អភិបាល​រាជធានី​​​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា​នេះ ​ប្រកាស​​​អនុញ្ញាត​ឱ្យគ្រប់​អាជីវកម្ម​ ការលក់​ដូរ​​ផ្សេង​ៗ​ដែល​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​ផ្សាររដ្ឋ​ទាំង​អស់​ ដំណើរ​ការ​ជា​ធម្មតា​វិញ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ ចាប់​ពី​​ថ្ងៃទី​១៥​ ខែមិថុនា​ នេះ​​ទៅ​ ​តែតម្រូវ​ឲ្យ​បន្ត​​អនុវត្ត​វិធាន​​ការ​​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ «៣​ការពារ ​និង​ ៣​កុំ»។​

ក្នុង​​សេចក្តី​សម្រេច​ចេញ​​ដោយ​​អភិបាល​​រាជធានី​​ភ្នំពេញ​​នៅ​យប់​ ​ថ្ងៃចន្ទ​ ទី​១៤​ ខែ​មិថុនា​នេះ​ បញ្ជាក់​ថា​ គ្រប់​សកម្មភាព​លក់ដូរ​ទាំងអស់​ដែល​ត្រូវ​​អនុញ្ញាត​ឱ្យ​បើក​ដំណើរ​ការ​ឡើង​វិញ​ក៏ពិត​មែន​ ប៉ុន្តែ​​នៅតែ​ត្រូវ​​​​បន្ត​ការ​អនុវត្ត​​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខា​ភិបាល​ ដើម្បី​នៅ​តែ​បន្ត​ការពារ​ទប់​ស្កាត់​ នូវ​ការរីក​រាល​ដាល​នៃ​ជំងី​កូវីដ១៩​ដដែល។ វិធានការ​ការពារ​ទាំង​នោះ​មាន​ដូចជា ពាក់​ម៉ាស់​ រក្សា​អនាម័យ​ដោយ​លាង​ដៃ​ជាមួយ​ទឹកអាកុល​ឱ្យ​បាន​ញឹកញាប់​ រក្សា​គម្លាត​សុវត្ថិភាព​ ការវាស់​កម្តៅ​ ការ​ស្កេន​ QR Code ជា​ដើម​។​

ក្នុង​សេចក្តី​ជូន​ដំណឹងនោះ​បញ្ជាក់ថា៖ «​ប្រគល់​ភារកិច្ច​ជូន​រដ្ឋបាល​ខណ្ឌ​ទាំង​១៤​ និង​មន្ទីរ​ពាណិជ្ជ​កម្ម​រាជធានី​ភ្នំពេញ​ ត្រូវ​សហការ​ចុះ​ត្រួត​ពិនិត្យ​តាម​ផ្សារ​នីមួយ​ៗ​ ដើម្បី​ធានា​ការអនុវត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​ខ្លឹម​សារ​នៃ​សេចក្តី​សម្រេច​នេះ​។ ក្នុង​ករណី​រក​ឃើញ​ថា​អភិបាល​រដ្ឋករ​ស្វយ័ត​ផ្សារ​ធំ​ថ្មី​ និង​គណ:កម្មការ​គ្រប់​គ្រង​ផ្សារ​រដ្ឋ​ ឬ​​បុគ្គល​ណា​ម្នាក់​ មិនព្រម​សហការ​ ឬ​​មិន​អនុវត្ត​តាម​ខ្លឹម​សារ​នៃ​សេចក្តី​សម្រេច​នេះ​ ត្រួវ​ចាត់​វិធានការ​រដ្ឋបាល​ និងវិធានការ​ច្បាប់​ ដោយ​គ្មាន​ការ​លើក​លែង​ឡើយ»។

សាលារាជធានី​ក៏​បាន​អំពាវ​នាវ​​ឱ្យ​​គ្រប់​​អាជីវ​ករ​ និង​​គណ:កម្មការ​​គ្រប់​គ្រង​​ផ្សារ​​រដ្ឋ​ ​ក៏ដូច​ជា​​គ្រប់​​ភាគី​​ដែល​ពាក់ព័ន្ធ​​ទាំង​អស់​ ត្រូវ​ចូល​រួម​គោរព​ប្រតិបត្តិ​តាម​ការ​ណែ​នាំ​ទាំង​អម្បាល​មាន​ដែល​បានចែង​​ក្នុង​​លិខិត​សម្រេច​​ឱ្យ​មាន​ប្រសិទ្ធភាព​តទៅ​៕​​