ប្រទេសកម្ពុជាបានប្រកាន់ភ្ជាប់នៅលទ្ធិប្រជាធិបតេយ្យដែលមានន័យថា ផ្តល់សិទ្ធិដល់ប្រជាពលរដ្ឋជាម្ចាស់ប្រទេស និងមានសិទ្ធិគ្រប់គ្រាន់នៅក្នុងការបញ្ចេញមតិជាសាធារណៈដោយមិនមានការភ័យខ្លាច ។
Newsroom Cambodia បានសម្ភាសន៍យុវជនយុវនារីដែលរស់នៅរាជធានីភ្នំពេញពាក់ព័ន្ធនឹងការយល់ឃើញរបស់ពួកគាត់ទៅលើលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាក្នុងពេលបច្ចុប្បន្ន។
លោក មៀន វិបុលវីរៈ អាយុ២៤ឆ្នាំ ជានិស្សិតផ្នែកទំនាក់ទំនងអន្តរជាតិឆ្នាំទី៤ រស់នៅក្រុងតាខ្មៅ ខេត្តកណ្តាលយល់ថា៖ «លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមិនទាន់ពេញលេញនៅឡើយទេ។ មានហេតុផលមួយចំនួនដែលខ្ញុំយល់ថាអ៊ីចឹង ព្រោះបើយើងនិយាយអំពីលទ្ធិប្រជាធិបតេយ្យយើងអាចក្រឡេកទៅមើលចំណុចស្នូលចំនួន៣គឺ ទី១ទាក់ទងជាមួយនឹងរាជរដ្ឋាភិបាល យើងឃើញមានការបញ្ចេញមតិជាច្រើនជាសាធារណៈតែវានៅមានកម្រិតនៅឡើយ។ ទី២គឺពាក់ព័ន្ធជាមួយនឹងការបោះឆ្នោត បើយើងនិយាយអំពីការបោះឆ្នោតគឺត្រូវមានសេរីភាព និងតម្លាភាព ប៉ុន្តែបើយើងនិយាយសុក្រឹត្យភាពគឺនៅមានកម្រិតនៅឡើយខ្ញុំអាចនិយាយថាហាសិបហាសិប។ ទី៣បើយើងក្រឡេកទៅមើលអំពីសិទ្ធិមនុស្សនៅក្នុងបរិបទនៃប្រទេសកម្ពុជាគឺនៅមានកម្រិតនៅឡើយ បើយើងប្រៀបធៀបទៅនឹងប្រទេសដទៃទៀត ដូចជាសហរដ្ឋអាមេរិក ហើយយើងប្រៀបធៀបបរិបទនៃសិទ្ធិមនុស្សគឺខុសគ្នាឆ្ងាយមែនទែន»។
និស្សិតរូបនេះបន្ថែមថា៖ «ឧទាហរណ៍ដូចជាការប្រកួតប្រជែងការបោះឆ្នោតហើយការបោះឆ្នោតគួរតែមានគណបក្សចូលរួមច្រើន ហើយមានលក្ខណៈប្រកួតប្រជែង ហើយបើយើងក្រលេកទៅមើលកម្ពុជាមកទល់ពេលនេះ គឺមានតែពីរទេដែលមានភាពលេចធ្លោរ គឺមានCPP និងCNRP ហើយយើងឃើញថាមកទាល់ពេលនេះគណបក្សត្រូវបានរំលាយ ហើយមានការចាប់ខ្លួន និងភៀសខ្លួនទៅក្រៅប្រទេស ដូច្នេះប្រជាធិបតេយ្យគឺមិនមានទៀតទេ តម្លាភាពនៅក្នុងការបោះឆ្នោតគឺមានការគាបសង្កត់» ។
