ក្រសួងអប់រំរៀបចំសិក្ខាសាលាអំពី «ថ្នាលបំណិនសតវត្សរ៍ទី២១របស់យុវជន» ដើម្បីតម្រង់ទិសការអភិវឌ្ឍសក្ដានុពលរបស់យុវជន សម្រាប់ជាធាតុចូលយ៉ាងសំខាន់ដល់ការអភិវឌ្ឍគោលនយោបាយ និងផែនការសកម្មភាពជាតិស្ដីពីការអភិវឌ្ឍយុវជនកម្ពុជានាពេលអនាគត។
សិក្ខាសាលានេះធ្វើឡើងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ក្នុងសាកលវិទ្យាល័យជាតិគ្រប់គ្រង ដោយមានការចូលរួមពីសំណាក់សិស្សនិស្សិតជាង១០០នាក់ មកពីសាកលវិទ្យាល័យចំនួន២០ផ្សេងៗគ្នា។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន បានថ្លែងក្នុងសិក្ខាសាលានេះថា យុវជនសតវត្សរ៍ទី២១គួរតែមានបំណិនទន់ និងបំណិនវិជ្ជាជីវៈឲ្យបានច្បាស់លាស់។ លោកថា បំណិនទន់ និងបំណិនវិជ្ជាជីវៈនេះសំដៅទៅលើបំណិនដែលទាក់ទងនឹងបុគ្គលលក្ខណៈផ្ទាល់ខ្លួនដូចជារបៀបក្នុងការទំនាក់ទំនង និងការងារក្រុមជាដើម។
លោក ហង់ ជួនណារ៉ុន បន្ថែមថា ការបញ្ចូលបំណិនទន់ទៅក្នុងមុខវិជ្ជាបំណិនជីវិតតាមមូលដ្ឋានមាន១២ចំណុចដែលចែកចេញជាបីក្រុម ដូចជាបំណិនសម្រាប់ការរៀនសូត្រ មានការច្នៃប្រឌិត ការត្រិះរិះពិចារណា និងការដោះស្រាយបញ្ហា។ បំណិនសម្រាប់ពង្រឹងអំណាចផ្ទាល់ខ្លួន មាន ការគ្រប់គ្រងខ្លួនឯង ភាពធន់ និងទំនាក់ទំនង។ ចំណែកបំណិនសម្រាប់លទ្ធភាពការងារ មានការចរចារ ការសម្រេចចិត្ត ភាពជាពលរដ្ឋសមានចិត្ត និងការចូលរួម។
កញ្ញា ជាង ឡានីតា អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី៣ ជំនាញអក្សរសាស្រ្តខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញដែលបានចូលរួមក្នុងសិក្ខាសាលានោះលើកឡើងថា សិក្ខាសាលានេះចង់ឱ្យយុវជនក្នុងសតវត្សរ៍ទី២១នេះស្របតាមបែបឌីជីថល និងស្របតាមការអភិវឌ្ឍរបស់រដ្ឋាភិបាល ហើយឱ្យយុវជនតាំងចិត្តក្នុងភាពជាអ្នកដឹកនាំជាដើម។
កញ្ញាថា៖ «សម្រាប់នាងខ្ញុំកម្មវិធីថ្ងៃនេះគឺផ្តោតខ្លាំងបំផុតលើការបណ្តុះបណ្តាលយុវជនឱ្យស្របទៅតាមសតវត្សន៍ទី២១ ជាពិសេសបែបបំណិនឌីជីថល។ អ្វីដែលសំខាន់គឺបានផ្សព្វផ្សាយអំពីកម្មវិធីបណ្តុះបណ្តាលផ្សេងៗរបស់អគ្គនាយកដ្ឋាន ដូចជា VMC (Volunteer for My Community) និងកម្មវិធីក្នុងកាយរឹទ្ធជាតិជាដើម ស្របតាមការអភិវឌ្ឍរបស់រដ្ឋាភិបាល»។
