លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​អង្គារនេះប្រកាស​ថា កម្ពុជា​ត្រូវ​រង​ចាំ​រហូត​មាន​ការ​ទទួល​ស្គាល់​ជាក់​លាក់​ពី​អង្គការ​សុខភាព​ពិភព​លោក ​(WHO)​ ទើប​អាច​បញ្ជា​​ទិញ​​វ៉ាក់​​សាំង​​ពី​​ប្រទេស​​ណា​​មួយ​​បាន​​។

លោក​នាយក​រដ្ឋ​មន្ត្រី​​​ប្រកាស​​ដូច​នេះ​ក្នុង​កិច្ច​ថ្លែង​ការណ៍​​ពិសេស​ពាក់ព័ន្ធ​នឹង​ការ​បិទ​បញ្ចប់​ព្រឹត្តិ​កា​រណ៍​​សហគមន៍​ ២៨ វិច្ឆិកា នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ២០២០។ លោក​បន្ថែម​​ថា​ ការ​ទិញ​វ៉ាក់​​សាំង​កូវីដ​១៩យ​កមកកម្ពុជា​មាន៣ច្រក គឺច្រកទី១ តាមរយៈ​ខូវ៉ាក់ (COVAX) ច្រកទី២ តាម​រយៈ​ទំនាក់ទំនងជាមួយប្រទេសដៃគូ និងច្រក​ទី៣​គឺ​តាមរយៈកា​​រចរចា​ដោយ​ផ្ទាល់​ជាមួយ​ក្រុម​ហ៊ុន​។ លោក​ថា ការ​ទិញ​វ៉ាក់​សាំងពី​ប្រទេស​ណាមួយ ​ត្រូវ​មាន​ការ​ទទួល​ស្កាល់​ពី​អង្គការ​សុខភាព​ពិភព​លោក ដោយ​ថា កម្ពុជា​មិន​អាចយក​​ប្រជាជន​​​ទៅ​​ពិសោធន៍​​​វ៉ាក់​​សាំង​​ជា​​ដាច់​ខាត​។

លោកនាយករដ្ឋមន្រ្តី​បន្ថែម​ថា លោក​មិនបានច្រានចោល​ការបញ្ជា​ទិញ​វ៉ាក់សាំង​ពី​ប្រទេស​ចិន​ដូចការ​លើកឡើងមួយចំនួន​នោះទេ។

លោក​ថា៖ «អ្នកខ្លះធ្វើអត្ថាធិប្បាយថាលោក ហ៊ុន សែន អត់និយាយដល់វ៉ាក់សាំង​ចិន ទាត់​ចោល​វ៉ាក់​សាំង​ចិន ខ្ញុំមិនទាន់ទាត់ចោលទេ។ វ៉ាក់សាំងណាក៏ខ្ញុំអត់ទាន់និយាយដែរ»។​

លោក​ថា៖ «ប្រសិនបើអង្គការសុខភាពពិភពលោកទទួលស្គាល់វ៉ាក់សាំងចិន យើង​ទិញ​ពី​ចិន វា​ក៏​ដឹក​ជញ្ជូនជិត វាមិនក៏ស្រួល?»។​

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់​ថា គិតត្រឹមម៉ោង២រសៀលថ្ងៃ​ចន្ទ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ទទួល​ថវិកា​ប្រមាណជាង​៥៣​លា​​នដុល្លារ និងប្រាក់រៀលជាង៩ពាន់លានរៀល ពី​សប្បុរសជនដើម្បីទិញវ៉ាក់សាំងប្រឆាំងជម្ងឺកូវីដ១៩  ហើយ​ថា ការចាក់វ៉ាក់​សាំង​នេះគឺ​ចា​ក់​ដោយ​មិន​យកប្រាក់ និងចាក់ដោយការស្ម័គ្រចិត្ត៕​