អ្នកស្រឡាញ់ភេទដូចគ្នាត្រូវបានទទួលរងផលប៉ះពាល់ទាំងសម្ពាធផ្លូវចិត្តខ្លួនឯង និងក្រុមគ្រួសារជាច្រើន ដែលធ្វើឲ្យអ្នកស្រឡាញ់ភេទដូចគ្នាទាំងឡាយនៅកម្ពុជា មិនហ៊ានសម្រេចជ្រើសរើសមនុស្សខ្លួនឯងស្រឡាញ់ហើយជ្រើសរើសគូអនាគត ដើម្បីបំពេញមុខមាត់របស់គ្រួសារ និងសង្គម។
លោក គុយ ធីតា ស្ថាបនិកសមាគមអ្នកស្រឡាញ់ភេទដូចគ្នា ដែលមានឈ្មោះថា ក្តីស្រឡាញ់គឺចម្រុះ គឺជាកូនទី៥ ក្នុងចំណោមកូនទាំង៦នាក់ ដែលមានស្រុកកំណើតនៅឯខេត្តសៀមរាប ហើយក៏ជាអតីតនិស្សិតផ្នែកទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យបញ្ញាសាស្រ្ត បានផ្តល់បទសម្ភាសន៍ដល់ Newsroom Cambodia ទាំងទឹកមុខពេញទៅដោយក្តីសង្ឃឹម និងការរំពឹងយ៉ាងមុតមាំ អំពីការបង្កើតសមាគមអ្នកស្រឡាញ់ភេទដូចគ្នា ដែលមានឈ្មោះថា «ក្តីស្រឡាញ់គឺចម្រុះ ឬហៅជាភាសាអង់គ្លេសថា Love is Diversity»។ សមគមនេះត្រូវបានបង្តើតឡើងចាប់តាំងពីខែមិថុនា ឆ្នាំ២០១៨ និងត្រូវបានគាំទ្រយ៉ាងកក់ក្តៅពីសំណាក់អង្គភាពគាំពារស្រ្តី UNWOMEN ប្រចាំប្រទេសកម្ពុជា ទាំងគ្រឿងសម្ភារៈគ្រឿងបរិក្ខា បច្ចេកទេសជាដើម។ លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះសិទ្ធិសេរីភាពរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នាដែលកំពុងរស់នៅប្រទេសកម្ពុជាកំពុងប្រឈមមុខទៅលើបញ្ហាធំៗដូចជា បញ្ហាផ្លូវចិត្ត វិបត្តិក្នុងគ្រួសារ គ្រឹះស្ថានអប់រំ និងកន្លែងការងារផ្សេងៗជាដើម។
លោកក៏បានបន្ថែមថា បញ្ហាដែលក្រុមនៃអ្នកស្រឡាញ់ភេទដូចគ្នាក៏មានខុសៗពីគ្នាផងដែរ អាស្រ័យទៅលើអត្តសញ្ញាណនៃភេទរបស់ពួកគាត់។ ជាក់ស្តែងក្នុងអត្តសញ្ញាណទាំងនោះត្រូវបានតំណាងដោយតួរអក្សរជាភាសាឡាតាំង LGBTIQ+ ដើម្បីងាយស្រួលកំណត់។
តាមរយៈការមើលឃើញពីសម្ពាធផ្លូវចិត្ត និងការរងនូវការរើសអើងមួយចំនួននៅកន្លែងធ្វើការ ជាពិសេសសម្រាប់អ្នកដែលបានផ្លាស់ប្តូរភេទរួចហើយនោះ ត្រូវបានទទួលការមិនផ្តល់តម្លៃ ឬមិនទទួលបានឱកាសការងារដូចជាមនុស្សទូទៅនោះទេ។ លោក គុយធីតា ក៏បានផ្តល់ជាយុទ្ធសាស្រ្តមួយចំនួនដើម្បីជាការលើកទឹកចិត្តដល់ពួកគាត់ និងបានចែករំលែកនូវបទពិសោធន៍ បូករូមជាមួយការចូលរូមក្នុងការងារសង្គមផ្សេងៗ ដែលពាក់ព័ន្ធនឹងសិទ្ធិសេរីភាពនៃអ្នកស្រឡាញ់ភេទដូចគ្នា។
