កាលពី​ថ្ងៃទី១៣​​​​​ ខែកញ្ញា​ ឆ្នាំ២០២២​ រដ្ឋមន្រ្តី​ក្រសួង​អប់រំ​ យុវជន និងកីឡា បាន​ប្រកាស​ជូន​ដំណឹង​ស្តីពី​ការ​ពន្យារ​ពេល​នៃការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ​ឆ្នាំសិក្សា​២០២១-២០២២​​ ដែលគ្រោង​រៀបចំ​នៅថ្ងៃទី​​២១​ និងទី​២២​ ខែវិច្ឆិកា ​ឆ្នាំ២០២២​ ទៅ​ថ្ងៃទី​០៥​ និង​ទី០៦​ ខែ​ធ្នូ ឆ្នាំ២០២២​ វិញ។

Newsroom Cambodia នៅ​ថ្ងៃទី២៩ ​និង​ថ្ងៃទី៣០​ ខែកញ្ញា ​ឆ្នាំ២០២២នេះ ​បាន​សម្ភាសន៍​​សិស្ស​ថ្នាក់​ទី១២​ចំនួន​៥រូប​អំពីការ​យល់ឃើញ​របស់​ពួកគេ​​ទាក់​ទង​ទៅ​នឹង​ការ​ពន្យារ​ពេល​នៃកា​រ​​​ប្រ​ឡ​ង​​​សញ្ញាបត្រ​មធ្យម​សិក្សាទុ​តិយ​ភូមិ​​ឆ្នាំ​សិក្សា​២០២១-២០២២។

យុវតី​ ​សា​មឿន​ ​រត្ន​វិ​ភា​វី

យុវតី​ ​សា​មឿន​ ​រត្ន​វិ​ភា​វី ​អា​យុ​ ​១៧​ឆ្នាំ ជាសិស្សថ្នាក់ទី១២​ ផ្នែកវិទ្យាសាស្រ្តសង្គម​​​​ នៃ​វិទ្យាល័យ​ជាស៊ីមបឹងកេងកង ប្រាប់​ Newsroom Cambodia  ថា​ ការ​ពន្យារ​ពេល​ប្រឡង​​បាក់ឌុប គឺ​មាន​ទាំង​គុណសម្បត្តិ និង​គុណ​វិបត្តិ។

​វិភាវីបញ្ជាក់ពី​គុណ​សម្បត្តិ​នៃការ​ពន្យារ​ពេល​នេះ​ថា៖ «ការពន្យារពេលប្រឡងអាចឱ្យពួកខ្ញុំរៀនបន្ថែមទៀត​ ដោយសារ​​​តែ​កាល​ពី​ថ្នាក់ទី ១០និង១១ គ្រូមួយ​ចំនួន​គាត់​មិន​បាន​បង្រៀន​បាន​ពេញ​លេញទេ អ៊ីចឹងទៅពួកខ្ញុំមិនសូវមានគ្រឹះ ដោយសារ​តែ​បង្រៀន​តាមរយៈ​អនឡាញ ហើយ​ការពន្យារ​ពេល​នេះ​ក៏​ជា​ឱកាស​មួយ​សម្រាប់​ឲ្យ​ពួក​ខ្ញុំអា​ច​យក​ពេល​ទៅ​រៀន​ក្រៅ​ម៉ោង​បន្ថែម​ដើម្បី​ឱ្យ​ពួកខ្ញុំ​កាន់​តែ​មាន​ភាព​ជឿជាក់​លើ​សមត្ថភាព​បាន​ខ្លាំង​ជា​ងមុន ជាពិសេសនោះគឺមានពេលវេលាច្រើនជាមួយមិត្តភក្តិ​ផងដែរ»។

​យុវតី​រូបនេះ​ក៏បាន​បញ្ជាក់​អំ​​​ពី​​គុណវិបត្តិ​ដែរ​ថា៖ «ការពន្យារ​ពេលយូរ​ធ្វើឱ្យ​អ្ន​កខ្លះ​​គាត់​អា​​ច​​​បោះ​បង់​​កា​​​រ​​សិក្សា​ចំ​​ពោះ​​អ្ន​ក​​​ដែ​​ល​​​គា​​ត់​​មិន​សូវមាន​ជីវភាព​ធូរធារ​ ដល់​ពេល​​​អ៊ីចឹង​ទៅ​គាត់បោះប​​ង់​ការ​​សិ​ក្សា​​​​ទៅ​គា​​ត់​អា​​ច​​នឹ​ង​​ខក​​ខាន​ក្នុងការ​ចូល​សាកល​វិទ្យាល័យ​​អីផ្សេងៗ»។

យុវជន សារីម បញ្ញាសាស្រ្ត

យុវជន សារីម បញ្ញាសាស្រ្ត អាយុ​១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២​ ផ្នែក​វិទ្យាសាស្រ្ត​ពិត​នៃ​​វិ​ទ្យា​ល័យ​ជាស៊ីមបឹងកេងកង បានលើកឡើងថា ការ​ពន្យារ​ពេល​​ប្រឡង​បាក់ឌុប​នេះ​គឺ​ជា​រឿង​ល្អ។

