អ្នកស្រឡាញ់ភេទដូចគ្នាត្រូវបានទទួលរងផលប៉ះពាល់ទាំងសម្ពាធផ្លូវចិត្តខ្លួនឯង និង​ក្រុម​គ្រួសារ​ជាច្រើន​ ដែលធ្វើឲ្យអ្នកស្រឡាញ់ភេទដូចគ្នាទាំងឡាយនៅកម្ពុជា មិន​ហ៊ាន​សម្រេច​ជ្រើសរើស​មនុស្ស​ខ្លួនឯងស្រឡាញ់ហើយជ្រើសរើសគូអនាគត ដើម្បី​បំពេញ​មុខ​មាត់​របស់​គ្រួសារ និងសង្គម។

លោក គុយ ធីតា ស្ថាបនិក​​សមាគម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ ដែល​មាន​ឈ្មោះថា ក្តីស្រឡាញ់គឺចម្រុះ គឺជាកូនទី៥​ ក្នុងចំណោមកូនទាំង៦នាក់ ដែល​មាន​ស្រុក​កំណើត​នៅ​ឯ​ខេត្ត​សៀមរាប ហើយក៏ជាអតីតនិស្សិតផ្នែកទំនាក់ទំនងអន្តរជាតិ នៅ​សាកល​វិទ្យា​ល័យ​​បញ្ញា​សាស្រ្ត បាន​ផ្តល់​បទសម្ភាសន៍ដល់ Newsroom Cambodia ទាំង​ទឹក​មុខ​ពេញ​ទៅដោ​យ​ក្តី​សង្ឃឹម និង​ការរំពឹងយ៉ាងមុតមាំ អំពី​​ការបង្កើត​សមាគម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ ដែល​មាន​ឈ្មោះថា «ក្តីស្រឡាញ់គឺចម្រុះ ឬហៅជាភាសាអង់គ្លេសថា Love is Diversity»។​ សមគម​នេះត្រូវបានបង្តើតឡើងចាប់តាំងពីខែ​មិថុនា ​ឆ្នាំ​២០១៨ និង​ត្រូវ​បាន​គាំទ្រ​យ៉ាង​កក់​ក្តៅ​ពី​សំណាក់​អង្គភាពគាំពារស្រ្តី UNWOMEN ​ប្រចាំប្រទេសកម្ពុជា ទាំងគ្រឿងសម្ភារៈគ្រឿងបរិក្ខា បច្ចេកទេស​ជាដើម។ លោកបានបញ្ជាក់ថា​ បច្ចុប្បន្ន​នេះ​សិទ្ធិ​សេរីភា​ព​របស់​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ដែលកំពុងរស់នៅប្រទេសកម្ពុជា​កំពុងប្រឈមមុខទៅលើបញ្ហាធំៗដូចជា បញ្ហាផ្លូវចិត្ត វិបត្តិក្នុងគ្រួសារ គ្រឹះស្ថានអប់រំ និងកន្លែងការងារផ្សេងៗជាដើម។

លោកក៏បានបន្ថែមថា បញ្ហាដែលក្រុមនៃអ្នកស្រឡាញ់ភេទដូចគ្នាក៏មា​នខុសៗពីគ្នាផងដែរ អាស្រ័យទៅលើអត្តសញ្ញាណនៃភេទរបស់ពួកគាត់។ ជាក់ស្តែង​ក្នុង​អត្តសញ្ញាណ​ទាំងនោះ​ត្រូវ​បាន​តំណាង​ដោយ​តួរអក្សរ​ជា​ភាសាឡា​តាំង LGBTIQ+ ដើម្បីងាយស្រួលកំណត់។

តាមរយៈការមើលឃើញពីសម្ពាធផ្លូវចិត្ត និងការ​រង​នូវការ​រើសអើង​មួយ​ចំនួន​នៅ​កន្លែង​ធ្វើការ ជាពិសេស​សម្រាប់​អ្នក​ដែល​បាន​ផ្លាស់ប្តូរភេទ​រួច​ហើយ​នោះ ត្រូវ​បាន​ទទួល​ការមិន​ផ្តល់​តម្លៃ ឬ​មិន​ទទួល​បាន​ឱកាសការងារដូចជាមនុស្សទូទៅនោះទេ។ លោក គុយធីតា ក៏បាន​ផ្តល់​ជា​យុទ្ធសាស្រ្ត​មួយចំនួន​ដើម្បីជាការលើកទឹកចិត្តដល់ពួកគាត់ និង​បាន​ចែករំលែក​នូវ​បទ​ពិសោធន៍ បូករូម​ជាមួយ​ការចូលរូម​ក្នុង​ការងារ​សង្គម​ផ្សេងៗ ដែល​ពាក់ព័ន្ធ​នឹង​សិទ្ធិ​សេរីភាព​នៃ​អ្នក​ស្រឡាញ់​ភេទដូចគ្នា។

