លោកនេត្រ ភក្រ្តា​ អ្នកនាំពាក្យ​​ក្រសួងបរិស្ថាន​បានផ្ដល់បទសម្ភាសន៍ដល់សិក្ខាកាម​ Newsroom​ Cambodia ព្រះតេជគុណសួន ម៉ិ  អំពីការដោះស្រាយបញ្ហាកាក​សំណល់ និង​​សំរាម​នៅ​រាជធានី​ភ្នំពេញ។

ខាងក្រោម​នេះ​ជា​កិច្ច​សម្ភាសន៍​រវាង​ព្រះ​តេជគុណសួន ម៉ិ និង​លោក​ នេត្រ​ ភក្រ្តា៖

Q: ចម្រើនពរ ​ លោក នេត្រ ភក្រ្តា!

A: ថ្វាយបង្គំ ព្រះអង្គ!

Q:  តើលោក​យល់​ឃើញ​បែប​ណា​ដែរ​ពាក់ព័ន្ធ​នឹង​កាក​សំណល់​សំរាម​​ក្នុង​រាជធានី​ភ្នំពេញ?

A: បាទ! ព្រះអង្គ ខ្ញុំយល់ឃើញថា កាកសំណល់សំរាមរឹងនៅទីក្រុងភ្នំពេញមានកម្រិតកើនឡើងជាបន្តបន្ទាប់។ ហើយជាទូទៅគឺក្នុងមួយឆ្នាំៗកំណើនសំរាមនៅប្រទេសកម្ពុជា របស់​យើង​កើន​ឡើង​១៥% ដោយឡែករាជធានីភ្នំពេញបច្ចុប្បន្នយើងនេះ សំរាមមានការកើនឡើងពី២,៧០០ទៅ ៣,០០០​តោន ក្នុងមួយថ្ងៃៗ  ហើយនៅក្នុងសំណល់សំរាម១០០%  គឺ ៦៨% ជាសំណល់សរីរាង្គ ​និង ២០%ជាសំណល់ប្លាស្ទិកហើយ១០% ជាសំណល់រឹង។

ស្ថានភាពសំរាមនៅរាជធានីភ្នំពេញនេះគឺ​ដោយសារតែ​ ទីមួយ កំណើនប្រជាជន។ ទីពី កំណើន​សេដ្ឋកិច្ច ការប្រើប្រាស់កើនឡើង ហើយវេចខ្ចប់ច្រើនដោយសារតែមានការ​ប្រើប្រាស់នូវ​ម្ហូបអាហារ វេចខ្ចប់កុម្ម៉ង​តាម​ផ្ទះ​ធ្វើ​ឲ្យ​មាន​កើន​ឡើង​ខ្ពស់។

Q: តើមានវិធានការគ្រប់គ្រងកាកសំណល់សំរាមបែបណាខ្លះ?

A: បាទ!​ចំពោះវិធានការគ្រប់គ្រងកាកសំណល់សំរាមយើងមានការរៀបចំគោលនយោបាយស្តីពីការគ្រប់គ្រងសំណល់រឹងទីប្រជុំជនដែលផ្ដោតពាក់ព័ន្ធទៅការគ្រប់គ្រងសំណល់សំរាម នៅក្នុងប្រទេសកម្ពុជារបស់យើង។ ក្នុងមួយថ្ងៃសំរាមដែលត្រូវបង្កើតឡើងជាង១០,០០០តោន ក្នុងមួយ​ឆ្នាំជិត​៤លាន​តោន។ បើតាម​ការ​សិក្សាអំពីកម្រិតនៃ​សំរាម​ដែល​យក​ទៅ​ចា​ក់​នៅលើ​ទីលាន​៧០% ទៅ​៨០% ​នៅក្នុងរាជធានីភ្នំពេញ។ ចំណែកនៅតាមទីខេត្តផ្សេងៗ គឺ​មាន​ប្រមាណ​ជាង​៥០% សំណ​ល់​នៅ​សល់​រាយប៉ាយ​តាម​ទីសាធាណ: ផ្លូវសាធាណ:  នៅតាមតំបន់ផ្សេងៗ ឬបោះចូលប្រភពទឹក ជាវិធានការគឺ​សម្រាប់​រាជរដ្ឋា​ភិបាល​បង្កើត​គោល​នយោបាយ​គ្រប់គ្រង​សំណល់រឹង​ទីប្រជុំជន ដោយ​ក្នុង​នោះ​គឺ​​ពង្រឹង​ទៅលើ​យន្តការគ្រប់គ្រងសំណល់សំរាម យន្តការនៃការប្រមូលសំរាម យន្តការ​នៃការញែកសំរាម ចាប់ផ្ដើមពីផ្ទះប្រជាពលរដ្ឋរហូតដល់ទីលាន ជំរុញ​ទៅ​លើ​ការកែច្នៃ​ឡើងវិញ​នូវ​សំណល់​សំរាម ដើម្បីកាត់បន្ថយសំរាមដែលយកទៅចាក់ចោលនៅទីលានសំរាម។

