កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជូនដំណឹងស្តីពីការពន្យារពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២១-២០២២ ដែលគ្រោងរៀបចំនៅថ្ងៃទី២១ និងទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ទៅថ្ងៃទី០៥ និងទី០៦ ខែធ្នូ ឆ្នាំ២០២២ វិញ។
Newsroom Cambodia នៅថ្ងៃទី២៩ និងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ បានសម្ភាសន៍សិស្សថ្នាក់ទី១២ចំនួន៥រូបអំពីការយល់ឃើញរបស់ពួកគេទាក់ទងទៅនឹងការពន្យារពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២១-២០២២។
![](https://newsroomcambodia.com/wp-content/uploads/2022/10/Samoeun-Rothvipheavy.jpg)
យុវតី សាមឿន រត្នវិភាវី អាយុ ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១២ ផ្នែកវិទ្យាសាស្រ្តសង្គម នៃវិទ្យាល័យជាស៊ីមបឹងកេងកង ប្រាប់ Newsroom Cambodia ថា ការពន្យារពេលប្រឡងបាក់ឌុប គឺមានទាំងគុណសម្បត្តិ និងគុណវិបត្តិ។
វិភាវីបញ្ជាក់ពីគុណសម្បត្តិនៃការពន្យារពេលនេះថា៖ «ការពន្យារពេលប្រឡងអាចឱ្យពួកខ្ញុំរៀនបន្ថែមទៀត ដោយសារតែកាលពីថ្នាក់ទី ១០និង១១ គ្រូមួយចំនួនគាត់មិនបានបង្រៀនបានពេញលេញទេ អ៊ីចឹងទៅពួកខ្ញុំមិនសូវមានគ្រឹះ ដោយសារតែបង្រៀនតាមរយៈអនឡាញ ហើយការពន្យារពេលនេះក៏ជាឱកាសមួយសម្រាប់ឲ្យពួកខ្ញុំអាចយកពេលទៅរៀនក្រៅម៉ោងបន្ថែមដើម្បីឱ្យពួកខ្ញុំកាន់តែមានភាពជឿជាក់លើសមត្ថភាពបានខ្លាំងជាងមុន ជាពិសេសនោះគឺមានពេលវេលាច្រើនជាមួយមិត្តភក្តិផងដែរ»។
យុវតីរូបនេះក៏បានបញ្ជាក់អំពីគុណវិបត្តិដែរថា៖ «ការពន្យារពេលយូរធ្វើឱ្យអ្នកខ្លះគាត់អាចបោះបង់ការសិក្សាចំពោះអ្នកដែលគាត់មិនសូវមានជីវភាពធូរធារ ដល់ពេលអ៊ីចឹងទៅគាត់បោះបង់ការសិក្សាទៅគាត់អាចនឹងខកខានក្នុងការចូលសាកលវិទ្យាល័យអីផ្សេងៗ»។
![](https://newsroomcambodia.com/wp-content/uploads/2022/10/Sarim-Panhasastra.png)
យុវជន សារីម បញ្ញាសាស្រ្ត អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២ ផ្នែកវិទ្យាសាស្រ្តពិតនៃវិទ្យាល័យជាស៊ីមបឹងកេងកង បានលើកឡើងថា ការពន្យារពេលប្រឡងបាក់ឌុបនេះគឺជារឿងល្អ។
