ប្រទេសកម្ពុជាបានប្រកាន់ភ្ជាប់នៅលទ្ធិប្រជាធិបតេយ្យដែលមានន័យថា ​ផ្តល់សិទ្ធិដល់​ប្រ​ជា​ពល​​រដ្ឋ​ជា​ម្ចាស់​ប្រ​ទេស​​​ និង​មាន​សិទ្ធិ​គ្រប់​គ្រាន់​នៅ​ក្នុងការ​បញ្ចេញ​​មតិជាសាធា​រណៈ​​ដោយ​មិន​មាន​ការ​ភ័យ​ខ្លាច ។

Newsroom Cambodia បានសម្ភាសន៍យុវជនយុវនារីដែលរស់នៅរាជ​ធានី​ភ្នំ​ពេញពាក់​ព័ន្ធ​​នឹង​​​ការ​យល់​ឃើញ​របស់​​ពួកគាត់​ទៅ​លើ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅកម្ពុជា​​ក្នុង​ពេល​បច្ចុប្បន្ន​។

លោក មៀន ​វិបុលវីរៈ អាយុ២៤ឆ្នាំ ជានិស្សិតផ្នែកទំនាក់ទំនងអន្តរជាតិឆ្នាំទី៤ រស់នៅ​ក្រុងតា​ខ្មៅ​ ខេត្ត​កណ្តាល​​​​យល់​​ថា៖ ​​«លទ្ធិ​ប្រ​ជា​ធិប​តេយ្យ​នៅ​កម្ពុជា​មិន​ទាន់​ពេញលេញ​នៅ​ឡើយ​ទេ។ មាន​​ហេតុ​ផល​មួយ​ចំនួន​ដែល​​ខ្ញុំ​យល់​ថា​អ៊ី​​ចឹង ព្រោះ​បើយើងនិយាយ​អំពី​លទ្ធិ​ប្រជា​ធិបតេយ្យ​​យើង​អាច​​ក្រ​ឡេក​ទៅ​មើល​ចំណុចស្នូលចំនួន៣គឺ ទី១​ទាក់ទង​ជាមួយ​នឹង​រាជរដ្ឋាភិបាល យើងឃើ​ញមា​នការ​បញ្ចេ​ញ​មតិ​ជា​ច្រើន​ជាសាធារណៈ​តែ​វា​នៅ​មាន​កម្រិត​នៅឡើយ​។​ ទី២​គឺ​ពាក់ព័ន្ធ​ជាមួយ​នឹងការ​​បោះឆ្នោត​ បើយើង​និយាយ​អំពី​ការបោះឆ្នោត​គឺ​ត្រូវ​មាន​សេរីភាព​ និង​តម្លាភាព ប៉ុន្តែ​បើ​យើងនិយា​យសុក្រឹត្យ​ភាព​​គឺនៅ​មាន​​កម្រិត​​នៅ​​ឡើយ​​ខ្ញុំអាច​និយាយថា​​ហាសិបហាសិប។ ​​​ទី៣​បើ​យើង​ក្រឡេក​ទៅ​មើល​អំពី​សិទ្ធិ​មនុស្ស​នៅក្នុង​បរិ​បទ​​នៃ​​ប្រទេស​កម្ពុជា​គឺ​នៅ​មាន​កម្រិត​នៅ​ឡើយ ​បើ​យើងប្រៀប​ធៀប​ទៅ​នឹងប្រ​ទេស​ដទៃ​ទៀត ​ដូចជា​សហរដ្ឋ​អាមេរិក​ ហើយយើង​ប្រៀប​ធៀបបរិបទនៃ​សិទ្ធិ​មនុស្ស​គឺខុសគ្នាឆ្ងាយ​​មែនទែន»។​

