មានបាយហូបស្រាប់ អគ្គិសនីខ្វាត់ខ្វែង មានទាំងអ្នកយាមឆ្វេងស្ដាំ មានសម្លៀកបំពាក់ជាទណ្ឌិត ប្រើជីវិតរស់នៅក្នុងពន្ធនាគារពោរពេញដោយឆន្ទៈ និងមនៈសិការ មិនមានចិត្តរេរាម្ដងណាឡើយ ត្រដររស់ដោយសង្ឃឹមថាថ្ងៃណាមួយយុត្តិធម៌និងមានសម្រាប់ខ្លួន។
លោករ៉ុង ឈុន ធ្លាប់ជាប់ពន្ធនាគារជាច្រើនលើករួមមកហើយ ដោយមានរយៈប្រហែល ២ឆ្នាំ ៩៦ថ្ងៃ និងមានការឃាត់ខ្លួនជាច្រើនលើកទៀតពាក់ព័ន្ធនិងការតស៊ូមតិ បាតុកម្ម ទាមទារ នានាកន្លងមក។ ការតស៊ូស្វែងរកសេរីភាព និងលទ្ធិប្រជាធិបតេយ្យនេះ គឺប្រៀបដូចជាការឈរនៅមាត់ជ្រោះដ៏សែនជ្រៅ ហើយមានខ្យល់បក់បោកមកពីគ្រប់ទិសទី បើរក្សាជំហរមិនរឹងមាំទេនោះ វាពិតជាមានគ្រោះថ្នាក់។
អង្គុយក្រោមម្លប់ឈើក្រៅហាងកាហ្វេជាប់ផ្លូវ មានសំលៀកបំពាក់បែបអ្នកធ្វើការ ខោខ្មៅ អាវសរបែកញើសជោគអាវ ដៃម្ខាងកាន់កែវកាហ្វេក្ដៅអត់ដាក់ស្គរ សម្បុរស្រអែម និយាយមួយៗច្បាស់ៗ មានស្រុកកំណើតនៅភូមិចុងកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល លោកឈុន បានឱ្យដឹងថា ជំហររបស់លោកអត់ប្រែប្រួលទេ មានតែរឹងមាំជាងមុនទៀតផង បើគ្រាន់តែគេចាប់ដាក់គុកមួយឆ្នាំពីរឆ្នាំ យើងនាំគ្នាភ័យខ្លាច ការដែលភ័យខ្លាចនេះហើយ ដែលធ្វើឱ្យមេដឹកនាំកាន់តែដើរខុសគន្លងប្រជាធិបតេយ្យ។
លោកបានបន្តថា «គុកគ្រាន់ជាទីងមោងបន្លាចអ្នកសកម្មជន អ្នកប្រជាធិបតេយ្យទេ»។
រស់នៅក្នុងគ្រួសារកសិករដែលមានជីវភាពមិនសូវធូរធារ ដែលមានបងប្អូនបង្កើត ៤នាក់ ស្រី ៣នាក់ ហើយលោកជាកូនទី៣ បានបញ្ចប់ការសិក្សានៅសាលាបឋមសិក្សាតាលន់ នៅឆ្នាំ១៩៨២ កម្រិតវិទ្យាល័យនៅសាលាព្រែកតាដួង នៅឆ្នាំ១៩៨៨ និងបញ្ចប់មហាវិទ្យាល័យផ្នែកគណិតវិទ្យា នៅឆ្នាំ១៩៩៣ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
បន្ទាប់ពីបញ្ចប់ការសិក្សា ប្រហែលជាខែ៨ លោកក៏បានទៅចាប់ប៉ុស្តិ៍បង្រៀននៅវិទ្យាល័យស្អាង ខេត្តកណ្ដាល មុខវិទ្យាគណិតវិទ្យា ដោយបង្រៀនសិស្សថ្នាក់ទី១១ និងទី១២ រហូតមកដល់ឆ្នាំ២០០១ ទើបផ្ទេរមកនៅក្រសួងអប់រំនៅនាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្រ្ត។
លោកឈុន មានជំនាញបង្រៀនគណិតវិទ្យាតែមួយប៉ុណ្ណោះ ជំនាញផ្សេងមានសញ្ញាបត្រធំមិនមានទេ ប៉ុន្តែលោកធ្លាប់បានចូលរួមវគ្គខ្លីៗដែលរៀនពីភាពជាអ្នកដឹកនាំគម្រោង នៅក្រៅប្រទេស។
លោកបានបន្ថែមថា៖ «មានតែជំនាញតស៊ូមតិ ការតស៊ូមតិវាអត់មានសញ្ញាបត្រអីទេ គ្រាន់តែយើងវាមានឆន្ទៈ»។
