លោកសឿន មករា​ មានអាយុ២៦ឆ្នាំ មកពីខេត្តព្រៃវែង បានបញ្ចប់ថ្នាក់បរិញ្ញបត្រពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជំនាញអភិវឌ្ឍន៍សង្គមក្នុងឆ្នាំ២០១៩ ប៉ុន្តែដោយចិត្តស្រឡាញ់នឹងការងារសង្គមលោកក៏បានចូលរៀនជាមួយអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជនក្នុងឆ្នាំ២០១៦ ហើយបានក្លាយជាបុគ្គលិកពេញសិទ្ធិក្នុងអង្គការនោះ។

លោកមករា ដែល​ធ្លាប់​ជា​កូន​កសិករ​ធ្វើស្រែចំការ​មិន​ដែល​ស្គាល់​ពី​សកម្មភាព​នយោបាយ និង​បញ្ហា​សង្គម បែរ​ប្រែក្លាយ​ខ្លួន​ជា​បុគ្គលិក​សង្គមស៊ីវិល​​ដែល​មាន​តួនាទី​ជា​ជំនួយ​ការ​គម្រោង និង​អ្នក​បណ្តុះបណ្តាល​យុវជន​ជំរុញ​ឱ្យ​មាន​ការ​យល់ដឹង​ពី​បញ្ហា​ផ្សេងៗ​ដែល​កើតមានឡើង​ក្នុង​សង្គម ​ជា​ពិសេស​គឺ​ការ​គិត​ស៊ីជម្រៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំង​នោះ។

លោកបាននិយាយថា៖ «យុវជន​គួរ​មាន​ការ​បង្វឹក​ខួរក្បាល​ខ្លួនឯង​ឱ្យ​មាន​ការ​ពិចារណា​ វិភាគ​បញ្ហា​នៅ​ក្នុង​សង្គម​តើ​ថា​កើត​ឡើង​ដោយ​ឬសគល់​យ៉ាង​ដូចម្តេច ជះ​ឥទិ្ធពល និង​ដោះស្រាយ​បែបណា ហើយ​អាច​ចូល​ខ្លួន​ចន្លោះ​ណា​បាន​ដើម្បី​សកម្មភាព​ក្នុង​ស្រុកទេស​ឱ្យ​មាន​ប្រសិទ្ធិភាព។»

លោកសឿន មករាកំឡុងពេលសម្ភាសន៍ជាមួយ Newsroom Cambodia។ រូបភាព៖ ស៊ឹម ចាន់សំណាង

មិនត្រឹមតែប៉ុណ្ណោះ លោកមករា បានចូលរួមតវ៉ាលើបញ្ហាជាច្រើនជំុវិញរឿងតម្លើងប្រាក់ខែដល់កម្មកររោងចក្រ បញ្ហាជម្លោះដីធ្លី បញ្ហាបរិស្ថាន ជាមួយប្រជាពលរដ្ឋ ព្រមទាំងយុវជនផងដែរ បើទោះបីជាមានការរារាំង និងគំរាមកំហែងពីសំណាក់អាជ្ញាធរក្តីលោកនៅបន្តសកម្មភាពទាំងនេះ។

ខណៈ​ទឹកមុខ​កំពុង​ញញឹម​រីករាយ​ លោកមករា បែរ​ជា​មាន​ការ​ព្រួយបារម្ភ​ទាក់ទង​នឹង​សិទ្ធិ​របស់​យុវជន​ក្នុង​ការ​ចូលរួមក្នុង​វិស័យ​នយោបាយ ព្រោះ​មាន​កត្តា​រាំងស្ទះមួយ​ចំនួន​ដែលបាន​ឃាត់យុវជន​មិន​ឱ្យ​ចូលរួម​សកម្មភាពសង្គម​ដូចជា បញ្ហា​ជីវភាព​រស់នៅ ក៏​ដូចជា​កង្វះ​ខាត​ព័ត៌មាន​ ជាពិសេស​ការ​រិតត្បិត​ពី​អាជ្ញារធរ​ជាហេតុ​នាំ​ឱ្យ​យុវជន​ពុំសូវ​បាន​ចូលរួម​ក្នុង​វិស័យ​នយោបាយ​ពេញលេញ។

