ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃសុក្រនេះ បានបដិសេធលើអត្ថបទព័ត៌មានដែលចុះផ្សាយថា ជំងឺកូវីដ១៩មិនមែនជាវីរុស តែជាបាក់តេរីដែលត្រូវបានប៉ះនឹងវិទ្យុសកម្ម និងបញ្ចូលឈាមបណ្តាលឱ្យមនុស្សកកឈាមស្លាប់ ថាជាព័ត៌មានមិនពិត។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានអះអាងថា ព័ត៌មានដែលបានចុះផ្សាយតាមបណ្តាញសង្គមនៅថ្ងៃទី០៩ និងទី១០ ខែមិថុនា ឆ្នាំ២០២១ និងដាក់ប្រភពពីក្រសួងសុខាភិបាលសឹង្ហបុរីថា ជំងឺកូវីដ១៩គឺជាបាក់តេរីដែលត្រូវបានប៉ះពាល់នឹងវិទ្យុសកម្ម និងបញ្ចូលឈាម បណ្តាលឱ្យស្លាប់មនុស្សនោះ គឺជាព័ត៌មានក្លែងបន្លំ និងបំពុលសង្គម។
សេចក្តីប្រកាសព័ត៌មានខាងលើបានស្រង់អត្ថប័យពីព័ត៌មាននោះថា៖ «ប្រទេសសឹង្ហបុរីក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក បានធ្វើកោលស្យវិច័យលើសាកសពអ្នកជំងឺកូវីដ១៩ ហើយរកឃើញថាកូវីដ១៩មិនមែនជាវីរុសទេ វាជាបាក់តេរី ដែលត្រូវបានប៉ះពាល់នឹងវិទ្យុសកម្ម និងបញ្ចូលឈាម បណ្តាលឱ្យស្លាប់មនុស្ស ព្រមទាំងបណ្តាលឱ្យឈាមមនុស្សកក មានកំណកឈាម បណ្តាលឱ្យមនុស្សពិបាកដកដង្ហើម ព្រោះខួរក្បាលបេះដូង និងសួតមិនអាចទទួលបានអុកស៊ីសែន ធ្វើឱ្យមនុស្សស្លាប់យ៉ាងឆាប់រហ័ស»។
រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន នៅថ្ងៃសុក្រនេះបញ្ជាក់ថា៖ «នេះជាព័ត៌មានមិនពិត ក្លែងបន្លំ និងបំពុលសង្គម នៅក្នុងដំណាក់កាលដែលបណ្តាប្រទេសនៅលើសកលលោក បាននិងកំពុងរងគ្រោះដោយការរាតត្បាតពីវីរុសកូវីដ១៩»។
លោកស្រី ឱ វណ្ណឌីនបានបន្ថែមទៀតថា៖ «សូម្បីតែអង្គការសុខភាពពិភពលោក ក៏នៅពន្យល់ថាជំងឺកូវីដ១៩ ជាជំងឺបង្កឡើងដោយវីរុស១៩ (មិនមែនដោយបាក់តេរីនោះឡើយ) ដែលគេមិនទាន់បានរកឃើញឱសថសម្រាប់ព្យាបាលជាក់លាក់បាននៅឡើយ»។
លោកស្រី ឱ វណ្ណឌីន អំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យឈប់ចែកចាយនូវអត្ថបទដែលមានខ្លឹមសារដូចការជម្រាបជូនខាងលើនេះបន្តទៀត ដើម្បីបង្ការការភ័ន្តច្រឡំ និងច្របូកច្របល់សាធារណៈមតិ៕