ឈានមកដល់ជីវិតក្នុងវិស័យការងារ លោករ៉ុង ឈុន បានធ្វើការតស៊ូមតិចាប់តាំងពីចុងឆ្នាំ១៩៩៦មក និងធ្វើការតស៊ូមតិនៅក្នុងសាលារៀន ដោយសារមានការកាត់លុយគ្រូបង្រៀនច្រើន លោកតស៊ូដើម្បីលុបបំបាត់អំពើពុករលួយក្នុងក្របខណ្ឌសាលា ក្នុងនាមជាគ្រូបង្រៀនផង និងជាអ្នកតស៊ូមតិផង លោកក៏បានមកជួយសហជីពសេរីកម្មករ ជាមួយលោកជា វិជ្ជា នៅថ្ងៃសៅរ៍ ថ្ងៃអាទិត្យនៅឯភ្នំពេញ រហូតមានការផ្លាស់ប្ដូរផ្នែកខាងវិស័យការងារ និងលក្ខខណ្ឌការងារកម្មករបន្ថែមទៀត។
លោកធ្វើការងារសង្គមនេះគ្រាន់តែចង់ឃើញកម្មករមានប្រាក់ឈ្នួលល្អ មានលក្ខខណ្ឌការងារល្អ គ្រូបង្រៀនក៏ដូចគ្នា ដោយយើងចង់ឱ្យពលរដ្ឋរស់នៅសមរម្យ មានសេរីភាពបញ្ចេញមតិ មានយុត្តិធម៌សង្គម ហើយសិស្សានុសិស្សទទួលបានការអប់រំប្រកបដោយគុណភាព។
លោកបានបន្តថា៖ «ជៀសវាងគ្រូបង្រៀនទៅលក់នំ បង្ខំឱ្យរៀនគួរ»។
លុះមកដល់ឆ្នាំ២០០០ លោកវិជ្ជា បានទៅចូលរួមសិក្ខាសាលានៅបាងកក ក៏មានអង្គការមួយសួរថាលោកចង់បង្កើតសមាគមន៍គ្រូបង្រៀនទេ លោកវិជ្ជា ដែលធ្វើការជាមួយលោកឈុន និងជាមិត្តនឹងគ្នាផង ក៏បានណែនាំឱ្យមានការបង្កើតសមាគមន៍គ្រូបង្រៀន ព្រោះលោកជាគ្រូបង្រៀនស្រាប់ ហើយក៏បង្កើតសមាគមន៍គ្រូបង្រៀនកម្ពុជាឯករាជ្យឡើង នៅថ្ងៃទី១១-១២ ខែមីនា ឆ្នាំ២០០០ ដែលមានគ្រូ ៤៥នាក់តំណាងតាមខេត្តឡើងមកជួបប្រជុំ និងបានបោះឆ្នោតឱ្យលោករ៉ុង ឈុន ជាប់ជាប្រធានសមាគមន៍គ្រូរហូតមក។
នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០០៤ មានករណីបាញ់សម្លាប់លោកវិជ្ជា បន្ទាប់មកសហជីពសេរីកម្មករ និងសមាគមន៍គ្រូបង្រៀន ក៏ចងសម្ព័ន្ធភាពគ្នា បង្កើតទៅជាសហភាពសហជីពកម្ពុជា លោកក៏បានដឹកនាំសហភាពមួយទៀត រហូតមកដល់ឆ្នាំ២០១៥ ក៏ចូលជាសមាជិក គ.ជ.ប ហើយបានចូលរួមកំណែទម្រង់ឱ្យស្ថាប័ន គ.ជ.ប ទទួលបានទំនុកចិត្តពីគ្រប់ភាគីបោះឆ្នោត ប្រមាណជា៣ឆ្នាំ នៅពេលដែលគេរំលាយគណបក្សសង្រ្គោះជាតិ លោកក៏លាឈប់ពី គ.ជ.ប មកធ្វើការតស៊ូមតិនិងកិច្ចការងារសង្គមបន្តទៀត។
មានអាយុ៥៣ឆ្នាំ រស់នៅខ្លួនមួយ មកទល់ពេលនេះលោកមិនមានការស្ដាយក្រោយឡើយចំពោះការដើរចេញពីសមាជិក គ.ជ.ប ដោយលោកមិនអាចធ្វើជាអាជ្ញាកណ្ដាលដែលយកឆន្ទៈរាស្រ្តទៅហែកចែកឱ្យបក្សផ្សេងៗដែលពលរដ្ឋមិនបានគាំទ្រឡើយ។
