលិតផលសម្លៀកបំពាក់ ផលិតផលធ្វើដំណើរ និងស្ករសទាំងស្រុង។ ការសម្រេចនេះ នឹងចូលជាធរមាន ចាប់ពីខែសីហា ឆ្នាំ២០២០។