លោក គុយ ធីតា និយាយ​ថា លោកផ្ទាល់ក៏បានប្រឈម​មុខ​ក្នុង​​ការជ្រើសរើស​ភេទ​ដែល​ខ្លួន​ចង់​បាន និងជ្រើសរើសមនុស្សដែលខ្លួនស្រឡាញ់ផងដែរ។ ចាប់តាំងពីពេលដែលលោក ស្វែងរកនូវភេទរបស់ខ្លួនឃើញមក លោកក៏បានសម្តែងនូវការត្រេកអរ និងពេញ​ចិត្ត​នៅ​អ្វី​ដែល​ខ្លួន​មាន និង​បានសម្រេចនូវសមិទ្ធិផលជាច្រើនទាំងផ្នែកការងារផ្ទាល់ និងការងារសង្គម​​ ដើម្បី​លើក​កម្ពស់​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នាទាំងអស់ឲ្យមានការទទួលស្គាល់​ និង​ផ្តល់​តម្លៃ​ពី​សំណាក់​ក្រុម​គ្រួសារ។ មិនតែប៉ុណ្ណោះលោកបានបញ្ជាក់ថា ការមានកម្លាំងចិត្តពេញលេញ និង​ការទុកចិត្ត​លើខ្លួនឯងខ្ពស់ គឺជា​កត្តា​ដ៏​សំខាន់​ដើម្បី​ជំរុញ​ឲ្យ​មានការ​​សម្រេច​ចិត្ត​ធ្វើអ្វី​ដែល​ត្រឹមត្រូវ​ក្នុង​ការអភិវឌ្ឍ​ប្រទេស​ជាតិ និង​អាច​ជៀសវាង​បាន​ពី​គ្រឿងញៀន ឬ​ល្បែង​ឧបាយមុខ​ផេ្សងៗ​។

សម្រាប់មតិមួយចំនួនដែលមានការរិះគន់ដល់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាបានលើកឡើងថា ការស្រឡាញ់ភេទដូចគ្នាធ្វើឲ្យសង្គមមានការអន់ថយនូវចំនួនប្រជាជន​ លោក​ គុយ ធីតា ក៏បាន​ឆ្លើយ​តប​ទៅនឹងមតិដែលលើកឡើងនេះទាំងការពន្យល់​ថា៖​ «ការគាំទ្រ​ការស្រឡាញ់​ភេទដូចគ្នាធ្វើឲ្យមានការអន់ថយចំនួនមនុស្ស ខ្ញុំគិតថា​មិន​ត្រឹម​ត្រូវ​ទាល់​តែ​សោះ។​​ កន្លង​មក​មាន​ការសិក្សាមួយបានបញ្ជាក់ថា ចំនួនមនុស្សស្រឡាញ់ភេទ​ដូចគ្នា​មានប្រមាណជា​១០%​តែ​ប៉ុណ្ណោះ នៃ​ចំនួនមនុស្សនៅលើពិភពលោក។ ហើយយើងអាច​មើល​លើ​ការកត្តា​ម្យ៉ាង​ទៀត​គឺ កំណើនប្រជាជននៅក្នុងពិភពលោក យើងឃើញថា​ពីមួយឆ្នាំ​ទៅ​មួយឆ្នាំ​កើន​ឡើង​រាប់លាន​នាក់។ ម្យ៉ាងវិញទៀត មានការរកឃើញថា​ អ្នកស្រឡាញ់ភេទ​ដូចគ្នា​មិនមែន​ទើបតែ​មាន​ក្នុង​ពេល​ឥឡូវនេះទេ ដោយយើងមានភស្តុ​តាង​មួយ​ចំនួន​បញ្ជាក់​ថា មានតាំងពីរាប់ពាន់​ឆ្នាំ​មុន​មក​ម្លេះ»។​

លោ​បន្ថែមថា យើងអាចមើលឃើញតាមបែបវិទ្យាសាស្ត្រហើយថា ការស្រឡាញ់ភេទដូចគ្នា មិនបានធ្វើមានការផុតពូជរបស់មនុស្សនិងអរិយធម៌របស់មនុស្សនោះទេ តែផ្ទុយ​ទៅវិញ​អរិយធម៌របស់​មនុស្ស​នៅតែបន្តរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដែល​ធ្វើ​ឲ្យ​យើង​មិន​នឹក​ស្មាន​ដល់។

លោក គុយ ធីតា បន្ថែម​ថា ការផ្តល់សិទ្ធិ​សេរីភាព​សម្រាប់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នេះ​ពិតជា​សំខាន់​ណាស់ ដែលជាទូទៅ​ត្រូវបានឲ្យ​សម្រាប់តែ​អ្នក​ដែល​ស្រឡាញ់​ភេទ​ផ្ទុយគ្នា​តែ​ប៉ុណ្ណោះ​។ ជាក់ស្តែងដូចជា ការចុះសំបុត្រអាពាហ៍ពិពាហ៍ នីតិវិធីច្បាប់នៃការលែងលះ សិទ្ធិ​នៃ​ការចុះ​ឈ្មោះសំបុត្រកំណើតរបស់កូនក្នុងគ្រួសារ ជាដើមគឺមិ​ន​មាន​ដូចគ្នា​ទេស​ម្រាប់​អ្នក​ដែល​ស្រឡាញ់ភេទ​ដូចគ្នា ដែលនេះ​គឺជា​សិទ្ធិ​ដែល​យើង​ត្រូវ​តែ​មាន​ដូចគ្នាក្នុ​ងនា​ម​ជា​ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​ប្រទេស​ដែល​មាន​កាតព្វកិច្ច​ចូលរូ​ម​ចំណែក​ក្នុង​ការអភិវឌ្ឍ​ប្រទេសឲ្យ​មានការរីកចម្រើន។

