(កំពង់ធំ)៖ ការកាត់ឆ្វៀលយកទំហំផ្ទៃដីព្រៃណាមួយមកបង្កើតជាសហគមន៍ចំណុះឱ្យប្រជាពលរដ្ឋនៅក្នុងតំបន់ជាអ្នកមើលថែរ និងដាំស្តារកូនឈើឡើងវិញ ជាវិធីសាស្រ្តក្នុងទប់ស្កាត់ការកាប់ទន្ទ្រានព្រៃយកឈើធ្វើអាជីវកម្ម ឬយកដីធ្វើកសិកម្មដោយខុសច្បាប់។ នេះជាការយល់ឃើញដូចៗគ្នា ពីប្រជាពលរដ្ឋក្នុងសហគមន៍ព្រៃឈើស្រែក្រសាំង។
កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ សហគមន៍ព្រៃឈើស្រែក្រសាំងបានដាំបង្ហើយកូនឈើចំនួន២៥,៧០០ដើម មានដូចជាក្រញូង ត្រសេក អង្កាញ់ រាំងទឹក ស្តៅ លើផ្ទៃដីទំហំ៤០ហិចតា ស្ថិតក្នុងឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាជាថ្ងៃបិទបញ្ចប់កម្មវិធីដាំ។ កម្មវិធីនោះមានការចូលរួមពីអភិបាលខេត្តកំពង់ធំ មន្ទីរពាក់ព័ន្ធមួយចំនួន និងប្រជាពលរដ្ឋក្នុងសហគមន៍ប្រមាណ១០០នាក់ ក្រោមគម្រោងជីវិត និងធម្មជាតិ ដែលទទួលជំនួយពីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)។
ប្រធានសហគម៍ព្រៃឈើស្រែក្រសាំង លោក ឡេង សុឃី ប្រាប់ញូវស៍រូមខេមបូឌា (Newsroom Cambodia) ថា កន្លងមកតំបន់នេះមិនទាន់ដាក់ចូលជាសហគមន៍ទេ ដោយធ្លាប់មានព្រៃដែរ តែជាព្រៃរបោះដែលនៅដាច់ៗពីគ្នា។ លោកបន្តថា បច្ចុប្បន្នព្រៃឈើប្រភេទនេះបានថមថយ ស្របពេលដែលមានគម្រោងដាំស្តារកូនឈើ ដូច្នេះសហគមន៍រីករាយដាំឡើងវិញ ដោយមានពលរដ្ឋចូលរួមស្ម័គ្រចិត្តដាំ។
លោកបញ្ជាក់ថា៖ «មានប្រជាពលរដ្ឋច្រើនគាត់ស្ម័គ្រចិត្តទៅ មានតែដណ្តើមឈើគ្នាដាំ។ គណៈកម្មការគ្រប់គ្រងដាំហ្នឹង គ្រប់គ្រងគាត់អត់បានទេ គាត់ទៅច្រើនពេក»។
ពលរដ្ឋម្នាក់រស់នៅក្នុងសហគមន៍ព្រៃឈើស្រែក្រសាំង ដែលបានចូលរួមក្នុងពិធីដាំកូនឈើនោះដែរ អ្នកស្រី ជីន យ៉ាំ រៀបរាប់ថា អ្នកស្រីបានចូលរួមដាំកូនឈើជាមួយក្រុមរបស់អ្នកស្រី មានគ្នាប្រមាណជា៤០នាក់ ដាំបាន២,០០០ដើម។ ស្រ្តីវ័យ៤៦ឆ្នាំរូបនេះបន្ថែមថា ព្រៃឈើពិតជាសំខាន់ មានព្រៃឈើ ទើបមានទឹកភ្លៀង ហើយការដាំស្តារក្នុងពេលឥឡូវនេះ គឺដើម្បីក្មេងជំនាន់ក្រោយ។
អ្នកស្រីបញ្ជាក់ថា៖ «បើអត់ព្រៃឈើ អត់មានទឹកភ្លៀង មើលគ្រោះមើល [រាំងស្ងួត] ឡាប់ [ងាប់] ស្រូវអស់រលីង។ ទើបតែបានភ្លៀងនេះតើ អរចង់ងាប់។ បើយើងអត់ដាំ ចេះតែកាប់បំផ្លាញទៅ ចេះតែអស់ទៅ កូនចៅជំនាន់ក្រោយបានអី»។
