ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតថៃ និងកម្ពុជា លោក​នាយករដ្ឋ​មន្រ្តី​ថៃ​ បាន​ផ្ញើ​លិខិត​មួយ​ជូន​លោក​នាយករដ្ឋមន្រ្តី​កម្ពុជា​ដោយ​លើកឡើ​ងថា ពាណិជ្ជកម្មទ្វេភាគីរវាងថៃ និង​កម្ពុជា​បានកើនឡើងយ៉ាងលឿន​ពីប្រមាណ ៣០០​លានដុល្លារ​អាមេរិកកាលពី២០ឆ្នាំមុន​ ឈានមកជាង៩ ប៊ី​លាន​​ដុល្លារ​អាមេរិក (៩ពាន់​លាន) នៅឆ្នាំ២០១៩។

ក្នុង​លិខិត​​ចុះ​នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ២០២០ ចេញផ្សាយដោយ​ខុទ្ទកាល័យនាយក​រដ្ឋមន្រ្តីវិមានរដ្ឋាភិបាល​ទីក្រុងបាងកក ​ដែល​ជា​លិខិត​​​នាយករដ្ឋមន្រ្តីថៃ​លោក ប្រាយុទ្ធ ចាន់​អូចា ជូន​ទៅ​​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់​ថា កម្ពុជាបានកើនឡើងយ៉ាង​លឿន​គួរឱ្យកត់សម្គាល់ពីប្រមាណ ៣០០ លាន​ដុល្លារ​អាមេរិក​បើ​គិត​ចាប់ពី២០ឆ្នាំមុន​ ហើយកំណើនថវិកាឈានមកជាង៩​ប៊ីលាន​ដុល្លារ​អាមេរិកនៅឆ្នាំ២០១៩។​

លោក​បន្ត​ថា៖ «ការវិនិយោគរបស់ថៃនៅកម្ពុជា បានកើនឡើង​ដោយសារ​បាន​ចូល​ចំណែក​ជា​វិជ្ជមាន​ដល់​សេដ្ឋកិច្ច​កម្ពុជា ស្របពេល​ដែលសេដ្ឋកិច្ច​ថៃទទួលបាននូវអត្ថប្រយោជន៍ជាច្រើនពីកម្លាំងពលកម្ម និង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ចរបស់ប្រទេស​កម្ពុជា»​។

លោក​ ឆេង គឹមហុង នាយកវិទ្យាស្ថានកែច្នៃ​អភិបាលកិច្ច និង​ប្រជាធិបតេយ្យ​នៅវិទ្យាស្ថាន​ទស្សនៈ​អាស៊ី​លើក​​ឡើងថា លក្ខណៈភូមិសាស្រ្ត​របស់​ប្រទេស​ទាំង​ពីរ គឺ​ជាប្រទេសដែលជា​បងប្អូនផងរបងជាមួយ​គ្នា​ ដែល​ចាំ​បាច់​ត្រូវ​មាន​ការ​ភ្ជាប់ និង​ពង្រឹងទំនាក់ទំនង​​យ៉ាង​ចាំបាច់បំផុត។ លោកបន្ថែមថា កម្ពុជាមាន ទំនាក់​ទំនងផ្នែកនយោបាយ សន្តិសុខព្រំដែន ក៏ដូចជាទំនាក់ទំនង​ពាណិជ្ជ​កម្ម ហើយថា ទំនាក់ទំនង​ពាណិជ្ជ​កម្ម​មាន​សារសំខាន់​ជាង​គេ​ប​ង្អស់។​

លោកថា៖​ «រវាងកម្ពុជានឹងថៃ​ដោយសារតែ​លំហូពាណិជ្ជកម្ម មែនទែនទៅបានភ្ជាប់ និង​ការកើនឡើង​នឹង​វា​តាំងពី​ដើ​មទសវត្សរ៍​ទី៩០​ម្ល៉េះ។ ក៏ប៉ុន្តែនៅពេលទន្ទឹមដែលផ្នែកពាណិជ្ជកម្មរវាងថៃនឹងកម្ពុជាកើនឡើង លំហូរ​វិនិយោគ​ថៃ កម្ពុជាបានធ្លាក់ចុះនៅក្នុងកម្រិតគួរឱ្យកត់សម្គាល់ ដូច្នេះហើយបានជាខ្ញុំ​គិតថា ពាណិជ្ជ​​កម្ម​រ​វាង​កម្ពុជានិង​ថៃ​មាន​ក្របខណ្ឌ មាន​ភាពចាំបាច់​អាច​ផ្ដល់ចំ​ណេញ​​រៀងៗខ្លួន»។

លោក ឆេង គីមហុង​ ក៏បានបន្ថែម​ថា លោកមើលឃើញទំនាក់ទំនងពាណិជ្ជកម្មមួយនេះថា ​កម្ពុជា​អាច​ទទួល​បាន​ផលប្រយោជន៍​ច្រើន​តាម​រយៈ​ការកាត់បន្ថយពន្ធគយ​សម្រាប់​ប្រទេស​ជាសមាជិក​អាស៊ាន​។

លោកបញ្ជាក់​ថា៖ «កម្ពុជាមិនទាន់មានសមត្ថភាពផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឱ្យបានពេញលេញនៅឡើយទេ ដែលធ្វើឱ្យកម្ពុជា មាន​ផលចំណេញពីប្រទេសថៃ គឺអាច​បំពេញ​នូវ​តម្រូវ​ការសម្រាប់​បម្រើ​ក្នុង​វិស័យ​ផ្សេងៗ​នៅ​ក្នុង​ស្រុក​ខ្មែរ ហើយរួមទាំងផ្ដល់ការងារផ្នែក​ពាក់ព័ន្ធមួយចំនួន ផ្នែកដឹកជញ្ជូន ​ផ្នែក​សេវាកម្ម​ធានា​រ៉ាប់​រង​ផ្សេងៗ។ ប៉ុន្តែចំពោះផលចំណេញមិនត្រឹមតែកម្ពុជានោះទេ​ ថៃក៏ទទួលបាន ព្រោះ​កម្ពុជា​នាំ​ទំនិញ​មកពី​​ថៃ ថៃក៏ទទួលបានចំណូលពីការនាំចូលទំនេញពីថៃមកកម្ពុជាដែរ»។​

​ភាគច្រើន​នៃ​ទំនិញ​នាំចេញ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​ថៃ​ គឺ​ត្បូង​មានតម្លៃ គ្រឿងអលង្ការ ផលិតផល​វត្ថុធាតុដើម​កសិកម្ម និង​អាលុយមីញ៉ូម​៕