លោក​ថា៖ «យុវជន​ប្រៀប​បាន​នឹង​សសរទ្រូង និង​ឆ្អឹងខ្នង​ប្រទេសជាតិ ប៉ុន្តែ​មាន​ឧបសគ្គ​ខ្លះ​បាន​រារាំងមិន​ឱ្យ​ពួកគេ​ចូលរួម​ពី​បញ្ហា​នយោបាយ​បាន​ពេញលេញ ដោយសារ​មាន​អាជ្ញាធរ​គំរាមកំហែង​បពា្ឈប់​សកម្មភាព​ចូលរួម កង្វះខាត​ព័ត៌មាន និង​ជីវភាព​ផ្ទាល់ខ្លួន។»

លោក​បាន​បន្ត​ថា យុវជន​ខ្លះ​មិនបាន​ទាំង​យល់​ពី​មេរៀន​ដែល​សិក្សា​ក្នុង​សាលា ហើយ​ថែម​ទាំងមិន​បាន​យល់​ពី​បញ្ហា​កើតឡើង​ក្នុង​សង្គម​ទៀត។

លោក​បន្ថែម​ថា៖ «គុណភាព​នៃ​ការអប់រំ​ក្នុង​ស្រុកទេស​របស់​យើង​មាន​ភាព​ខ្សោយ យុវជន​ខ្លះ​គាត់រៀន​មេរៀន​ដែល​គាត់​រៀន​ក្នុង​សាលា​ទាំង​មិនយល់ ហើយ​មិនយល់​ពី​សិទិ្ធ​និង​តួនាទី​របស់​គាត់​ទៀត ធ្វើឱ្យ​គាត់​អាក់ខាន​អនុវត្តន៍​តួនាទី​របស់​គាត់​ចូលរួម​ឱ្យ​សង្គម​របស់​គាត់។»

អ្នក​បណ្តុះបណ្តាល​យុវជន​រូបនេះ​លើកឡើងថា​ បើទោះបី​ជា​យុវជន​មាន​និន្នាការណ៍​ផ្ទុយគ្នា​ក៏​ត្រូវ​មាន​គោលការណ៍​ផ្ទាល់ខ្លួន និង​ក្រមសីលធម៌​ក្នុង​ការដោះស្រាយ​បញ្ហាសង្គម ហើយ​ក៏នៅ​អាច​អង្គុយ​និយាយ​គ្នា​បាន​មិនមែន​ក្នុង​នាម​ជា​សត្រូវ។

លោក​ថា៖ «សព្វថ្ងៃនេះ​ពួកយើង​បាន​ធ្វើការងារ​ច្រើន​ទៅ​លើ​យុវជន ពង្រឹង​ក្រមសីលធម៌​របស់​ពួកគាត់​ដែល​ជាចំណុច​សំខាន់​ក្នុង​ការ​រស់នៅ បើទោះបី​ពួកគាត់​មាន​និន្នាការណ៍​ផ្ទុយគ្នា​ក៏​ដោយ និង​ពង្រឹង​គោលការណ៍​របស់ពួកគាត់​ឱ្យ​គាត់ក្លាយ​ជាមនុស្ស​ដែល​មាន​គោលការណ៍​ខ្លួនឯង​នៅ​ពេល​ដែល​យើង​ចង់ទៅ​អភិវឌ្ឍន៍សង្គម​មួយ។»

បើទោះបី​ជា​មាន​សម្លេង​ឡានម៉ូតូ​បើកទៅមក​លាន់ឮក្តី លោកមករា​ក៏​នៅតែ​ព្យាយាមពន្យល់​ថា អ្វីដែល​មិនអាចខ្វះ​បាន​ក្នុងលទិ្ធប្រជាធិបតេយ្យ​គឺ​រឿង​សិទិ្ធនយោបាយ​មិនមែន​ជាមុខវិជ្ជា​មួយ​ដែល​នរណាម្នាក់​ត្រូវតែរៀន ប៉ុន្តែ​ពលរដ្ឋ​ត្រូវតែយល់ថា​ខ្លួនឯង​មាន​សិទិ្ធអ្វីខ្លះ។

