នៅ​តាម​ទីសាធារណៈ​ គេ​តែង​ឃើញ​មាន​អ្នក​​ជក់​បារី​​​​បណ្តាល​ឲ្យ​មាន​ផ្សែង​ហុយ​ប៉ះពាល់​ដល់​អ្នកដែល​នៅ​ក្បែរ​នោះ។​ ពលរដ្ឋ​ដែល​មិន​ជក់​បារី​មួយ​ចំនួន​លើកឡើង​ថា​ ពួកគេ​ចង់​ឃើញ​​​មាន​វិធានការ​​លើ​ការតម្លើ​ងថ្លៃបារី និង​ចង់​ឲ្យ​អ្នកជក់​មាន​ទំនួល​ខុសត្រូវ​ ដោយ​​ទៅជក់​​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​​នៅទី​សាធារណៈ។

កញ្ញា ទី ច័ន្ទធារី ពលរដ្ឋ​មួយ​រូប​នៅ​​ខេត្តសៀមរាប ​និយាយថា កញ្ញា​មិន​ចូលចិត្ត​ក្លិន​ និង​ផ្សែង​បារី​ទេ ពិសេស​កញ្ញា​បារម្ភ​ពី​ផល​ប៉ះពាល់​សុខភាព​​នៅ​ពេល​កញ្ញា​ដើរ​កាត់​អ្នកជក់បា​រីតាម​​ទី​សាធារណៈ​​។ កញ្ញា​បន្ថែម​ថា កញ្ញា​តែង​ដើរ​គេច​នៅ​ពេល​ដែល​កញ្ញា​ឃើញ​មាន​អ្នកជក់​បារី​នៅ​ក្បែរ​ខ្លួន។

កញ្ញាបន្តថា អ្នកជក់​បារី​បាន​ធ្វើ​ឲ្យ​រំខាន​ដល់ការ​ធ្វើ​ចរាចរណ៍​ រំខាន​នៅ​តាម​ទី​​​រមណីយ​ដ្ឋាន ឬ​កន្លែង​សាធារណៈ​នានា​ជាដើម។

កញ្ញានិយាយ៖ «គាត់អត់​មាន​ត្រូវ​ជក់​ទេ គាត់​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការបើក​បរ ខ្លាច​តែ​រវល់​តែ​ជ​ក់ ភ្លឹក​អី​ទៅ​វា​អាច​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ ផ្សែង​ដល់​អ្នក​ដទៃ ជាពិសេស​ពេល​ឈប់​នៅ​ស្តុប គាត់​នៅ​បង្ហើរ​បន្ថែម​ហ្នឹង ខ្ញុំ​ធុញ ពេល​ខ្លះ​ខ្ញុំ​ជិះ​គេច អាច​គ្រោះថ្នាក់​ទៀត បើ​មាន​ឡាន​ផ្សេង​ម៉ូតូ​ផ្សេង​នៅ​ក្បែរ​ហ្នឹង»។

កញ្ញាបន្តថា អ្នកជក់បារីត្រូវរកកន្លែងអោយឆ្ងាយពីអ្នកមិនជក់បារី និង​ត្រូវ​ទុក​ដាក់​កន្ទុយ​បារី​ឲ្យ​បាន​ត្រឹមត្រូវ​រហូត​ដល់​ធុង​សំរាម មិន​ត្រូវ​ចោល​ផ្តេសផ្តាស​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ និង​​​​បង្កើត​ជា​ទម្លាប់​អាក្រក់​ដល់​អ្នក​ផ្សេង​​ទៀត​ធ្វើ​​តាម​។ កញ្ញា​ក៏​បាន​អំពាវនាវ​ដល់ អ្នក​ជក់​គួរកាត់បន្ថយ និង​សំណូមពរ​ដល់​រដ្ឋាភិបាល​ត្រូវ​តម្លើង​ពន្ធ​បារី​​ឲ្យ​​ថ្លៃ។​

«យើង​បិទ​កុំ​ឲ្យ​នាំ​ចូល​បារី ហើយ​ទិញ​ស្ករ​ កាត់បន្ថយ​បារី​ឲ្យ​គាត់​ប្រើ​វិញ ឬ​ក៏​តំឡើង​ថ្លៃ​បារី​ឲ្យ​ថ្លៃ​មែន​ទែន ថ្លៃ១​គុណ​និង​១០០ ចង់​និយាយ​ថា​បារីមួ​យ​កញ្ចប់ ប្រាំ​ពាន់​ ឬ១ម៉ឺន​ឡើង​ ឲ្យ​ដល់​១០​រៀល [១០ដុល្លារ] ឬ​១៥​រៀល [១៥ដុល្លារ] ​អី គាត់​ហ៊ាន​ទិញ​ទៀត?»។

