លោកសឿន មករា មានអាយុ២៦ឆ្នាំ មកពីខេត្តព្រៃវែង បានបញ្ចប់ថ្នាក់បរិញ្ញបត្រពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជំនាញអភិវឌ្ឍន៍សង្គមក្នុងឆ្នាំ២០១៩ ប៉ុន្តែដោយចិត្តស្រឡាញ់នឹងការងារសង្គមលោកក៏បានចូលរៀនជាមួយអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជនក្នុងឆ្នាំ២០១៦ ហើយបានក្លាយជាបុគ្គលិកពេញសិទ្ធិក្នុងអង្គការនោះ។
លោកមករា ដែលធ្លាប់ជាកូនកសិករធ្វើស្រែចំការមិនដែលស្គាល់ពីសកម្មភាពនយោបាយ និងបញ្ហាសង្គម បែរប្រែក្លាយខ្លួនជាបុគ្គលិកសង្គមស៊ីវិលដែលមានតួនាទីជាជំនួយការគម្រោង និងអ្នកបណ្តុះបណ្តាលយុវជនជំរុញឱ្យមានការយល់ដឹងពីបញ្ហាផ្សេងៗដែលកើតមានឡើងក្នុងសង្គម ជាពិសេសគឺការគិតស៊ីជម្រៅក្នុងការដោះស្រាយបញ្ហាទាំងនោះ។
លោកបាននិយាយថា៖ «យុវជនគួរមានការបង្វឹកខួរក្បាលខ្លួនឯងឱ្យមានការពិចារណា វិភាគបញ្ហានៅក្នុងសង្គមតើថាកើតឡើងដោយឬសគល់យ៉ាងដូចម្តេច ជះឥទិ្ធពល និងដោះស្រាយបែបណា ហើយអាចចូលខ្លួនចន្លោះណាបានដើម្បីសកម្មភាពក្នុងស្រុកទេសឱ្យមានប្រសិទ្ធិភាព។»
មិនត្រឹមតែប៉ុណ្ណោះ លោកមករា បានចូលរួមតវ៉ាលើបញ្ហាជាច្រើនជំុវិញរឿងតម្លើងប្រាក់ខែដល់កម្មកររោងចក្រ បញ្ហាជម្លោះដីធ្លី បញ្ហាបរិស្ថាន ជាមួយប្រជាពលរដ្ឋ ព្រមទាំងយុវជនផងដែរ បើទោះបីជាមានការរារាំង និងគំរាមកំហែងពីសំណាក់អាជ្ញាធរក្តីលោកនៅបន្តសកម្មភាពទាំងនេះ។
ខណៈទឹកមុខកំពុងញញឹមរីករាយ លោកមករា បែរជាមានការព្រួយបារម្ភទាក់ទងនឹងសិទ្ធិរបស់យុវជនក្នុងការចូលរួមក្នុងវិស័យនយោបាយ ព្រោះមានកត្តារាំងស្ទះមួយចំនួនដែលបានឃាត់យុវជនមិនឱ្យចូលរួមសកម្មភាពសង្គមដូចជា បញ្ហាជីវភាពរស់នៅ ក៏ដូចជាកង្វះខាតព័ត៌មាន ជាពិសេសការរិតត្បិតពីអាជ្ញារធរជាហេតុនាំឱ្យយុវជនពុំសូវបានចូលរួមក្នុងវិស័យនយោបាយពេញលេញ។
លោកថា៖ «យុវជនប្រៀបបាននឹងសសរទ្រូង និងឆ្អឹងខ្នងប្រទេសជាតិ ប៉ុន្តែមានឧបសគ្គខ្លះបានរារាំងមិនឱ្យពួកគេចូលរួមពីបញ្ហានយោបាយបានពេញលេញ ដោយសារមានអាជ្ញាធរគំរាមកំហែងបពា្ឈប់សកម្មភាពចូលរួម កង្វះខាតព័ត៌មាន និងជីវភាពផ្ទាល់ខ្លួន។»
លោកបានបន្តថា យុវជនខ្លះមិនបានទាំងយល់ពីមេរៀនដែលសិក្សាក្នុងសាលា ហើយថែមទាំងមិនបានយល់ពីបញ្ហាកើតឡើងក្នុងសង្គមទៀត។
លោកបន្ថែមថា៖ «គុណភាពនៃការអប់រំក្នុងស្រុកទេសរបស់យើងមានភាពខ្សោយ យុវជនខ្លះគាត់រៀនមេរៀនដែលគាត់រៀនក្នុងសាលាទាំងមិនយល់ ហើយមិនយល់ពីសិទិ្ធនិងតួនាទីរបស់គាត់ទៀត ធ្វើឱ្យគាត់អាក់ខានអនុវត្តន៍តួនាទីរបស់គាត់ចូលរួមឱ្យសង្គមរបស់គាត់។»