លោក​ថា៖ «ចំណុចមួយ​ដែល​មិនអាចខ្វះ​បាន​ក្នុងសង្គមលទិ្ធប្រជាធិបតេយ្យគឺ​រឿងសិទិ្ធពលរដ្ឋ សិទ្ធិ​នយោបាយ​មិនមែន​ជាមុខវិជ្ជា​ណាមួយ​ដែលអ្នកណា​ម្នាក់ត្រូវតែរៀន តែ​អាហ្នឹង​ពលរដ្ឋ​ខ្លួនឯង​នៅក្នុង​ស្រុកទេស​គឺត្រូវទៅ​រៀនសូត្រហ្នឹង ត្រូវ​ស្វែងយល់​ថា​ខ្លួនឯង​នៅក្នុងសង្គមប្រជាធិបតេយ្យ​មានសិទិ្ធ មាន​ច្បាប់​អីខ្លះ​ដែល​គាំទ្រ​គាត់​នៅពេល​ដែល​គាត់រស់នៅក្នុង​សង្គម។»

លោក​ក៏​បានបញ្ជាក់​បន្ថែមទៀតថា ភាគី​ពាក់ព័ន្ធ​រួមមាន​រដ្ឋាភិបាល និង​ក្រសួងអប់រំ​ដែលបាន​ចេញ​គោលនយោបាយ​អភិវឌ្ឍន៍​យុវជន​តើត្រូវ​អនុវត្តន៍​បែបណា ដើម្បី​ឱ្យ​យុវជន​អាចមាន​សិទិ្ធ​គ្រប់គ្រាន់​ចូលរួម​ក្នុង​វិស័យនយោបាយ។

លោក​បញ្ជាក់​ថា៖ «មិនមែន​មានតែ​ខ្ញុំខ្លួនឯង​មួយទេ គឺ​វាអាស្រ័យ​លើ​ភាគី​ពាក់ព័ន្ធ​រួមមាន​រដ្ឋាភិបាល​ខ្លួនឯង ក៏​ដូចជា​ក្រសួង​អប់រំ​ចេញ​គោលនយោបាយ​អភិវឌ្ឍន៍​យុវជន​ខ្លួនឯង គោលនយោបាយ​មាន​ហើយ​តើនឹង​ត្រូវអនុវត្តន៍​បែបស្រប​ទៅតាមគោលនយោបាយ ជាពិសេស​រដ្ឋាភិបាល​គួរអនុវត្តន៍ និង​គោរពសិទ្ធិយុវជន​ឱ្យពួកគាត់​បាន​ចូលរួម​ល្អប្រសើរ[…]រដ្ឋាភិបាល​ជា​អ្នកធានា​ធ្វើយ៉ាងណា​ឱ្យស្ថានការណ៍​នយោបាយ​ក្នុង​ស្រុកទេស​វាល្អ​ប្រសើរឡើង​ទើប​ការ​ចូលរួម​ពី​យុវជន​កាន់តែ​រីកចម្រើន។»

យ៉ាងណាក្តី លោក មករា បាន​បន្ថែម​ថា​មាន​ការលាបពណ៌គ្នា​ទៅវិញទៅមក​លើ​យុវជន​ទាំង​ដែល​ការពិតពួកគេ​ទាំងអស់​សុទ្ធតែធ្វើការ​ដើម្បីសង្គម។

លោក​បន្ថែម​ថា៖ «ជាក់ស្តែង​នៅក្នុងសង្គម និង​បណ្តាញសង្គម​មាន​ការប្រទូសរ៉ាយគ្នា ចោទប្រកាន់គ្នា លាបពណ៌គ្នា​ថា​ជាប្រឆាំង​អ្នកនេះ ជា​អ្នក​ផ្តួលរំលំ​អ្នកនោះ ជាអ្នកធ្វើការដើម្បីចាយ យក​លុយ​ពីម្ចាស់ជំនួយ​អ៊ីចឹងទៅ តែតាម​ពិតយើង​ទាំងអស់គ្នា​សុទ្ធតែធ្វើការ​ដើម្បីសង្គម​ដូចគ្នា។»

បើ​តាម​ជំរឿន​ជាតិ​ឆ្នាំ ២០១៩ ប្រជាជន​អាយុ​ក្រោម ៣០ឆ្នាំ មាន​ប្រមាណ​ជា ២/៣ នៃ​ប្រជាជន​សរុប​ប្រមាណ ១៦ លាន​នាក់​ ឬ​ស្មើ​ប្រមាណ​ជា ៦០%៕