បញ្ញាសាស្រ្ត​បញ្ជាក់ថា៖ «ការពន្យារពេលប្រឡងនេះ ខ្ញុំគិត​​ថា​​ល្អ​ម៉្យាងដែរ ព្រោះ​អី​សិស្ស​យើ​ង​អាច​បានរៀនបន្ថែម ព្រោះអីថាក្នុងអំឡុងខែ១១ហ្នឹង មានកម្មវិធី​​បុ​ណ្យ​អុំ​ទូ​ក​​​​​ ឈ​ប់​ច្រើន​ថ្ងៃ​អត់​សូវ​បាន​រៀន។ អំឡុងពេលជិតប្រឡងអ៊ីចឹងគឺ វា​មាន​បញ្ហា​ទាក់ទង​ជាមួយ​ និង​ភ្លៀង​ធ្លាក់​អញ្ចឹង​ទៅ​ ​វា​ធ្វើឱ្យមានការពិបាក​ក្នុង​ការធ្វើ​ដំណើរ​ទៅ​រៀន ឬទៅប្រឡង ហើយការពន្យារពេលហ្នឹងគឺ​វាល្អដែរ សម្រាប់​ឱ្យ​យើង​ងាយ​ស្រួល​ធ្វើដំណើរ»។

យុវជន សែម ចាន់សុភ័ក្ដ្រ

យុវជន សែម ចាន់សុភ័ក្ដ្រ ជាសិស្សថ្នាក់ទី១២នៃសាលាប៊ែលធីអន្ដរជាតិសាខាទី៧ បាន​និយាយ​ថា ការពន្យារពេលការប្រឡងបាក់ឌុប​នេះ គឺ​ជាផលប្រយោជន៍ទូទៅ​សម្រាប់​​​សិ​​ស្ស​​​​​​ទី១២ ដែល​កំពុងត្រៀមប្រឡងនៅឆ្នាំនេះ។​

សុភ័ក្រ្ត និយាយ​ថា៖ «ផលប្រយោជន៍​ទីមួយ​នោះ​គឺ​ពួក​យើ​​ង​​អា​​ច​​ត្រៀ​ម​​​ទន្ទេញ​មេរៀន​ដែល​ត្រូវ​ទន្ទេញ​ដូចជាជីវ: និង​ប្រវត្ដិ​ដែលជាមុខវិជ្ជាសំខាន់​នៃការប្រឡង។​ ហើយទីពីរ ពួក​យើង​អាច​ត្រៀម​ពេល​វេលា​ក្នុង​ការធ្វើ​លំហាត់​ដូចជា គណិត រូប គីមី ជា​ពិសេសគឺ​គណិត។​ ហើយទីបី ពួកយើង​អាចសិក្សាពី​កម្រិតស្តង់ដារបស់បាក់ឌុប។​ ហើយ​ទីបួនគឺ​​ យើង​អាច​ត្រៀម​លក្ខណ:​ទុក​ជា​មុន ដល់​ពេ​ល​ប្រ​ឡង​យើ​ង​ទៅដោ​យ​មិនមា​នកា​រភ័យព្រួយបារម្ភ។​ ហើយទីប្រាំ គឺ​យើង​អាច​មាន​ពេល​វេលា​ក្នុងការ​រៀន​គួរ​បន្ថែម​ដើម្បី​​​ប​ង្កើ​​ន​ចំណេះដឹង​ក្នុងការប្រឡង»។

យុវជន ថោង គីមហាក់

យុវជន ថោង គីមហាក់ អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២​ ថ្នាក់វិទ្យាសាស្ត្រពិត មកពី​វិទ្យាល័យ​ព្រះយុគន្ធរ​បានប្រាប់ Newsroom Cambodia ថា ការពន្យារ​ពេល​ប្រឡង​បាក់ឌុប​នេះ​គឺ​ល្អ​ហើយ​ពុំ​មិនមាន​ផល​ប៉ះពាល់​អ្វី​ទេ។

​​​យុវជនរូបនេះបញ្ជាក់​ថា៖‍‍ «ពេល​ពន្យារ​ពេល​ចឹងទៅ​យើង​មាន​ពេល​ក្នុង​ការរៀន​គួរ​បន្ថែម ហើយ​យើង​​បាន​រៀន​បន្ថែម​ពី​មេរៀន​ផ្សេង​ដែល​យើង​អត់​សូវ​យល់»។

យុវជន ​លាប ប៊ុនរ៉ានីនមករា

យុវជន ​លាប ប៊ុនរ៉ានីនមករា អាយុ២១ឆ្នាំ​​ដែលជាសិស្សថ្នាក់ទី១២ ថ្នាក់វិទ្យាសាស្រ្តសង្គម​ មក​ពី​វិទ្យាល័យ​ជាស៊ីម​បឹងកេងកង​បានប្រាប់​ Newsroom Cambodia ថា​ការពន្យារ​ពេល​ប្រឡង​បាក់​ឌុប​នេះ​គឺ​ល្អ​សម្រាប់​សិស្ស​ទាំងអស់​ដែល​រៀប​បាន​តិច​ក្នុង​អំឡុង​ការ​រីករាលដាល​ជំងឺ​កូវីដ។

យុវជនរូ​បនេះ​​​លើកឡើង​​​ថា​៖ «​ការព​ន្យារ​​ពេ​ល​ប្រ​ឡ​ង​នេះគឺល្អ​សម្រាប់​សិ​ស្សទី​​១​២​​ទាំ​​​​ង​អស់​ដើម្បី​ឱ្យ​គាត់​រៀន​បាន​ច្រើន​ជាង​មុន‍»៕