លោក គុយ ធីតា និយាយថា លោកផ្ទាល់ក៏បានប្រឈមមុខក្នុងការជ្រើសរើសភេទដែលខ្លួនចង់បាន និងជ្រើសរើសមនុស្សដែលខ្លួនស្រឡាញ់ផងដែរ។ ចាប់តាំងពីពេលដែលលោក ស្វែងរកនូវភេទរបស់ខ្លួនឃើញមក លោកក៏បានសម្តែងនូវការត្រេកអរ និងពេញចិត្តនៅអ្វីដែលខ្លួនមាន និងបានសម្រេចនូវសមិទ្ធិផលជាច្រើនទាំងផ្នែកការងារផ្ទាល់ និងការងារសង្គម ដើម្បីលើកកម្ពស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នាទាំងអស់ឲ្យមានការទទួលស្គាល់ និងផ្តល់តម្លៃពីសំណាក់ក្រុមគ្រួសារ។ មិនតែប៉ុណ្ណោះលោកបានបញ្ជាក់ថា ការមានកម្លាំងចិត្តពេញលេញ និងការទុកចិត្តលើខ្លួនឯងខ្ពស់ គឺជាកត្តាដ៏សំខាន់ដើម្បីជំរុញឲ្យមានការសម្រេចចិត្តធ្វើអ្វីដែលត្រឹមត្រូវក្នុងការអភិវឌ្ឍប្រទេសជាតិ និងអាចជៀសវាងបានពីគ្រឿងញៀន ឬល្បែងឧបាយមុខផេ្សងៗ។
សម្រាប់មតិមួយចំនួនដែលមានការរិះគន់ដល់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាបានលើកឡើងថា ការស្រឡាញ់ភេទដូចគ្នាធ្វើឲ្យសង្គមមានការអន់ថយនូវចំនួនប្រជាជន លោក គុយ ធីតា ក៏បានឆ្លើយតបទៅនឹងមតិដែលលើកឡើងនេះទាំងការពន្យល់ថា៖ «ការគាំទ្រការស្រឡាញ់ភេទដូចគ្នាធ្វើឲ្យមានការអន់ថយចំនួនមនុស្ស ខ្ញុំគិតថាមិនត្រឹមត្រូវទាល់តែសោះ។ កន្លងមកមានការសិក្សាមួយបានបញ្ជាក់ថា ចំនួនមនុស្សស្រឡាញ់ភេទដូចគ្នាមានប្រមាណជា១០%តែប៉ុណ្ណោះ នៃចំនួនមនុស្សនៅលើពិភពលោក។ ហើយយើងអាចមើលលើការកត្តាម្យ៉ាងទៀតគឺ កំណើនប្រជាជននៅក្នុងពិភពលោក យើងឃើញថាពីមួយឆ្នាំទៅមួយឆ្នាំកើនឡើងរាប់លាននាក់។ ម្យ៉ាងវិញទៀត មានការរកឃើញថា អ្នកស្រឡាញ់ភេទដូចគ្នាមិនមែនទើបតែមានក្នុងពេលឥឡូវនេះទេ ដោយយើងមានភស្តុតាងមួយចំនួនបញ្ជាក់ថា មានតាំងពីរាប់ពាន់ឆ្នាំមុនមកម្លេះ»។
លោបន្ថែមថា យើងអាចមើលឃើញតាមបែបវិទ្យាសាស្ត្រហើយថា ការស្រឡាញ់ភេទដូចគ្នា មិនបានធ្វើមានការផុតពូជរបស់មនុស្សនិងអរិយធម៌របស់មនុស្សនោះទេ តែផ្ទុយទៅវិញអរិយធម៌របស់មនុស្សនៅតែបន្តរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើឲ្យយើងមិននឹកស្មានដល់។
លោក គុយ ធីតា បន្ថែមថា ការផ្តល់សិទ្ធិសេរីភាពសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នានេះពិតជាសំខាន់ណាស់ ដែលជាទូទៅត្រូវបានឲ្យសម្រាប់តែអ្នកដែលស្រឡាញ់ភេទផ្ទុយគ្នាតែប៉ុណ្ណោះ។ ជាក់ស្តែងដូចជា ការចុះសំបុត្រអាពាហ៍ពិពាហ៍ នីតិវិធីច្បាប់នៃការលែងលះ សិទ្ធិនៃការចុះឈ្មោះសំបុត្រកំណើតរបស់កូនក្នុងគ្រួសារ ជាដើមគឺមិនមានដូចគ្នាទេសម្រាប់អ្នកដែលស្រឡាញ់ភេទដូចគ្នា ដែលនេះគឺជាសិទ្ធិដែលយើងត្រូវតែមានដូចគ្នាក្នុងនាមជាប្រជាពលរដ្ឋម្នាក់ក្នុងប្រទេសដែលមានកាតព្វកិច្ចចូលរូមចំណែកក្នុងការអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើន។