ចំណែក កញ្ញា ឌុច ស្រីផានីន​ ជានិសិស្សឆ្នាំទី៤ នៅសាកលវិទ្យាល័យភ្នំពេញ ជំនាញ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ធនធាន​ធម្មជាតិ លើកឡើង​ថា ផ្សែង​បារី​ធ្វើ​ឲ្យ​ពិបាក​ដក​ដង្ហើម និង​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ទូទៅ ទាំងចាស់​ ទាំង​ក្មេង ស្រ្តី​មាន​ផ្ទៃពោះ ព្រមទាំង​​​បំពុល​បរិស្ថាន និង​បរិយាកាស។

កញ្ញាបន្ថែម​ថា​ អ្នក​ជក់​បារី​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​ក្រុម​មនុស្ស ឬ​ក៏​សុំអ​នុញ្ញាត​ពី​គេ​ជា​មុន​ ហើយ​​អ្នក​​ជក់​គួរ​កាត់​បន្ថយ​ការជក់​ក្នុង​មួយ​ថ្ងៃ​១​ទៅ​២ដើម ជំនួសដោយ​​​ការផឹក​ភេសជ្ជៈ និង​លេងកីឡា។

«ពេល​មាន​ហ្វូង​មនុស្ស​ច្រើន​អ្នក​ជ​ក់​បារី ចង់​ឲ្យ​គាត់​នៅ​ឆ្ងាយ​ហ្វូង​មនុស្ស​ច្រើន ឲ្យ​គាត់​ទៅ​ជក់​កន្លែង​ផ្សេង​ឬ​សុំ​អនុញ្ញាត គាត់​អាច​ជក់​បាន​អត់។ ភាគច្រើន​គាត់​ជក់​បារី​អស់​មួយ​ថ្ងៃ១​កញ្ចប់ ឬ​២កញ្ចប់ ចង់​សំណូម​ព​រ​អ្នក​ជក់​បារី​ហ្នឹង កាត់បន្ថយ​អាច​១ ឬ​២ដើម​ក្នុង​មួយ​ថ្ងៃ​អញ្ចឹង​ទៅ ឬ​ក៏​អាច​ជំនួស​ទៅ​លេង​កីឡា ផឹក​ភេសជ្ជៈអី​ក៏​បាន​ជំនួ​ស​ការជក់បារី»។

កញ្ញា​​សំ​ណូមពរ​​ដល់​ក្រសួង​​ពាក់ព័ន្ធ​ឲ្យ​​​ផ្សព្វផ្សាយ​ព័ត៌មាន ឲ្យ​បាន​ទូលំ​ទូលាយ​ដល់​ប្រជាជន ជាពិសេសេ​តំប​ន់​ដាច់​ស្រយាល ពី​ផល​អវិជ្ជ​មាន​នៃ​ការជ​ក់​បារី បើក​វគ្គ​បណ្តុះ​​​បណ្តាល​​​ពី​ផល​អវិជ្ជមាន​ក្នុង​ការជក់​បារី ទប់ស្កាត់កា​រ​ធ្វើ​អាជីវកម្ម​លក់ ឬ​ផ​លិត​បារី និង​បង្កើត​ច្បាប់​ថ្មី​ដែល​ទាក់ទង​នឹង​អ្នក​ជក់​បារី​ក្នុង​ទី​ប្រជុំជន។

លោក យ៉េន សុខឃីម ជាអ្នករត់​រ៉ឺម៉ក​កង់​បី ក្នុ​ដែល​មាន​​​វ័យ​៤០​ឆ្នាំ បាន​និយាយ​ថា​លោក​ជក់​បារី​ជិត​២០​ឆ្នាំមក​​ហើយ និង​​ថា បារី​ជា​ថ្នាំញៀន​ដែល​ស្រប​ច្បាប់​ម្យ៉ាង ពេល​ដែល​គាត់​អត់​បាន​ជក់ គឺ​ធ្វើ​ឲ្យ​​​​តប់ប្រមល់។ លោក​បន្ត​ថា​ លោក​ដឹង​ថា​ការជក់​បារី​ប៉ះពាល់​ដល់​សុខភាព​​លោក និង​ក្រុម​គ្រួសារ​ ជាពិសេស​អ្នក​នៅ​ជុំវិញ​ខ្លួន​ ដូច្នេះ​លោក​តែងតែ​រក​កន្លែង​ជក់​​ឆ្ងាយ​ៗ លើក​លែង​តែ​មាន​អ្នក​ជក់​នៅ​ជុំគ្នា​។