លោក ទឹម ម៉ា ឡៃ សកម្មជនបរិស្ថាន មួយរូប ផ្តល់សម្ភាសន៍ដល់ញូវស៍រូមខេមបូឌា តាមទូរស័ព្ទថា លោកក៏យល់ស្របដែរថា ការបង្កើតសហគមន៍ព្រៃឈើអាចចូលរួមទប់ស្កាប់ការកាប់ទន្ទ្រានព្រៃឈើ ប៉ុន្តែលោកថា វាជាចំណែកមួយតែប៉ុណ្ណោះ។ លោកបន្ថែមថា ដើម្បីការពារព្រៃឈើបម្រុងទុក និងព្រៃការពារទាំងមូល ដោយរាប់បញ្ចូលតំបន់ព្រៃឈើដែលសហគមន៍គ្រប់គ្រងផង រដ្ឋាភិបាលចាំបាច់ត្រូវតែមានយន្តការច្បាប់ ប្តេជ្ញាចិត្តដាក់ទោសលើជនទាំងឡាយណាបំផ្លាញព្រៃឈើ។
លោកថា៖ «សហគមន៍ព្រៃឈើគាត់មានអំណាចការពារក្នុងកម្រិតសហគមន៍របស់គាត់ បើបង្កើតក្នុងទំហំណាមួយ គាត់អាចការពារក្នុងទំហំនោះ»។
លោក ញ៉ក់ ស៊ីវឿន តំណាងអង្គការ FAO មានប្រសាសន៍ថា ការដាំស្តារព្រៃឈើនៅទីនេះ ធ្វើឡើងនៅលើគម្របព្រៃឈើចាស់ដែលរងការកាប់បំផ្លាញ និងឆេះព្រៃនៅរដូវប្រាំង នាំឱ្យប្រែក្លាយជាទីវាលដោយបន្សល់ទុកនូវព្រៃឈើតិចតួច។ លោកបន្ថែមថា ការដាំស្តារកូនឈើរបស់សហគមន៍នេះ នឹងផ្តល់ជាអនុផលព្រៃឈើ ធនធានព្រៃឈើ និងប្រព័ន្ធបរិស្ថានផ្សេងៗ ដូចជាទឹកក្រោមដី មកដល់ប្រជាពលរដ្ឋវិញ នៅពេលខាងមុខ។
មន្ត្រីដឹកនាំគម្រោងជីវិត និងធម្មជាតិ រូបនេះអះអាងថា ការដោះស្រាយកុំឱ្យមានការទន្ទ្រានព្រៃ ជារឿងស្មុគស្មាញ ប៉ុន្តែលោកថា ប្រសិនបើតំបន់គម្របព្រៃឈើណាមួយបានដាក់បញ្ចូលក្រោមការគ្រប់គ្រងរបស់សហគមន៍ហើយនោះ ការបារម្ភពីការលួចកាប់ទន្ទ្រានព្រៃឈើនឹងត្រូវកាត់បន្ថយ។ លោកថាគារកាត់បន្ថយគឺដោយសារផលប្រយោជន៍ព្រៃឈើនឹងផ្តល់មកកាន់ពលរដ្ឋក្នុងសហគមន៍ ហើយពលរដ្ឋនឹងចូលរួមថែររក្សាដោយក្តីស្រលាញ់ ហើយនឹងរាយការណ៍ទៅកាន់សមត្ថកិច្ចជាប់ជាប្រចាំក្នុងករណីមានបទល្មើស។
លោកបញ្ជាក់ថា៖ «ការដាំស្តារព្រៃឈើនៅក្នុងសហគមន៍ វាអាចរួមចំណែកបានច្រើន ច្រើនជាងយើងមិនធ្វើសោះ។ ក្នុងការកាប់បំផ្លាញ ឬក៏ឆ្ការដីរបស់សហគមន៍នឹងថយចុះដោយសារការដាក់ដាំ វត្តមានយើងនៅទីនេះ យើងចូលទៅមើលញឹកញាប់ យើងធ្វើផ្លូវភ្លើង យើងផ្សព្វផ្សាយផ្តល់ចំណេះដឹងដល់មូលដ្ឋាន»។
លោក កែវ នន មេឃុំពពក មានប្រសាសន៍ថា ព្រៃឈើដែលបានបាត់បង់នៅក្នុងដែនដីសមត្ថកិច្ចរបស់ឃុំ មានទំហំប្រមាណជា៣០ភាគរយ ហើយថា ការបាត់បង់នេះ ដោយសារពលរដ្ឋនៅក្នុងឃុំអ្នកកាប់ទន្ទ្រានយកដីធ្វើកសិកម្ម។ លោកបន្ថែមថា ពលរដ្ឋណាដែលបានកាប់ត្រូវបានកំណត់ឱ្យធ្វើកិច្ចសន្យាឈប់កាប់ និងដកយកដីមកដាក់ចូលជាសហគមន៍ជាអ្នកមើលថែរក្សា និងដាំស្តារព្រៃឈើឡើងវិញ។