និស្សិត​រូប​នេះ​បន្ថែម​ថា៖ «ឧទាហរណ៍​ដូច​ជា​ការប្រកួត​ប្រជែងការ​​បោះ​ឆ្នោត​ហើយការ​បោះឆ្នោត​គួរ​តែ​មានគណ​បក្ស​​ចូលរួម​​ច្រើន​ ហើយមាន​លក្ខណៈប្រ​កួត​ប្រជែង ហើយ​បើ​យើង​​ក្រ​លេក​ទៅ​មើល​កម្ពុជា​មកទល់​ពេល​នេះ ​គឺមាន​តែពីរ​ទេដែល​មាន​ភាព​លេច​ធ្លោរ ​គឺមានCPP និងCNRP ហើយ​​​យើង​ឃើញ​ថា​មកទាល់​ពេល​នេះ​គណ​បក្ស​ត្រូវបាន​រំលាយ ​ហើយ​មាន​ការ​ចាប់ខ្លួន ​និង​ភៀស​ខ្លួ​ន​ទៅ​ក្រៅប្រទេស​ ដូច្នេះប្រជា​ធិបតេយ្យ​គឺមិនមានទៀត​ទេ​ តម្លាភាព​នៅ​ក្នុង​ការ​បោះឆ្នោត​​គឺ​មាន​ការ​គាប​សង្កត់» ។

កញ្ញា សឿង លក្ខិណា​ អាយុ២២ឆ្នាំ ជានិស្សិតផ្នែកច្បាប់ឆ្នាំទី៣ បានលើកឡើងថា៖ «​សម្រាប់​ខ្ញុំ​ពាក្យថាប្រជា​ធិប​តេយ្យ​គឺ​ប្រ​ជាជន​មាន​សិទ្ធិបញ្ចេញ​បតិ​យោបល់​ប៉ុន្តែ​ជាក់​ស្តែង​ដូចប្រ​ជា​ជន​នៅ​ក្នុង​ខេត្ត​កំពង់​ធំ​ពួកគាត់​អត់​អាច​មាន​សិទ្ធិ​ទៅ​​និយាយ​អ្វី​បានទេ​ គាត់​អាច​និយាយ​ប្រាប់​ក្រុម​គ្រួសារ​​គាត់បានប៉ុន្តែ​​​គាត់​អត់អាច​យក​រឿងហ្នឹង​ទៅ​និយាយ​ជាមួយ​នរណា​ម្នាក់​ដែលទាក់​ទង​និងដីធ្លី​របស់​គាត់នោះទេ​ នៅស្រុកបារាយណ៍​ខេត្ត​កំពង់​ធំ​ពួក​គាត់​មានបញ្ហា​រឿង​ដីធ្លី​តាំង​ពីឆ្នាំ​២០០៧​មកម្លេះ​​ រហូត​មកដល់​ឥឡូវ​រឿង​ដី​ធ្លី​ហ្នឹង​មិន​ទាន់​បាន​ដោះ​ស្រាយ​ទេ​ ដូច្នេះពាក្យពាក់​ព័ន្ធ​ជា​មួយ​លទ្ធិ​ប្រជា​ធិបតេយ្យ​ប្រជា​ជនគាត់​អត់​​ទាន់​មាន​សិទ្ធិ​គ្រប់​គ្រាន់​ក្នុង​ការ​បញ្ចេញ​មតិ​យោបល់​ទេ​»។

ចំណែក​ព្រះតេជគុណ លិន យូរ៉ា ព្រះជន្ម២៣វស្សា​ ជានិស្សិតឆ្នាំទី២ ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​បាន​មាន​ថេរដីកា​​ថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង​ច្រើន​ក្នុង​រយៈពេល​ជាង​៣០​ឆ្នាំ​ចុង​ក្រោយ បុន្តែ​ព្រះ​អង្គថា សម្រាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ មិន​ទាន់​ពេញ​លេញ​នៅ​ឡើយ​៖ ​​«​ការ​បញ្ចេញ​មតិ​ជាសាធារណរបស់​ប្រជា​ពលរដ្ឋគឺ​នៅ​មាន​កម្រិត​​ មាន​ន័យថាប្រទេស​​កម្ពុជា​ដែលជា​ប្រទេស​កាន់​របប​ប្រជាធិបតេយ្យ​នោះ​មិនទាន់​​មាន​សិទ្ធិ​ពេញ​លេញ​នៅ​ឡើយ​ក្នុង​ការ​​បញ្ចេញមតិ​របស់​ខ្លួននៅក្នុង​ការស្ថាបនាប្រទេស​ជាតិ​ មានន័យថា​បើទោះបីជា​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ ប៉ុន្តែ​សិទ្ធិ​សេរីភាព​នៅ​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ប្រជា​ពលរដ្ឋយើង​ឃើញ​ថា​នៅពេល​ប្រជាពលរដ្ឋបញ្ចេញមតិ​ច្រើន​ទាក់​ទង​ទៅ​និង​រដ្ឋាភិបាល​ផ្សេងៗ ហើយ​ភាគច្រើន​មាន​ការគំរាម​គំហែង ហើយ​វា​ជា​ផលវិបាក​របស់​ប្រជា​ពលរដ្ឋ​នៅក្នុង​ការ​បញ្ចេញ​មតិ​ ជា​រួមមកវិញ​នៅ​ពេលយើង​​​កាន់លទ្ធិប្រ​ជា​ធិប​តេយ្យ​ឱ្យ​ល្អប្រជាពលរដ្ឋ​មានការរីកចម្រើនជាងមុន​ទាំង​ការ​យល់​ដឹង​ទាំង​ជីវភាព ប៉ុន្តែនៅមាន​ចំណុចខ្វះខាតបន្តិចបន្តួច​បើយើងប្រៀបធៀបជាមួយប្រទេស​កាន់លទ្ធិប្រជា​ធិបតេយ្យដទៃ​ទៀត» ​។