លោកថា៖ «ខ្ញុំ​ចង់​ឈប់​ដែរ ខ្ញុំ​មិន​ចង់​នៅ​បំផ្លាញ​លុយ​ដោយ​សារ​វា បំផ្លាញ​សុខភាព​ដោយសារ​វា​ទេ ខ្ញុំ​ធ្លាប់​ព្យាយាម ពីរ​បី​ដង​ហើយ ឈប់​ជក់​បារី​ហ្នឹង ប៉ុន្តែ​ព្យាយាម​អត់​បាន វា​ជា​ប្រភេទ​គ្រឿងញៀន​​ស្រប​ច្បាប់ វា​មាន​ជាតិ​ញៀន​ពិតមែន ព្រោះពេ​ល​ដែល​យើង​មិន​បាន​ជក់​វា យើង​ធុញ​ថប់ តប់​ប្រមល់ ហើយ​ជូមាត់​នៅ​មិន​សុខ»។​

លោក លីសូវ៉ាន់ អ្នកនាំពាក្យសុខាភិបាល មាន​ប្រសាសន៍​ថា អ្នក​ជក់ និង​អ្នក​នៅ​ជុំវិញ​អ្នក​ជក់​​រង​ផល​ប៉ះពាល់​ដូចគ្នា។ លោក​បន្ត​ថា អ្នក​ស្រូប​ផ្សែង​បារី​ថ្មីៗ​អាច​មិន​ត្រូវ​ផ្សែង​ធ្វើ​ឲ្យឈ្លក់ ​កណ្តាស់​ តឹង​ច្រមុះ ពេល​យូរ​ទៅ​អាច​បណ្តាល​ឲ្យប៉ះពាល់​សុខភាព និង​វិវត្ត​ន៍​ទៅ​ជា​មហារីក។

«ប៉ះពាល់​សុខភាព ជាពិសេស​គឺ​សួត អាច​ឲ្យ​រលាក​សួត​រ៉ាំរៃ អាច​វិវត្តន៍​ទៅ​ជា​មហារីក និង​អាច​ប៉ះពាល់​ដ​ល់​ផ្លូវ​អាហារ​នានា អាច​ប៉ះពាល់​ធ្មេញ ប្រដាប់​រំលាយ​អាហារ អាហ្នឹង​គឺ​ប៉ះពាល់​យូរ​អង្វែង»។

លោកបន្តថា បច្ចុប្បន្ន​គេ​ហាម​មិ​ន​ឲ្យ​ជក់​នៅ​អាហារដ្ឋាន កន្លែង​បិទ​ជិត ​ហើយ​សុទ្ធ​តែ​មាន​ដាក់​ផ្លាក​ហាម​ឃាត់​។

«ឥឡូវ​នេះគេ​អ​ត់​ឲ្យ​ជក់​នៅ​ក្នុង​អាហារដ្ឋាន​ កន្លែង​បន្ទប់​បិទ​ជិត​ សុទ្ធ​តែ​មាន​ដាក់​ផ្លាក​អស់​ហើយ បើសិនជា​គាត់​នៅ​តែ​អនុវត្តន៍ គាត់​នឹង​ផាក​ពិន័យ តែ​គាត់​គួ​រតែ​ជក់​កន្លែង​ណា ដែល​កំណត់​ដោយ​ទីតាំង​របស់​អាជ្ញាធរ​ដែនដី និង​មន្ទីរ​សុខាភិបាល​ដែល​បា​​ន​កំណត់»។

បើ​តាម​គេហទំ​ព័រ​មជ្ឈមណ្ឌល​ជាតិ​​លើកកម្ពស់​សុខភាព បញ្ជាក់​ថា បារី ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​បរិស្ថា​ន និង​សេដ្ឋកិច្ច ហើយ​​ជារៀ​ងរាល់​ឆ្នាំ ថ្នាំ​​ជក់ សម្លាប់​មនុស្ស​ទូទាំង​ពិភពលោក​ចំនួន​៦​លាន​នាក់។ នៅ​ឆ្នាំ២​០២០ ដល់​២០៣០ អ្នកស្លាប់​នឹង​កើន​ដល់​៨លាន​នាក់ ក្នុង​នោះ​៨០​ភាគ​រយ​​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​។ បារី​មាន​សារធាតុ​គីមី​ជាង​៧,០០០​ប្រភេទ ក្នុង​នោះប្រ​ហែល​៧០​ប្រភេទ​បង្ក​ជា​ជំងឺ​មហារីក​ក្នុង​ប្រព័ន្ធ​រាងកាយ​មនុស្ស ផ្សែង​បារី​ជា​ឧស្ម័ន​ពុល​ធ្វើ​ឲ្យ​អុក​ស៊ី​ហ្សែ​នក្នុង​រាងកាយ​ចុះថ​យ និង​ធ្វើ​ឲ្យ​ញៀន៕