លោកក៏បានបញ្ជាក់​ថា៖​ «សម្រាប់ការទទួលស្គាល់សិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នា ពិតជា​មានសារៈសំខាន់ណាស់ ដោយ​សារ​ក្នុងនាមជាមនុស្ស ហើយវា​សិទ្ធិមូលដ្ឋាន​របស់​បុគ្គល​ម្នាក់ៗ​ដែល​មាន​សិទ្ធិ និងសេរីភាពក្នុងការធ្វើជាខ្លួនឯង អញ្ចឹងគាត់ជាអ្នកណាក៏ដោយ គាត់​ជាអ្នកស្រឡាញ់ភេទដូចគ្នា ឬមិនមែនក៏ដោយ ម្នាក់ៗសុទ្ធតែមានសិទ្ធិមូលដ្ឋានដូចៗគ្នា គ្រាន់តែអ្នកស្រឡាញ់ភេទដូចគ្នាត្រូវបានគេរំលោភទៅលើសិទ្ធិក្នុងការធ្វើជាខ្លួនឯងរបស់ពួកគាត់»។

លោក​បន្ថែម​ថា៖ «នៅពេលដែលមានការទទួល​ស្គាល់សិទ្ធិ​រប​ស់អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា នឹងធ្វើឲ្យក្រុមគ្រួសាររបស់គាត់មានសេចក្តីសុខ សុភមង្គល ដោយយើងមើលឃើញថា នៅពេលដែលមិនមានការទទួលស្គាល់សមាជិកគ្រួសារដែលស្រឡាញ់ភេទដូចគ្នា តែង​តែ​មាន​ការចម្រូងចម្រាស មិនមានសេចក្តីសុខជាមួយគ្នា មិនពេញចិត្តគ្នា ស្អប់គ្នា ស្តីបន្ទោស​គ្នាបែ​បនឹ​ងឯង។ ហើយមួយវិញទៀតនៅពេលដែលមាន​ការទទួលស្គាល់នេះដែរ នឹង​ធ្វើ​ឲ្យយើង​មាន​សមភាព ក៏ដូចជា​យុត្តិធម៌​ក្នុងសង្គម ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជាដូចគ្នា»។

លោក គុយ ធីតា ដែល​ជា​អ្នក​ដឹកនាំ​សមាគម​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​រូបនេះ​បន្ថែម​ថា សម្រាប់​​ក្រុមគ្រួសារនៃអ្នកស្រឡាញ់ភេទដូចគ្នាផ្ទាល់គួរតែផ្តល់ការលើកទឹកចិត្ត និង​ត្រេកអរ​លើ​វត្តមាន​ដែលមានពួកគាត់ជាកូនម្នាក់ក្នុងគ្រួសារ។ នេះជាកត្តាធម្មជាតិនៃអត្តចរិត​របស់​ពួកគាត់ និងមិនអាចធ្វើការផ្តាស់ប្តូរបានទេ ហើយវាក៏​មិន​បាន​កាត់​បន្ថយ​នូវ​តម្លៃ​នៃ​កូនៗ​របស់​ឪពុកម្តាយ​ណាម្នាក់​ដែរ។

លោក​បញ្ជាក់ថា៖ «បើសិនជាយើងទាំងអស់គ្នាព្រមទទួលយកពួកគាត់ ស្រឡាញ់ និង​ឲ្យ​តម្លៃ​លើ​ការសម្រេច​ចិត្តរបស់ពួកគាត់​វិញ។ ពួកគាត់នឹងកាន់តែមានស្មារតីស្រឡាញ់ខ្លួនឯង ​ក្រុម​គ្រួសារ និងសង្គមជាតិទាំងមូលផងកាន់តែល្អប្រសើរផងដែរ​ បើសិនជា​ទង្វើ ឬ​សកម្មភាព​ទាំងឡាយ​ណាដែ​លធ្វើឲ្យមានកានប៉ះពាល់ផ្លូវចិត្តពួកគាត់នោះ នឹ​ង​ត្រូវ​បាន​លុប​បំបាត់​បាន​ទាំង​ស្រុង។ នេះមិនមែនជារឿងរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នាតែម្ខាងទេ តែជា​បញ្ហា​របស់​សង្គ​ម​ជាតិ​ទាំងមូលដែលយើងទាំងគ្នាជាប្រជាពលរដ្ឋ​ត្រូវដោះស្រាយ»៕