នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ ដោយលើកមូលហេតុថា ដោយសារការរាតត្បាតជំងឺកូវីដ១៩មិនទាន់បិទបញ្ចប់ទាំងស្រុង ហើយកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងត្រូវរៀបចំឡើងដំណាលគ្នានឹងថ្ងៃបុណ្យអុំទូក។
ការប្រកាសផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីបនេះ ធ្វើឡើងតែនៅរាជធានីភំ្នពេញប៉ុណ្ណោះ សម្រាប់នៅតាមបណ្តាខេត្តនានាទូទាំងប្រទេស គឺអាចប្រព្រឹត្តទៅបានតាមការរៀបចំរបស់ថ្នាក់ខេត្ត ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ក៏ដូចជាបង្កើនបរិយាកាសទេសចរណ៍ និងផ្តល់ឱកាសក្នុងការរកប្រាក់ចំណូលជូនប្រជាពលរដ្ឋ ។
Newsroom Cambodia បានសម្ភាសន៍ប្រជាពលរដ្ឋខ្មែរចំនួន៦រូប ដែលរស់នៅរាជធានីភ្នំពេញ អំពីការយល់ឃើញរបស់ពួកគាត់ចំពោះការផ្អាកព្រះរាជពិធីបុណ្យអំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីបនៅរាជធានីភំ្នពេញក្នុងឆ្នាំ២០២២នេះ។
អ្នកស្រី សីង អាយុ ៣៥ឆ្នាំ ជាស្រ្តីមេផ្ទះ ដែលកំពុងដើរកម្សាន្តតាមមាត់ទន្លេ បានលើកឡើងថា អ្នកស្រីចង់ឱ្យមានការប្រារព្ធពិធីបុណ្យអុំទូក ប្រសិនបើគ្មានបញ្ហាអ្វីមួយ ដើម្បីកុំឱ្យបាត់បង់អត្តសញ្ញាណជាតិ។
អ្នកស្រីបញ្ជាក់ថា៖ «បើតាមចិត្តផ្ទាល់ ឥលូវនេះទឹកក៏ឡើងរាងខ្លាំង រដ្ឋាភិបាលបានប្រកាសផ្អាកការអុំទូក អ៊ីចឹងអត់ទាន់ថាអីដែរ ព្រោះមិនសូវដឹងច្បាស់ តែប្រហែលជារដ្ឋាភិបាលអាចទុកលុយដើម្បីជួយប្រជាពលរដ្ឋ ដែលខ្វះខាត ឬ ថាទឹកជន់នៅតាមខេត្តផ្សេងៗ បានលុយហ្នឹងជួយអ្នកដែលអត់»។
អ្នកស្រីបន្ថែមទៀតថា៖ «តែបើគ្មានបញ្ហាទឹកជំនន់នៅស្រុកខ្មែរទេ បើអាចបន្តការប្រារព្ធពិធីបុណ្យនេះ ដើម្បីកុំឱ្យបាត់អត្តសញ្ញាណជាតិរាល់ឆ្នាំ»។
យុវជន មីង ហេង អាយុ ១៨ឆ្នាំ ជានិស្សិត និងធ្វើការនៅក្រុមហ៊ុនមួយ យល់ថា ខ្លួនព្រួយបារម្ភខ្លាចបាត់បង់វប្បធម៌ជាតិ ប៉ុន្តែក៏ពេញចិត្តនឹងការសម្រេចចិត្តឱ្យមានការប្រារព្ធពិធីបុណ្យនៅតាមខេត្តដដែល។
យុវជនរូបនេះបញ្ជាក់ថា៖ «ហ្នឹងជាកម្មវិធីរបស់ជាតិប្រារព្ធតាំងពីដើមមក នៅសុខៗផ្អាកអីចឹង អាចថាបំបាត់វប្បធម៌របស់យើង ហើយនៅតាមខេត្តប្រារព្ធធម្មតា ប្រហែលជាគាត់រក្សាសុវត្ថិភាពឱ្យយើង»។
អ្នកស្រី ឃុល ស្រី អាយុ៦០ឆ្នាំ រស់នៅ ភ្នំពេញ ជាអាជីវករលក់ម្ជូរនៅសួនមាត់ទន្លេបានយល់ស្របទៅនឹងការផ្អាកពិធីបុណ្យអុំទូក ដោយអ្នកស្រីគិតថាជាការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលការពារពីភាពរញ៉េរះញ៉ៃមុនពេលប្រជុំអាស៊ាន។