កញ្ញា យ៉ាត ម៉ាឡៃ អាយុ២៣ឆ្នាំ ជា​និស្សិត​ផ្នែក​ទំនាក់​ទំនង​អន្តរ​ជាតិឆ្នាំទី២​ រស់​នៅ​ក្រុង​តា​ខ្មៅ ខេត្ត​កណ្តាល​​​យល់​ឃើញ​ថា មានសកម្មផាព​មួយ​ចំនួន​ដែល​កើត​ឡើង​នៅ​កម្ពុជា ដែល​កញ្ញា​ឃើញ​ថា​ជាការ​បង្ហាញ​ថា​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មិនទាន់​ពេញ​លេញ​នៅ​ឡើយ។​

កញ្ញាបានបន្ថែមថា៖ «មាន​បញ្ហា​មួយ​ចំនួន​ដូច​ជា​យុទ្ធនាការប្រ​ឆាំង​នឹង​អំពើពុក​រលួយ ​ការ​តស៊ូ​ការ​បញ្ចេញ​មតិ​ដែល​ទាក់​ទង​ទៅ​នឹងបញ្ហាការ​ការ​ពារ​​បរិស្ថាន​ដែល​ទាក់​ទងទៅនឹង​​​សកម្មជន​របស់​យើង​ត្រូវ​បានហាម​ឃាត់​ ទាក់ទងនឹង​បញ្ហា​នេះ​ដូចគ្នា​ក៏​មាន​ការ​ចាប់​ខ្លួន​​ចំពោះ​សកម្មជន​ណា​ដែល​ហ៊ាន​លេច​មុខ ​និង​លើក​ឡើង​ទៅ​លើ​អំពើ​អវិជ្ជមាន​នៅ​ក្នុង​សង្គម​​ដូចជា​ការ​​បូមខ្សាច់ ការ​កាប់​បំ​ផ្លាញ​ព្រៃ​ឈើ ​ក៏ដូចជា​ការ​លុប​បឹង​នៅ​តាម​ទី​ក្រុង​ដូច​គ្នា​​​ មួយ​វិញ​ទៀត​ពាក់ព័ន្ធ​ជាមួយ​នឹងការ​បោះឆ្នោត​នៅប្រទេសលទ្ធិប្រជា​ធិបតេយ្យ ​គឺ​ប្រកាន់​​ការ​សម្រេច​ចិត្ត​របស់​ប្រជា​ពលរដ្ឋ​ជាធំនៅក្នុង​ការ​ជ្រើស​រើស​អ្នក​ដឹកនាំ ​ប៉ុន្តែ​​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ៗ​ក៏ធ្លាប់​ឃើញ​មាន​បញ្ហា​បាតុ​កម្ម​ជា​មួ​យ​គណ​​​បក្ស​​​ប្រឆាំង​ព្រោះ​ការ​បោះ​ឆ្នោត​មិន​មាន​លក្ខណៈវិជ្ជមាននោះ​ទេ»។​