កញ្ញា សឿង លក្ខិណា អាយុ២២ឆ្នាំ ជានិស្សិតផ្នែកច្បាប់ឆ្នាំទី៣ បានលើកឡើងថា៖ «សម្រាប់ខ្ញុំពាក្យថាប្រជាធិបតេយ្យគឺប្រជាជនមានសិទ្ធិបញ្ចេញបតិយោបល់ប៉ុន្តែជាក់ស្តែងដូចប្រជាជននៅក្នុងខេត្តកំពង់ធំពួកគាត់អត់អាចមានសិទ្ធិទៅនិយាយអ្វីបានទេ គាត់អាចនិយាយប្រាប់ក្រុមគ្រួសារគាត់បានប៉ុន្តែគាត់អត់អាចយករឿងហ្នឹងទៅនិយាយជាមួយនរណាម្នាក់ដែលទាក់ទងនិងដីធ្លីរបស់គាត់នោះទេ នៅស្រុកបារាយណ៍ខេត្តកំពង់ធំពួកគាត់មានបញ្ហារឿងដីធ្លីតាំងពីឆ្នាំ២០០៧មកម្លេះ រហូតមកដល់ឥឡូវរឿងដីធ្លីហ្នឹងមិនទាន់បានដោះស្រាយទេ ដូច្នេះពាក្យពាក់ព័ន្ធជាមួយលទ្ធិប្រជាធិបតេយ្យប្រជាជនគាត់អត់ទាន់មានសិទ្ធិគ្រប់គ្រាន់ក្នុងការបញ្ចេញមតិយោបល់ទេ»។
ចំណែកព្រះតេជគុណ លិន យូរ៉ា ព្រះជន្ម២៣វស្សា ជានិស្សិតឆ្នាំទី២ ផ្នែកទំនាក់ទំនងអន្តរជាតិបានមានថេរដីកាថា ប្រជាធិបតេយ្យនៅកម្ពុជាមានភាពប្រសើរឡើងច្រើនក្នុងរយៈពេលជាង៣០ឆ្នាំចុងក្រោយ បុន្តែព្រះអង្គថា សម្រាប់ប្រជាធិបតេយ្យនៅកម្ពុជា មិនទាន់ពេញលេញនៅឡើយ៖ «ការបញ្ចេញមតិជាសាធារណរបស់ប្រជាពលរដ្ឋគឺនៅមានកម្រិត មានន័យថាប្រទេសកម្ពុជាដែលជាប្រទេសកាន់របបប្រជាធិបតេយ្យនោះមិនទាន់មានសិទ្ធិពេញលេញនៅឡើយក្នុងការបញ្ចេញមតិរបស់ខ្លួននៅក្នុងការស្ថាបនាប្រទេសជាតិ មានន័យថាបើទោះបីជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែសិទ្ធិសេរីភាពនៅក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋយើងឃើញថានៅពេលប្រជាពលរដ្ឋបញ្ចេញមតិច្រើនទាក់ទងទៅនិងរដ្ឋាភិបាលផ្សេងៗ ហើយភាគច្រើនមានការគំរាមគំហែង ហើយវាជាផលវិបាករបស់ប្រជាពលរដ្ឋនៅក្នុងការបញ្ចេញមតិ ជារួមមកវិញនៅពេលយើងកាន់លទ្ធិប្រជាធិបតេយ្យឱ្យល្អប្រជាពលរដ្ឋមានការរីកចម្រើនជាងមុនទាំងការយល់ដឹងទាំងជីវភាព ប៉ុន្តែនៅមានចំណុចខ្វះខាតបន្តិចបន្តួចបើយើងប្រៀបធៀបជាមួយប្រទេសកាន់លទ្ធិប្រជាធិបតេយ្យដទៃទៀត» ។
កញ្ញា យ៉ាត ម៉ាឡៃ អាយុ២៣ឆ្នាំ ជានិស្សិតផ្នែកទំនាក់ទំនងអន្តរជាតិឆ្នាំទី២ រស់នៅក្រុងតាខ្មៅ ខេត្តកណ្តាលយល់ឃើញថា មានសកម្មផាពមួយចំនួនដែលកើតឡើងនៅកម្ពុជា ដែលកញ្ញាឃើញថាជាការបង្ហាញថាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមិនទាន់ពេញលេញនៅឡើយ។