អ្នកស្រីបញ្ជាក់ថា៖ «សម្តេចផ្អាកបុណ្យអុំទូក យើងមានតែស្របទៅតាមគំនិតរបស់លោក ព្រោះក្នុងរយៈពេលត្រឹមតែ៣ថ្ងៃ ណាមួយកុំឱ្យលក់ដូររញ៉េរញ៉ៃប៉ះពាល់ការប្រជុំអាស៊ាននាពេលខាងមុខ និងសមត្ថកិច្ចពិបាកធ្វើការ។
អ្នកស្រីបានបន្ថែមទៀតថា៖ «អត់អុំទូកចឹងលក់ស្រួលជាងអុំទូក ថ្ងៃអុំទូកមនុស្សច្រើនពិបាកលក់ ភ្ញៀវមើលមិនឃើញ គេរវល់មើលអ្នកអុំទូក ហើយក៏សប្បាយចិត្តម្យ៉ាង បាននៅផ្ទះធ្វើកិច្ចការផ្ទះ»។
យុវតី យឿន សុវណ្ណសីងហារីហ្សា អាយុ១៦ឆ្នាំ ជាសិស្សនៅវិទ្យាល័យស៊ីសុវត្ថិ និយាយថា ខ្លួនមានទម្លាប់ជួយគ្រួសារលក់ភេសជ្ជៈនៅពេលទំនេរពីការសិក្សា។ យុវតីរូបនេះបារម្ភ ពីអាជីវកម្មរបស់គ្រួសារ ប៉ុន្តែក៏បង្ហាញការសប្បាយចិត្ត ព្រោះអាចមានពេលជាមួយគ្រួសារច្រើននៅពេលផ្អាកការប្រារព្ធពិធីបុណ្យនេះ។
យុវតីរូបនេះបញ្ជាក់ថា៖ «ម៉ាក់ប្រហែលអត់បើកតូប ព្រោះអត់សូវមានអ្នកទិញ លក់តែបន្តិចក៏បិទតូបវិញ តែក៏ល្អដែលម៉ាក់មានពេលជុំគ្រួសារ ហើយឥលូវកូវីដក៏នៅតែមានអាចប៉ះពាល់ខ្លះដែរ ព្រោះប្រជាជនមកពីខេត្តផ្សេងៗមិនសូវលាងដៃជាមួយអាកុល និងពាក់ម៉ាស់»។
យុវជន និន ម៉ាណែត អាយុ ២១ឆ្នាំ ជាសិស្សថ្នាក់ទី១២ នៅវិទ្យាល័យជាស៊ីមបឹងកេងកង បានសម្តែងការពេញចិត្ត និងលើកឡើងថា នេះគឺជារឿងល្អ។
យុវជនរូបនេះបញ្ជាក់ថា៖ «វាជារឿងល្អ ព្រោះនៅក្នុងបរិបទកូវីដយើងត្រូវការពារទុកមុន ខ្លាចមានការឆ្លង ហើយយើងក៏អត់ដឹងដែរថានឹងមានរឿងអ្វីកើតឡើងនោះទេ ហើយណាមួយកូវីដនៅតែមានយើងត្រូវតែការពារខ្លួន»។
យុវតី ពេជ្រ ស្រីលក្ខណ៍ អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១២ នៅវិទ្យាល័យជាស៊ីមបឹងកេងកង ក៏បានយល់ស្របទៅនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលផងដែរ។
យុវតីរូបនេះបញ្ជាក់ថា៖ «វាជារឿងមួយដ៏ល្អសម្រាប់ប្រទេសយើងដែរ មួយទៀតឥឡូវនេះមានភ្លៀងធ្លាក់ខ្លាំងដូចជាទឹកជំនន់ វាអាចបង្កបញ្ហាដល់ការប្រារព្ធពិធីបុណ្យនេះ»។
គួរបញ្ជាក់ផងដែរថា ព្រះរាជពិធីបុណ្យអំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ជាព្រះរាជពិធីប្រពៃណីមួយរបស់ខ្មែរដែលតែងតែប្រារព្ធធ្វើឡើងនៅក្នុងអំឡុងខែវិច្ឆិកា។ តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រះរាជពិធីនេះត្រូវបានផ្អាកជាអន្លើដោយយោងទៅតាមស្ថានភាពលំបាកដែលបណ្តាលមកពីការឆ្លងរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ និងទឹកជំនន់៕