បញ្ញាសាស្រ្តបញ្ជាក់ថា៖ «ការពន្យារពេលប្រឡងនេះ ខ្ញុំគិតថាល្អម៉្យាងដែរ ព្រោះអីសិស្សយើងអាចបានរៀនបន្ថែម ព្រោះអីថាក្នុងអំឡុងខែ១១ហ្នឹង មានកម្មវិធីបុណ្យអុំទូក ឈប់ច្រើនថ្ងៃអត់សូវបានរៀន។ អំឡុងពេលជិតប្រឡងអ៊ីចឹងគឺ វាមានបញ្ហាទាក់ទងជាមួយ និងភ្លៀងធ្លាក់អញ្ចឹងទៅ វាធ្វើឱ្យមានការពិបាកក្នុងការធ្វើដំណើរទៅរៀន ឬទៅប្រឡង ហើយការពន្យារពេលហ្នឹងគឺវាល្អដែរ សម្រាប់ឱ្យយើងងាយស្រួលធ្វើដំណើរ»។
![](https://newsroomcambodia.com/wp-content/uploads/2022/10/Sem-Chan-Sopheak.jpg)
យុវជន សែម ចាន់សុភ័ក្ដ្រ ជាសិស្សថ្នាក់ទី១២នៃសាលាប៊ែលធីអន្ដរជាតិសាខាទី៧ បាននិយាយថា ការពន្យារពេលការប្រឡងបាក់ឌុបនេះ គឺជាផលប្រយោជន៍ទូទៅសម្រាប់សិស្សទី១២ ដែលកំពុងត្រៀមប្រឡងនៅឆ្នាំនេះ។
សុភ័ក្រ្ត និយាយថា៖ «ផលប្រយោជន៍ទីមួយនោះគឺពួកយើងអាចត្រៀមទន្ទេញមេរៀនដែលត្រូវទន្ទេញដូចជាជីវ: និងប្រវត្ដិដែលជាមុខវិជ្ជាសំខាន់នៃការប្រឡង។ ហើយទីពីរ ពួកយើងអាចត្រៀមពេលវេលាក្នុងការធ្វើលំហាត់ដូចជា គណិត រូប គីមី ជាពិសេសគឺគណិត។ ហើយទីបី ពួកយើងអាចសិក្សាពីកម្រិតស្តង់ដារបស់បាក់ឌុប។ ហើយទីបួនគឺ យើងអាចត្រៀមលក្ខណ:ទុកជាមុន ដល់ពេលប្រឡងយើងទៅដោយមិនមានការភ័យព្រួយបារម្ភ។ ហើយទីប្រាំ គឺយើងអាចមានពេលវេលាក្នុងការរៀនគួរបន្ថែមដើម្បីបង្កើនចំណេះដឹងក្នុងការប្រឡង»។
![](https://newsroomcambodia.com/wp-content/uploads/2022/10/Thorng-Kimhak.jpg)
យុវជន ថោង គីមហាក់ អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២ ថ្នាក់វិទ្យាសាស្ត្រពិត មកពីវិទ្យាល័យព្រះយុគន្ធរបានប្រាប់ Newsroom Cambodia ថា ការពន្យារពេលប្រឡងបាក់ឌុបនេះគឺល្អហើយពុំមិនមានផលប៉ះពាល់អ្វីទេ។
យុវជនរូបនេះបញ្ជាក់ថា៖ «ពេលពន្យារពេលចឹងទៅយើងមានពេលក្នុងការរៀនគួរបន្ថែម ហើយយើងបានរៀនបន្ថែមពីមេរៀនផ្សេងដែលយើងអត់សូវយល់»។
![](https://newsroomcambodia.com/wp-content/uploads/2022/10/Leap-BunraninMakara.jpg)
យុវជន លាប ប៊ុនរ៉ានីនមករា អាយុ២១ឆ្នាំដែលជាសិស្សថ្នាក់ទី១២ ថ្នាក់វិទ្យាសាស្រ្តសង្គម មកពីវិទ្យាល័យជាស៊ីមបឹងកេងកងបានប្រាប់ Newsroom Cambodia ថាការពន្យារពេលប្រឡងបាក់ឌុបនេះគឺល្អសម្រាប់សិស្សទាំងអស់ដែលរៀបបានតិចក្នុងអំឡុងការរីករាលដាលជំងឺកូវីដ។
យុវជនរូបនេះលើកឡើងថា៖ «ការពន្យារពេលប្រឡងនេះគឺល្អសម្រាប់សិស្សទី១២ទាំងអស់ដើម្បីឱ្យគាត់រៀនបានច្រើនជាងមុន»៕