Q: តើកាកសំណល់នៅទីក្រុងភ្នំពេញមានកើនឡើងប៉ុន្មានភាគរយ?

A:  កាកសំណល់នៅទីក្រុងភ្នំពេញមានកើនឡើងកម្រិតគឺចន្លោះពី១០% ទៅ១៥% នៅ​ក្នុង​មួយ​ឆ្នាំ។​ នៅរាជធានីភ្នំពេញ​បច្ចុប្បន្ន​ សំណល់សំរាមបង្កើតឡើងចាប់ពី២,៧០០ ដល់៣,០០០តោន​ក្នុង​មួយថ្ងៃ ក្នុងនោះថង់ប្លាស្ទិកជាង១០លានថង់ត្រូវបានប្រើប្រាស់។

កម្រិតសំរាមដែលមានកើនឡើងជាចាំបាច់ គឺរាជរដ្ឋាភិបាលយក​ចិត្ត​ទុក​ដាក់​រៀបចំ​គ្រប់គ្រង​នៅ​លើ​ទីលាន។ ជាវិធានការគឺយើង​បែងចែក​ជា​តំបន់​ក្នុងការគ្រប់គ្រងសំណល់សំរាម ហើយពង្រីកទីលាន ជំរុញឲ្យប្រជាពលរដ្ឋតាមផ្ទះញែកសំណល់​សំរាមសរីរាង្គ សំណល់ប្លាស្ទិក សំណល់រឹង​ ក្នុងការ​គ្រប់គ្រង​ជំរុញទៅលើប្រើប្រាស់​ ដូចប្លាស្ទិកជាដើមហើយ យើងអនុវត្តគោលការណ៍កាត់បន្ថយ​ការប្រើ​ប្រាស់ កែច្នៃ​​ឡើងវិញ ការបដិសេធ​សំណល់​ប្លាស្ទិកនេះ​ ដែល​បង្ក​ផល​ប៉ះពាល់​ច្រើន​ដល់​បរិស្ថាន។​  ដុតប៉ះពាល់ដល់បរិយាកាស បើកប់ធ្វើឲ្យប៉ះពាល់ដល់ដី និងទឹក បើចូលក្នុង​ទឹកប៉ះពាល់​ដល់​ជីវៈ​ចម្រុះ​ផ្សេងៗទៀត។ អ៊ីចឹងទេ ការគ្រប់គ្រង​កាកសំណល់នេះ គឺយើង​យកចិត្តទុកដាក់​គ្រប់គ្រង​ទៅ​លើកា​រប្រើប្រាស់ហើយនិងផ្សព្វផ្សាយ អប់រំ ជំរុញ​ឲ្យប្រជាពលរដ្ឋចូលរួម​អនុវត្ត​គោលការណ៍​រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយប្រើប្រាស់ប្លាស្ទិកជាការសំខាន់មួយ ។

Q: តើកើនឡើងកាកសំណល់សំរាមដោយមូលហេតុអ្វី?

A: កើនឡើងកាកសំណល់សំរាមដោយមូលហេតុ គឺទី១ កំណើនសេដ្ឋកិច្ចប្រើប្រាស់ច្រើនវេចខ្ចប់ច្រើន ហើយចំណុចមួយទៀតគឺការកែច្នៃនៅមានកម្រិតធ្វើឲ្យកំណើនក៏កើនឡើងដែរ។​

បើសិន​យើង​កែច្នៃបានសំរាមច្រើន គឺសំរាមមិនមានការកើនឡើងនោះទេ។

Q: តើមានការដោះស្រាយសំរាមបែបណា?

