លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​​ថ្ងៃ​ចន្ទ​នេះ បានប្រកាសបង្កើនការ​​ផ្តល់​​បណ្ណ​ក្រីក្រ​ដល់​​ប្រជាជន​ដែល​ទទួល​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូវីដ១៩ និងអតិផរណា​​​​នៅ​កម្ពុជា។​

ថ្លែង​ក្នុង​ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​​តុលា ឆ្នាំ​២០២២​នេះ លើកឡើង​ថា លោក​កំពុងរៀបចំ​​បណ្ណក្រីក្រ​ចំនួន​ពី​៣ ទៅ​​៤ម៉ឺនបន្ថែមទៀត​ សម្រាប់​ផ្តល់​ជន​ប្រជាជន​ក្រីក្រ​។

លោក ហ៊ុន សែនបញ្ជាក់ថា៖ «ខ្ងុំកំពុងតែរៀបចំ និង​រកវិធីបង្កើន​ចំនួន​គ្រូសារ​មួយចំនួន​ដែល​មាន​​ផលប៉ះពាល់​ចេញពី​កូរីដផង និងអតិផរណាផង។​ បន្ថែមគ្រួសារខ្លះថែមទៀត ៣ ទៅ ៤ ម៉ឺនបន្ថែមទៀត […] ដោយប្រជាពលរដ្ឋទទូលបានលុយពិតប្រាកដ ធ្វើបណ្ណ​ធ្វើអី​ឱ្យ​គាត់​រួច​ហើយ គាត់​ទៅ​យក​ពី​ធនាគារ​។​ ឯអ្នកមានផ្ទៃពោះ​ទៅពិនិត្យគេឱ្យលុយមកផ្ទះ ពេល​ឆ្លង​ទន្លេ​គេ​ឱ្យ​លុយ​ទៀត ឆ្លងទន្លេរួចគេឱ្យ១០ដងទៀតទាល់តែកូនអាយុ​២​ឆ្នាំ»​។

លោក ហ៊ុន​ សែន បន្ថែម​ទៀត​ថា លោក​នៅ​តែ​បន្ត​​ចែកបណ្ណ​ក្រីក្រ​នេះ​បន្ថែម​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​ការ​លំបាក។


គូរបញ្ជាក់​ផង​ដែរថា បណ្ណ​ក្រីក្រ​គឺ​សំដៅ​ដល់​ ការប្រើប្រាស់​សេវា​ថែទាំ​សុខភា​ព​ដោយ​ឥតបង់​ថ្លៃ​នៅ​មូលដ្ឋាន​សុខាភិបាល​សាធារណៈ។​ នេះបើយោងតាមគោលការណ៍ណែនាំស្តីពី កញ្ចប់​តាវកាលិក និង​យន្តការទូទាត់អ្នកផ្តល់សេវារបស់មូលនិធិសមធម៌សម្រាប់គ្រួសារក្រីក្រ  របស់​ក្រសួង​សុខាភិបាល៕​