សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​(GMAC) ស្នើ​គណៈ​កម្ម​ការ​ និង​សមា​ជិក​សភា​អឺរ៉ុប​ ពិចារណា​ឡើង​វិញ​ចំពោះ​សេចក្ដី​សម្រេច​ការ​ព្យួរ​ដោយ​ផ្នែក​នៃ​ប្រពន្ធ័​អនុ​គ្រោះ​ពន្ធ​លើ​គ្រប់​មុខ​ទំនិញ​លើក​លែង​តែ​គ្រឿង​សព្វា​វុធ​(EBA)សម្រាប់​កម្ពុជា​ ដែល​បាន​អនុ​វត្ត​ជិត​២០​ឆ្នាំ​មក​ហើយ​។

សមាគម​រោង​ចក្រ​កាត់​ដេរ​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០​២០​​ ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​​ដោយ​លើក​ឡើង​ថា​ កា​រ​សម្រេច​​របស់សហភាពអឺរ៉ុប នៅថ្ងៃទី​១២​ ខែ​កុម្ភៈ​ ឆ្នាំ​២០២០ ​ដោយ​ព្យួរ​ផ្នែក​ខ្លះ​នៃ​ប្រពន្ធ័​អនុ​គ្រោះ​ពន្ធ​ (EBA)​​​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវ​ភាព​របស់​កម្ម​ក​រ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​។

សមាគម​នេះ​ បាន​សម្តែង​ការ​ខក​ចិត្ត​ចំពោះ​ការ​សម្រេច​ព្យួ​រ​ និង​ស្នើ​ឲ្យ​ពិ​ចា​រណា​ឡើង​វិញ​​ដើម្បី​ចូល​រួម​កាត់​បន្ថយ​ភាព​ក្រី​ក្រ​​ របស់​ប្រ​ជា​ជន​កម្ពុជា​។

សេចក្តី​ថ្លែង​ការណ៍ ​លើក​ឡើង​ថា​៖ «សមាគម​សូម​ជំរុញ​គ​ណៈ​កម្ម​កា​រ និង​សមា​ជិក​សភា​អឺរ៉ុប​ សូម​ពិចារ​ណា​ឡើង​វិញ​ចំពោះ​សេចក្ដី​សម្រេច​​ដោយ​ពិចារ​ណា​ទៅ​លើ​គុណ​តម្លៃ​នៃ​កម្ម​វិធី​នេះ​ ដែល​បាន​អនុ​វត្ត​ជិត​២០​ឆ្នាំ​កន្លង​ទៅ​ ជំនួយ​អភិ​វឌ្ឍន៍​ ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ និង​សេចក្ដី​ថ្លៃ​ថ្នូ​ការ​ងារ​»។

សមាគម​ បាន​បន្ថែម​ថា​ ការ​ផ្ដល់​ការ​ងារ​ក្នុង​វិស័យ​កាត់​ដេរ​ដែល​គាំទ្រ​ដោយ​កម្ម​វិធី​អនុ​គ្រោះ​ព​ន្ធ​EBA មាន​​ចំនួន​លើស​៧៥​ម៉ឺន​នាក់​ និង​បាន​រួម​ចំណែ​ក​ទាញ​ប្រជា​ជន​កម្ពុជា​រាប់​លាន​នាក់​ចេញ​ពី​ភាព​ក្រី​ក្រ​។ កម្ម​ករ​ភាគ​ច្រើន​បំផុត​ជា​ស្ត្រី​ដែល​ជា​អ្នក​គ្រប់​គ្រង​គ្រួសារ​ មើល​ថែ​សុខ​ភាព​ និង​សុខ​មាល​ភាព​កូន​ៗ​ ​ដែល​ផ្ដល់​ប្រាក់​ចំណូល​ដោយ​ផ្ទាល់​ដល់​គ្រួសារ​មាន​២០​ភាគ​រយ​ នៃ​គ្រួសារ​ក្នុង​ប្រទេស​កម្ពុជា​។

កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​កុម្ភៈ​​ ឆ្នាំ​២០២០​ ​លោក​ ​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ​ បាន​ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញា​បត្រ​ថា​​ ​កម្ពុជា​ ​នឹង​មិន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​សហ​ភាព​អឺរ៉ុប​ក្នុង​ការ​ព្យួរ​ផ្នែក​ខ្លះ​ នៃ​EBA​នោះ​ទេ​។​

សហ​ភាព​អឺរ៉ុប​ ​កាល​ពី​ថ្ងៃ​ទី​១២​ ​ខែ​កុម្ភៈ​ ​បាន​សម្រេច​ព្យួរ​ដោយ​ផ្នែក​នៃ​ប្រពន្ធ័​អនុ​គ្រោះ​ពន្ធ​លើ​គ្រប់​មុ​ខ​ទំនិញ​លើក​លែង​តែ​គ្រឿ​ង​សព្វា​វុ​ធ​(EBA) ​ដោយ​សារ​កា​រ​រំលោភ​សិទ្ធិ​មនុស្ស​​ ​និង​​បំពាន​លិទ្ធិ​ប្រជា​ធិ​ប​តេ​យ្យ​ ​ដែល​បង្ក​ឡើង​ដោយ​​រដ្ឋា​ភិ​បាល​កម្ពុជា​។

​សហ​ភាព​អឺរ៉ុប​បាន​សម្រេច​យក​ពន្ធ​លើ​ទំនិញ​កម្ពុជា​​៤០​មុខ​ ​ដែល​មាន​ទំហំ​ទឹក​ប្រាក់​ជាង​១​ពាន់​លាន​ដុល្លារ​។ ​ទំនិញដែ​ល​ជាប់​ពន្ធ​ទាំង​នោះ​​រួម​មាន​ ​​ផ្នែក​ខ្លះ​នៃ​ផលិត​ផល​សម្លៀក​បំពាក់​ ​ផលិត​ផល​ធ្វើ​​ដំណើរ​ ​និង​ស្ករ​ស​ទាំង​ស្រុង​។ ​ការ​សម្រេច​នេះ ​នឹង​ចូល​ជា​ធរ​មាន​ ​ចាប់​ពី​ខែ​សីហា​ ​ឆ្នាំ​២០២០​។