លោកក៏បានបញ្ជាក់ថា៖ «សម្រាប់ការទទួលស្គាល់សិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នា ពិតជាមានសារៈសំខាន់ណាស់ ដោយសារក្នុងនាមជាមនុស្ស ហើយវាសិទ្ធិមូលដ្ឋានរបស់បុគ្គលម្នាក់ៗដែលមានសិទ្ធិ និងសេរីភាពក្នុងការធ្វើជាខ្លួនឯង អញ្ចឹងគាត់ជាអ្នកណាក៏ដោយ គាត់ជាអ្នកស្រឡាញ់ភេទដូចគ្នា ឬមិនមែនក៏ដោយ ម្នាក់ៗសុទ្ធតែមានសិទ្ធិមូលដ្ឋានដូចៗគ្នា គ្រាន់តែអ្នកស្រឡាញ់ភេទដូចគ្នាត្រូវបានគេរំលោភទៅលើសិទ្ធិក្នុងការធ្វើជាខ្លួនឯងរបស់ពួកគាត់»។
លោកបន្ថែមថា៖ «នៅពេលដែលមានការទទួលស្គាល់សិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នា នឹងធ្វើឲ្យក្រុមគ្រួសាររបស់គាត់មានសេចក្តីសុខ សុភមង្គល ដោយយើងមើលឃើញថា នៅពេលដែលមិនមានការទទួលស្គាល់សមាជិកគ្រួសារដែលស្រឡាញ់ភេទដូចគ្នា តែងតែមានការចម្រូងចម្រាស មិនមានសេចក្តីសុខជាមួយគ្នា មិនពេញចិត្តគ្នា ស្អប់គ្នា ស្តីបន្ទោសគ្នាបែបនឹងឯង។ ហើយមួយវិញទៀតនៅពេលដែលមានការទទួលស្គាល់នេះដែរ នឹងធ្វើឲ្យយើងមានសមភាព ក៏ដូចជាយុត្តិធម៌ក្នុងសង្គម ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជាដូចគ្នា»។
លោក គុយ ធីតា ដែលជាអ្នកដឹកនាំសមាគមអ្នកស្រលាញ់ភេទដូចគ្នារូបនេះបន្ថែមថា សម្រាប់ក្រុមគ្រួសារនៃអ្នកស្រឡាញ់ភេទដូចគ្នាផ្ទាល់គួរតែផ្តល់ការលើកទឹកចិត្ត និងត្រេកអរលើវត្តមានដែលមានពួកគាត់ជាកូនម្នាក់ក្នុងគ្រួសារ។ នេះជាកត្តាធម្មជាតិនៃអត្តចរិតរបស់ពួកគាត់ និងមិនអាចធ្វើការផ្តាស់ប្តូរបានទេ ហើយវាក៏មិនបានកាត់បន្ថយនូវតម្លៃនៃកូនៗរបស់ឪពុកម្តាយណាម្នាក់ដែរ។
លោកបញ្ជាក់ថា៖ «បើសិនជាយើងទាំងអស់គ្នាព្រមទទួលយកពួកគាត់ ស្រឡាញ់ និងឲ្យតម្លៃលើការសម្រេចចិត្តរបស់ពួកគាត់វិញ។ ពួកគាត់នឹងកាន់តែមានស្មារតីស្រឡាញ់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិទាំងមូលផងកាន់តែល្អប្រសើរផងដែរ បើសិនជាទង្វើ ឬសកម្មភាពទាំងឡាយណាដែលធ្វើឲ្យមានកានប៉ះពាល់ផ្លូវចិត្តពួកគាត់នោះ នឹងត្រូវបានលុបបំបាត់បានទាំងស្រុង។ នេះមិនមែនជារឿងរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នាតែម្ខាងទេ តែជាបញ្ហារបស់សង្គមជាតិទាំងមូលដែលយើងទាំងគ្នាជាប្រជាពលរដ្ឋត្រូវដោះស្រាយ»៕