អ្នកបណ្តុះបណ្តាលយុវជនរូបនេះលើកឡើងថា បើទោះបីជាយុវជនមាននិន្នាការណ៍ផ្ទុយគ្នាក៏ត្រូវមានគោលការណ៍ផ្ទាល់ខ្លួន និងក្រមសីលធម៌ក្នុងការដោះស្រាយបញ្ហាសង្គម ហើយក៏នៅអាចអង្គុយនិយាយគ្នាបានមិនមែនក្នុងនាមជាសត្រូវ។
លោកថា៖ «សព្វថ្ងៃនេះពួកយើងបានធ្វើការងារច្រើនទៅលើយុវជន ពង្រឹងក្រមសីលធម៌របស់ពួកគាត់ដែលជាចំណុចសំខាន់ក្នុងការរស់នៅ បើទោះបីពួកគាត់មាននិន្នាការណ៍ផ្ទុយគ្នាក៏ដោយ និងពង្រឹងគោលការណ៍របស់ពួកគាត់ឱ្យគាត់ក្លាយជាមនុស្សដែលមានគោលការណ៍ខ្លួនឯងនៅពេលដែលយើងចង់ទៅអភិវឌ្ឍន៍សង្គមមួយ។»
បើទោះបីជាមានសម្លេងឡានម៉ូតូបើកទៅមកលាន់ឮក្តី លោកមករាក៏នៅតែព្យាយាមពន្យល់ថា អ្វីដែលមិនអាចខ្វះបានក្នុងលទិ្ធប្រជាធិបតេយ្យគឺរឿងសិទិ្ធនយោបាយមិនមែនជាមុខវិជ្ជាមួយដែលនរណាម្នាក់ត្រូវតែរៀន ប៉ុន្តែពលរដ្ឋត្រូវតែយល់ថាខ្លួនឯងមានសិទិ្ធអ្វីខ្លះ។
លោកថា៖ «ចំណុចមួយដែលមិនអាចខ្វះបានក្នុងសង្គមលទិ្ធប្រជាធិបតេយ្យគឺរឿងសិទិ្ធពលរដ្ឋ សិទ្ធិនយោបាយមិនមែនជាមុខវិជ្ជាណាមួយដែលអ្នកណាម្នាក់ត្រូវតែរៀន តែអាហ្នឹងពលរដ្ឋខ្លួនឯងនៅក្នុងស្រុកទេសគឺត្រូវទៅរៀនសូត្រហ្នឹង ត្រូវស្វែងយល់ថាខ្លួនឯងនៅក្នុងសង្គមប្រជាធិបតេយ្យមានសិទិ្ធ មានច្បាប់អីខ្លះដែលគាំទ្រគាត់នៅពេលដែលគាត់រស់នៅក្នុងសង្គម។»
លោកក៏បានបញ្ជាក់បន្ថែមទៀតថា ភាគីពាក់ព័ន្ធរួមមានរដ្ឋាភិបាល និងក្រសួងអប់រំដែលបានចេញគោលនយោបាយអភិវឌ្ឍន៍យុវជនតើត្រូវអនុវត្តន៍បែបណា ដើម្បីឱ្យយុវជនអាចមានសិទិ្ធគ្រប់គ្រាន់ចូលរួមក្នុងវិស័យនយោបាយ។
លោកបញ្ជាក់ថា៖ «មិនមែនមានតែខ្ញុំខ្លួនឯងមួយទេ គឺវាអាស្រ័យលើភាគីពាក់ព័ន្ធរួមមានរដ្ឋាភិបាលខ្លួនឯង ក៏ដូចជាក្រសួងអប់រំចេញគោលនយោបាយអភិវឌ្ឍន៍យុវជនខ្លួនឯង គោលនយោបាយមានហើយតើនឹងត្រូវអនុវត្តន៍បែបស្របទៅតាមគោលនយោបាយ ជាពិសេសរដ្ឋាភិបាលគួរអនុវត្តន៍ និងគោរពសិទ្ធិយុវជនឱ្យពួកគាត់បានចូលរួមល្អប្រសើរ[…]រដ្ឋាភិបាលជាអ្នកធានាធ្វើយ៉ាងណាឱ្យស្ថានការណ៍នយោបាយក្នុងស្រុកទេសវាល្អប្រសើរឡើងទើបការចូលរួមពីយុវជនកាន់តែរីកចម្រើន។»
យ៉ាងណាក្តី លោក មករា បានបន្ថែមថាមានការលាបពណ៌គ្នាទៅវិញទៅមកលើយុវជនទាំងដែលការពិតពួកគេទាំងអស់សុទ្ធតែធ្វើការដើម្បីសង្គម។
លោកបន្ថែមថា៖ «ជាក់ស្តែងនៅក្នុងសង្គម និងបណ្តាញសង្គមមានការប្រទូសរ៉ាយគ្នា ចោទប្រកាន់គ្នា លាបពណ៌គ្នាថាជាប្រឆាំងអ្នកនេះ ជាអ្នកផ្តួលរំលំអ្នកនោះ ជាអ្នកធ្វើការដើម្បីចាយ យកលុយពីម្ចាស់ជំនួយអ៊ីចឹងទៅ តែតាមពិតយើងទាំងអស់គ្នាសុទ្ធតែធ្វើការដើម្បីសង្គមដូចគ្នា។»
បើតាមជំរឿនជាតិឆ្នាំ ២០១៩ ប្រជាជនអាយុក្រោម ៣០ឆ្នាំ មានប្រមាណជា ២/៣ នៃប្រជាជនសរុបប្រមាណ ១៦ លាននាក់ ឬស្មើប្រមាណជា ៦០%៕