​​​កញ្ញា​បន្ថែម​ថា៖ «ចំពោះ​បញ្ហា​ទាំង​អស់​នេះ​ការ​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​សង្គម​មួយ​គឹ​វា​ល្អ​នៅ​ក្នុង​ចំណោម​លទ្ធិ​ផ្សេង​ទៀត​ដូច​ជា​លទ្ធិ​កុម្មុនីស្ត​ ដូច្នេះ​ក្នុងនាម​ជា​ប្រទេស​លទ្ធិ​ប្រជា​ធិប​តេយ្យ​គួរ​តែមាន​អព្យាក្រឹត​​ប្រកាន់​យក​នៅ​គោល​ការណ៍​គំនិត​សំខាន់ៗ​ឱ្យ​ដើរទាន់​នៅ​ប្រទេស​ផ្សេងៗ​ទៀត​ដែល​លុប​បំបាត់​អំពើពុករលុយ ​និងការ​កេង​ប្រវ័ញ្ចឬ​កេងចំណេញលើ​សិទ្ធិរបស់​ប្រ​ជា​ពលរដ្ឋ​ក្នុងសិទ្ធិបញ្ចេញ​មតិ​នៅក្នុង​សង្គម​ប្រជា​ធិបតេយ្យ​ដូចគ្នា»។

លោក ​ឈួន ពន្លក​ អាយុ​​២២ ឆ្នាំ​ជា​និស្សិត​ឆ្នាំ​៤ ផ្នែក​នីតិ​សាស្ត្រ​បាន​យល់​ឃើញ​ថា​៖ «​ប្រទេស​កម្ពុជា​បាន​ទទួល​​ឥទ្ធិ​ពល​ប្រជា​​ធិបតេយ្យ​​ដែល​បាន​ហូរ​ចូល​មក​នៅ​ក្នុង​ប្រទេស​យើង​ហើយ​​ប្រទេស​យើង​កំពុង​តែ​អភិវឌ្ឍ​ដែរ​​​ពាក្យថា​អភិវឌ្ឍ​គឺអភិវឌ្ឍ​គ្រប់​វិស័យ​ ទាំង​ការ​ឈាន​ទៅ​មុខ​ដំណើរ​ការ​របស់​ប្រជា​ធិបតេយ្យ​ៗនៅ​ក្នុង​ប្រទេស​កម្ពុ​ជា​គឹ​នៅ​មាន​កម្រិត​ហើយ​កំពុង​អភិវឌ្ឍ​ដើម្បី​ឱ្យ​ទៅជា​ប្រជា​ធិបតេយ្យ​ពេញលេញ​ឥឡូវ​នេះ​ប្រជា​ធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា​មិនទាន់​មានភាព​ពេញ​លេញ​ទេ​​រយៈ​កាល​កន្លង​មក​នេះ»។

​លោកបានបន្ថែមថា៖ «នៅ​​ក្នុង​អន្តរ​កាល​យើង​ឃើញថា​​សកម្ម​ជន​មួយ​ចំនួន​ដែល​ថ្មី​ៗ​នេះ​​ទើប​តែ​​ដោះ​​លែង​ទេ​ដូច​ជាលោក​រ៉ុង ឈុន​ ឬ​ក្រុម​ចលនា​មាតា​​ធម្ម​ជាតិ និង​ក្រុម​​យុវ​ជន​ខ្មែ​រ​​ថាវរៈ​ពួក​គាត់​ទាំង​អស់​នេះ​បាន​ធ្វើ​សកម្ម​ភាព​មួយ​ចំនួន​​ដែល​ធ្វើ​ឱ្យ​មាន​ការ​ចាប់​ខ្លួន​​ហើយ​សកម្ម​ភាពរបស់​រាជរដ្ឋា​ភិបាល​បាន​រំលោភ​ទៅលើ​សិទ្ធិ​សេរី​ភាព​របស់​ប្រជា​ពលរដ្ឋ​ត្រង់​ចំណុចនេះ​​ហើយ​​ទើបខ្ញុំ​កត់​សម្គាល់​ថា​លទ្ធិ​ប្រជា​ធិបតេយ្យ​មិនទាន់​មានសិទ្ធិ​ពេញ​លេញ​ទេ»​៕​