បុរស​ពីរ​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩ នៅ​ថ្ងៃ​ទី​២៥ ខែមីនា​ ដែល​រហូត​មក​ដល់​ពេល​នេះ​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​សរុប​ចំនួន​៧​នាក់។ នេះ​បើ​តាម​ការ​ប្រកាស​របស់​ក្រសួង​សុខា​ភិបាល។

ក្នុង​សេចក្តី​ប្រកាសព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ចេញ​នៅ​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២១​នេះ​បញ្ជាក់​ថា នៅ​ថ្ងៃ​ពុធ​នេះ​មាន​បុរស​ពីរ​នាក់​បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូវី​ដ​១៩ ដោយ​ម្នាក់​ជា​ជនជាតិ​ខ្មែរ​ មាន​អាយុ​៣៨​ឆ្នាំ និង​ម្នាក់​ទៀត​ជា​ជនជាតិ​ចិន មាន​អាយុ​៤៣​ឆ្នាំ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្តថា បុរស​​​ជា​ជនជាតិ​ខ្មែរ​មានទីលំនៅភូមិសាមគ្គី សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌពោធិសែនជ័យ ដែលលោកត្រូវបានគេតេស្តឃើញវិជ្ជមានវ៉ីរុសកូវីដ១៩ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ហើយលោកត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅសណ្ឋាគារ Great duke។ រហូតដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ អាការៈរបស់គាត់មានសភាព​ធ្ងន់ធ្ងរ ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត។ លោកបានបាត់បង់ជីវិតនៅថ្ងៃ២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅ​ម៉ោង​​៧:៣៥នាទីនាពេលព្រឹក​ថ្ងៃ​ពុធ​នេះ​។

ចំណែកបុរស​ជាជនជាតិចិន មានអាស័យដ្ឋាននៅសណ្ឋាគារយ៉ុងយ័ន ឃុំសំពៅពួន ស្រុកកោះធំ ខេត្តកណ្តាល បានតេស្តឃើញវិជ្ជមានវ៉ីរុសកូវីដ១៩ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ហើយ​លោក​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាកព្យាបាលនៅមន្ទីពេទ្យជ័យជំនះ។ រហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ អាការៈ​របស់​គាត់​មាន​សភាពធ្ងន់ធ្ងរក៏ត្រូវបានបញ្ជូនទៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយ​លោក​បាន​បាត់បង់​ជីវិត​នៅ​ថ្ងៃ២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅម៉ោង​៧:៤៥នាទីព្រឹក​ថ្ងៃ​ពុធ​នេះ។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​ថា តាម​រយៈការពិនិត្យ​សុខភាព និង​​ថត​សួត បុរស​ទាំង​ពីរ​នេះ​មាន​ការ​រលាក​សួត​ទាំង​សងខាង​ធ្ងន់​ធ្ងរ​ ហើយ​ក្រុម​គ្រូពេទ្យបា​ន​ព្យាយាម​សង្គ្រោះពួ​កគាត់​ដោយ​ម៉ាស៊ីន​ជំនួយ​ដង្ហើម តាំងពីថ្ងៃដែលពូកគាត់បានបញ្ជូន​មកមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀតមក។

ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យនៅក្នុងសេចក្តីប្រកាសព័ត៌មាន​នោះ​បញ្ជាក់ថា៖ «បុរសទាំង២ខាង​លើ​ គឺបានស្លាប់បាត់បង់ជីវិតដោយជំងឺកូវីដ១៩ វ៉ៃលុកលឿន ធ្វើឲ្យរលាកសួតទាំងសងខាងធ្ងន់ធ្ងរ និងខ្សោយសួតខ្លាំងពេក»។

គួរបញ្ជាក់ផងដែរថា មរណភាព​បុរស​ទាំង​ពីរ​នាក់​នេះ ជា​ករណី​ទី៧​ហើយ​ ក្នុង​ករណី​ដែល​មាន​អ្នក​ស្លាប់​​បាត់បង់​ជីវិត​ដោយសារ​​កូវីដ១៩ នៅ​កម្ពុជា៕