កញ្ញាបានបន្ថែមថា៖ «មានបញ្ហាមួយចំនួនដូចជាយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយ ការតស៊ូការបញ្ចេញមតិដែលទាក់ទងទៅនឹងបញ្ហាការការពារបរិស្ថានដែលទាក់ទងទៅនឹងសកម្មជនរបស់យើងត្រូវបានហាមឃាត់ ទាក់ទងនឹងបញ្ហានេះដូចគ្នាក៏មានការចាប់ខ្លួនចំពោះសកម្មជនណាដែលហ៊ានលេចមុខ និងលើកឡើងទៅលើអំពើអវិជ្ជមាននៅក្នុងសង្គមដូចជាការបូមខ្សាច់ ការកាប់បំផ្លាញព្រៃឈើ ក៏ដូចជាការលុបបឹងនៅតាមទីក្រុងដូចគ្នា មួយវិញទៀតពាក់ព័ន្ធជាមួយនឹងការបោះឆ្នោតនៅប្រទេសលទ្ធិប្រជាធិបតេយ្យ គឺប្រកាន់ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋជាធំនៅក្នុងការជ្រើសរើសអ្នកដឹកនាំ ប៉ុន្តែនៅក្នុងប្រទេសកម្ពុជាយើងៗក៏ធ្លាប់ឃើញមានបញ្ហាបាតុកម្មជាមួយគណបក្សប្រឆាំងព្រោះការបោះឆ្នោតមិនមានលក្ខណៈវិជ្ជមាននោះទេ»។
កញ្ញាបន្ថែមថា៖ «ចំពោះបញ្ហាទាំងអស់នេះការប្រកាន់លទ្ធិប្រជាធិបតេយ្យនៅក្នុងសង្គមមួយគឹវាល្អនៅក្នុងចំណោមលទ្ធិផ្សេងទៀតដូចជាលទ្ធិកុម្មុនីស្ត ដូច្នេះក្នុងនាមជាប្រទេសលទ្ធិប្រជាធិបតេយ្យគួរតែមានអព្យាក្រឹតប្រកាន់យកនៅគោលការណ៍គំនិតសំខាន់ៗឱ្យដើរទាន់នៅប្រទេសផ្សេងៗទៀតដែលលុបបំបាត់អំពើពុករលុយ និងការកេងប្រវ័ញ្ចឬកេងចំណេញលើសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងសិទ្ធិបញ្ចេញមតិនៅក្នុងសង្គមប្រជាធិបតេយ្យដូចគ្នា»។
លោក ឈួន ពន្លក អាយុ២២ ឆ្នាំជានិស្សិតឆ្នាំ៤ ផ្នែកនីតិសាស្ត្របានយល់ឃើញថា៖ «ប្រទេសកម្ពុជាបានទទួលឥទ្ធិពលប្រជាធិបតេយ្យដែលបានហូរចូលមកនៅក្នុងប្រទេសយើងហើយប្រទេសយើងកំពុងតែអភិវឌ្ឍដែរពាក្យថាអភិវឌ្ឍគឺអភិវឌ្ឍគ្រប់វិស័យ ទាំងការឈានទៅមុខដំណើរការរបស់ប្រជាធិបតេយ្យៗនៅក្នុងប្រទេសកម្ពុជាគឹនៅមានកម្រិតហើយកំពុងអភិវឌ្ឍដើម្បីឱ្យទៅជាប្រជាធិបតេយ្យពេញលេញឥឡូវនេះប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាមិនទាន់មានភាពពេញលេញទេរយៈកាលកន្លងមកនេះ»។
លោកបានបន្ថែមថា៖ «នៅក្នុងអន្តរកាលយើងឃើញថាសកម្មជនមួយចំនួនដែលថ្មីៗនេះទើបតែដោះលែងទេដូចជាលោករ៉ុង ឈុន ឬក្រុមចលនាមាតាធម្មជាតិ និងក្រុមយុវជនខ្មែរថាវរៈពួកគាត់ទាំងអស់នេះបានធ្វើសកម្មភាពមួយចំនួនដែលធ្វើឱ្យមានការចាប់ខ្លួនហើយសកម្មភាពរបស់រាជរដ្ឋាភិបាលបានរំលោភទៅលើសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋត្រង់ចំណុចនេះហើយទើបខ្ញុំកត់សម្គាល់ថាលទ្ធិប្រជាធិបតេយ្យមិនទាន់មានសិទ្ធិពេញលេញទេ»៕