A: មានការដោះស្រាយសំរាមបែបគឺដូចបានបញ្ជាក់ខាងដើម។ យើងជំរុញ​ឲ្យមានកែច្នៃសំរាម១០០ភាគរយ ៦៨ភាគរយជាសំណល់​សរីរាង្គ ដែលអាចធ្វើជីកំប៉ុស្តបាន។ ឯថង់ប្លាស្ទិកយើងអាចកែច្នៃប្រើប្រាស់បានឡើងវិញ កែច្នៃជាវត្ថុ ឬក៏ប្រើប្រាស់ឡើងវិញបាន។ ដោះស្រាយផ្សេងទៀត​យើងអប់រំ​ប្រជាពលរដ្ឋឲ្យគា​ត់កាត់បន្ថយប្រើប្រាស់ ឬក៏ការញែកសំរាមឲ្យបានទៀងទាត់ ត្រឹមត្រូវដែលគាត់មា​ន​ដីអាចបង្កើតជាជីកំប៉ុស្ត​បាន ឬក៏ប្រើប្រាស់ជា​ជី​ដាក់​ផ្កា​បានសម្រាប់សំណល់សរីរាង្គ។

Q: តើមានការកែច្នៃសំរាមបែបណា?

A: មានការកែច្នៃសំរាមគឺធ្វើជីកំប៉ុស្តបាន មានការផលិតវត្ថុអនុស្សាវ​រីយ៍​ដែល​ធ្វើ​អំពី​សំណល់​ប្លាស្ទិក ដូច​ជាកង់ឡាន ឬ​ក៏ផ្សេងៗទៀតដែលកំពុងជំរុញ​បន្ថែមទៅលើការកែច្នៃ ព្រោះ​សំណល់​សំរាម​ យើង​គិតថា​របស់​គ្មានប្រយោជន៍ តែតាមគិតឲ្យ​ជ្រៅ​វាមាន​តម្លៃ​សេដ្ឋកិច្ច​ទាញ​យក​មក​ប្រើប្រាស់​បាន។

Q: តើមានអ្វីសម្រាប់ផ្ញើសារទៅកាន់ ប្រជាពលរដ្ឋ?

A: សារផ្ញើសម្រាប់​ប្រជាពលរដ្ឋ សូមចូលរួមញែកសំរាមទៅតាមបច្ចេកទេសឲ្យបានត្រឹមត្រូវសំណល់​សរីរាង្គ សំណល់ប្លាស្ទិក និងសំណល់រឹង ហើយព្យាយាមក្នុងការកែច្នៃសំណល់​សរីរាង្គ​​ឲ្យបា​នអ​ស់លទ្ធភាព បើអាចញែកទៅល្អ គឺគេយកទៅប្រើប្រាស់សម្រាប់ធ្វើជីកំប៉ុស្ត​បាន​ ស្រប​តាមគោលនយោបាយរាជរដ្ឋាភិបាល លើការគ្រប់គ្រងសំណល់រឹង សំរាមនៅក្នុងទីប្រជុំជន។​

យើងជឿជាក់ថាសំណល់សំរាមត្រូវកាត់បន្ថយយកទៅចាក់នៅលើទីលាន ក៏ប៉ុន្តែជំរុញ​ទៅលើការកែច្នៃឲ្យបានច្រើន ហើយសូមឲ្យប្រជាពលរដ្ឋចូលរួមញែកសំរាមទៅតាមប្រភេទ ហើយ​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់សំរាម តាមរយៈការប្រើប្រាស់ឡើងវិញនូវថង់ សំណល់​ប្លាស្ទិក ឬ​ប្លាស្ទិក​ប្រើម្ដងបោះចោល សន្សំសំចៃទាំងម្ហូបអាហារកុំមានខ្ជះខ្ជាយ បើសិនជាខ្ជះខ្ជាយ​វាបង្កើន​ដល់​កាក​សំណល់​សរីរាង្គច្រើន ក៏ធ្លាក់ចុះសេដ្ឋកិច្ចយើងដែរ។ អ៊ីចឹងការចូលរួម​សន្សំ​សំចៃ​ ចូលរួម​អនុវត្ត​នូវការញែក​សំរាម ជាផ្នែក​មួយ​គ្រប់គ្រង​សំណល់សំ​រា​មឲ្យ​បានត្រឹមត្រូវ។

Q: សូមអរគុណ លោក នេត្រ ភក្រ្តា សម្រាប់កិច្ចសម្ភាសន៍!

A: ករុណា ព្រះអង្គ ៕