កញ្ញាបន្ថែមថា៖ «អ្វីដែលសំខាន់នោះយុវជនតាំងចិត្តក្នុងភាពជាអ្នកដឹកនាំ ហើយចែករំលែកជំនាញទន់ដែលបង្ហាញពីភាពជោគជ័យរបស់ពួកគាត់នៅថ្ងៃអនាគត»។
លោក សាខន រតនា អាយុ២១ឆ្នាំ ជានិស្សិតឆ្នាំទី៤ ជំនាញទំនាក់ទនងអន្តរជាតិនៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជានិយាយថា យុវជនក្នុងសតវត្សរ៍ទី២១ត្រូវតែមានជំនាញឌីជីថល ជំនាញទន់ ជំនាញរឹង និងចេះប្រើប្រាស់បច្ចេកវិទ្យាឱ្យបានត្រឹមត្រូវ។
លោកថា៖ «ខ្ញុំគិតវាពិតមានសារៈសំខាន់មែនទែនសម្រាប់យុវជនទាំងអស់គ្នា។ ក្នុងនាមយើងជាយុវជននៃសតវត្សរ៍ទី២១ យើងគួរមានចំណេះដឹងច្រើនមិនមែនត្រឹមតែជំនាញដែលយើងរៀននៅសាលាមួយមុខប៉ុណ្ណោះទេ ក៏ត្រូវជំនាញឌីជីថល ជំនាញទន់ ជំនាញរឹងហើយមួយទៀតគឺចំណេះដឹងនយោបាយ សេដ្ឋកិច្ចដើម្បីឱ្យតាមទាន់សម័យកាល»។
លោកបន្ថែមថា៖ «អ្វីដែលខ្ញុំផ្តោតសំខាន់នោះគឺបច្ចេកវិទ្យា បើទោះជាយើងមិនអាចបង្កើតបច្ចេកវិទ្យាថ្មីក៏យើងចេះប្រើប្រាស់វាដែរ កុំឱ្យថាគេខំបង្កើតឱ្យយើងហើយយើងអត់ប្រើទៀតចឹងទៅវាពិបាកក្នុងការអភិវឌ្ឍប្រទេសជាតិជាពិសេសគឺសេដ្ឋកិច្ច»។
ចំណែកកញ្ញា រ៉ន ម៉ាលីន បុគ្គលិកហាត់ការនៃក្រសួងអប់រំ ដែលបានចូលរួមក្នុងសិក្ខាសាលានោះលើកឡើងដែរថា យុវជនមិនមែនមានត្រឹមតែចំណេះដឹងក្នុងសាលាប៉ុណ្ណោះទេ ពួកគាត់គួរមានជំនាញផ្សេងៗ និងសាកល្បងខ្លួនឯងជាមួយអ្វីថ្មីៗគឺលើកទឹកចិត្តធ្វើការងារស្ម័គ្រចិត្តឱ្យបានច្រើន។
កញ្ញាថា៖ «សិក្ខាសាលាថ្នាលបំណិនសតវត្សរ៍ទី២១របស់យុវជនចង់ឱ្យយុវជនចេះដឹងអ្វីលើសពីការរៀននៅក្នុងថ្នាក់ ហើយជាពិសេសគឺលើកទឹកចិត្តឱ្យពួកគាត់ធ្វើការស្ម័គ្រចិត្តឱ្យបានច្រើននៅក្នុងសង្គមព្រោះការស្ម័គ្រចិត្តអាចធ្វើឱ្យយើងជួបប្រទះអ្វីដែលថ្មីៗហើយអាចស្វែងរកខ្លួនឯងឃើញ»។
បើតាមជំរឿនជាតិឆ្នាំ ២០១៩ ប្រជាជនអាយុក្រោម ៣០ឆ្នាំ មានប្រមាណជា ២/៣ នៃប្រជាជនសរុបប្រមាណ ១៦ លាននាក់ ឬស្មើប្រមាណជា ៦០%៕