លោកបញ្ជាក់ថា៖ «ការដាំឡើងវិញនេះ គឺដាំនៅព្រៃសហគមន៍ដែលប្រជាពលរដ្ឋមួយចំនួន គាត់ទៅកាប់បំផ្លាញ។ ហើយអាជ្ញាធរ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធចុះទៅធ្វើកិច្ចសន្យាដើម្បីទប់ស្កាត់ ហើយយើងដកដីនោះមកដាំកូនឈើឡើងវិញ»។
លោក សុខ លូ អភិបាលខេត្តកំពង់ធំថ្លែងថា ការដាំដើមឈើមិនមែនជាកាតព្វកិច្ចរបស់ជនណាម្នាក់ផ្តាច់មុខនោះទេ តែជារបស់ទាំងអស់គ្នា ដែលចាំបាច់ត្រូវមានការចូលរួម ទាំងមន្ត្រីអាជ្ញាធរខេត្ត មន្ទីរ អង្គការ និងប្រជាពលរដ្ឋតាមមូលដ្ឋានផ្ទាល់តែម្តង។ លោកបន្តដោយបង្ហាញអំពីផលវិបាកនៃការបាត់បង់ព្រៃឈើថា គ្មានព្រៃឈើ នឹងគ្មានទឹកភ្លៀង នឹងឈានទៅជួបការពិបាកដោយមិនអាចបង្កបង្កើនផលដំណាំបាន។
អភិបាលខេត្តកំពង់ធំរូបនេះបានលើកឡើងពីសម្តីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងកាលពីពេលកន្លងទៅថា រដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធ ត្រូវប្រគល់ដីដែលប្រជាពលរដ្ឋបានដាំដុះ អាស្រ័យផលជាយូរយារណាស់មកហើយ ជូនពួកគាត់ ប៉ុន្តែមិនមែនមានន័យថាលើកទឹកចិត្តឱ្យពលរដ្ឋទៅកាប់ទន្ទ្រានព្រៃយកដីមកធ្វើកសិកម្មបង្កបង្កើនផលនោះទេ។
លោក សុខ លូ បន្ថែមថា ក្នុងករណីពលរដ្ឋក្រីក្រចង់បានដីយកដាំដុះ ត្រូវដាក់ពាក្យស្នើសុំមកអាជ្ញាធរ។ លោកថា លោកក៏បានដាក់បទបញ្ជាទៅកាន់អាជ្ញាធរក្រោមបង្គាប់ ឱ្យអនុវត្តដោយឱ្យតឹងរ៉ឹង មិនត្រូវលើកលែងឱ្យជនណាដែលកាប់ទន្ទ្រានព្រៃយកដីមកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួននោះទេ។
លោកបញ្ជាក់ថា៖ «បងប្អូនណាដែលនៅតែបំពានការកាប់ដីព្រៃឈើយកទៅធ្វើកម្មសិទ្ធិ កាប់ដីព្រៃសហគមន៍ កាប់កាប់កាប់ អាហ្នឹងគឺថ្ងៃក្រោយឱ្យទៅដេកស៊ីបានស្រាប់ហើយ [ជាប់ពន្ធនាគារ]»។
របាយការណ៍មួយរបស់អង្គការណាសា ចេញផ្សាយកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ បានបង្ហាញថា គម្របព្រៃឈើដែលធ្លាប់មាន បានរលាយបាត់រូបរាង ហើយប្រែក្លាយទៅជាក្រឡាចត្រង្គដោយការបង្កើតផ្លូវថ្នល់ និងការដាំដំណាំកៅស៊ូក្នុងទ្រង់ទ្រាយធំ។ ការលាតត្រដាងពីការបាត់បង់នេះធ្វើឡើងតាមរយៈការប្រៀបធៀបរូបផ្កាយរណប Landsat ពីតំបន់គម្របព្រៃឈើរវាងព្រំប្រទល់ខេត្តកំពង់ធំ និងកំពង់ចាម ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០០ និងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥។ របាយការណ៍របស់អង្គការណាសាមួយនេះ ត្រូវបានច្រានចោលដោយក្រសួងបរិស្ថានកម្ពុជា ៤ថ្ងៃបន្ទាប់ពីអង្គការណាសាចេញផ្សាយ៕