លោកបានបន្ថែមថា៖ «ឧទាហរណ៍ថា ផ្លុំកញ្ចែឱ្យក្រុមកីឡាបាល់ទាត់ពីរ មួយកីឡាករក្រុមកុមារ មួយមនុស្សពេញកម្លាំងហើយទៅឱ្យប្រកួតបែបណឹង យើងមិនអាចឈរផ្លុំកញ្ចែបែបណឹងបានទេ»។
លោកបានបន្តថា ក្នុងនាមជាអ្នកតស៊ូ លោកឈុន តែងតែទទួលរងការគម្រាមកំហែង បំភិតបំភ័យ ស្ទើរគ្រប់រូបភាព រហូតឈានដល់មានការចាប់នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០០៥ ត្រូវបានអាជ្ញាធរចាប់ដាក់ពន្ធនាគារនៅព្រៃសរ រយៈពេល ៩៦ថ្ងៃ នៅដើមឆ្នាំ២០១៤ ក៏ត្រូវបានអាជ្ញាធរចាប់ម្ដងទៀត នៅមុខស្ថានទូតអាមេរិក ដើម្បីទាមទារឱ្យដោះលែងមេសហជីព ដែលត្រូវបានចាប់នៅម៉ោងប្រមាណ៩ព្រឹក យកទៅដាក់ស្នងការរហូតដល់ម៉ោង៧យប់ ទើបដោះលែងវិញ រហូតដល់ថ្ងៃ៣១ ខែកក្កដា ឆ្នាំ២០២០ ក៏ត្រូវបានអាជ្ញាធរចាប់ខ្លួនម្ដងទៀតបន្ទាប់ពីការចេញសេចក្ដីថ្លែងការណ៍ទាក់ទងទៅនឹងការជួយអន្តរាគមន៍ដីធ្លីនៅត្រពាំងថ្លុង ដោយតុលាការកាត់ទោស២ឆ្នាំ ឱ្យអនុវត្តទោស១៥ខែ១២ថ្ងៃ ហើយឥឡូវនេះដាក់បម្រាម៣ឆ្នាំ។
លោកអះអាងថា ការចាប់ខ្លួននេះវាជារឿងអយុត្តិធម៌ចំពោះលោក វាឆ្លុះបញ្ចាំងថាសង្គមយើងអត់មានសេរីភាព ហើយជាការគម្រាមកំហែង លោកគ្រាន់តែបញ្ចេញមតិ ចូលរួមជាពលរដ្ឋ ជួយកម្មករ តែបែរជាត្រូវចាប់ខ្លួន។
លោកបានបញ្ជាក់ថា ៖ «មេដឹកនាំខ្មែរគួរតែខ្មាស់គេ ហើយគាត់ទៅចូលរួមប្រជុំអន្តរជាតិអី គួរឱ្យខ្មាស់គេ ចាប់មនុស្សដែលគ្រាន់តែចូលរួមកិច្ចការសង្គម ជួយសង្គម ចង់ឱ្យសង្គមមួយមានយុត្តិធម៌ ចង់ឱ្យកម្មករទទួលបានដំណោះស្រាយ ហើយមកចាប់ខ្លួនមេសហជីព»។
និយាយទាំងទឹកមុខញញឹមថា ជាធម្មតាមនុស្សយើងមានបេះដូងដូចគ្នា ទោះបីអ្នកក្លាហានកម្រិតណាក៏ដោយ ក៏អារម្មណ៍តែងតែគិតហើយ ប៉ុន្តែសំខាន់លើការសម្រេចចិត្តថាយើងត្រូវជ្រើសរើសដើរតាមផ្លូវណា បើយើងគិតតែភ័យខ្លាចបន្តបន្ទាប់ ចុះយុវជន កម្មករ គ្រូបង្រៀន មានអារម្មរណ៍បែបណា។
បច្ចុប្បន្នលោកកំពុងជាប់បម្រាមរបស់តុលាការ លោកមិនមានការភ័យខ្លាចនិងការកម្រិតឡើយ លោកនៅបន្តធ្វើការងារធម្មតា ចូលរួមតស៊ូ គ្រប់កម្មវិធីតស៊ូមតិជាហូរហែរ លោកក៏បានស្នើសុំទៅព្យាបាលជំងឺនៅក្រៅប្រទេស ប៉ុន្តែតុលាការមិនបានអនុញ្ញាតឡើយ ដោយបានឱ្យលោកធ្វើការពិនិត្យព្យាបាលក្នុងស្រុកឱ្យអស់លទ្ធភាពសិន បើនៅក្នុងស្រុកទៅមិនរួចចាំសុំច្បាប់ម្ដងទៀត។
លោកបានលើកឡើងថា៖ «យើងដឹងហើយតុលាការភាគច្រើនគឺគាត់មិនបានអនុវត្ត ទៅតាមឆន្ទៈឬតាមវិជ្ជាជីវៈទេ គឺសម្រេចចិត្តទៅតាមឥទ្ធិពលនយោបាយ»។
បើទោះជាតុលាការស្រុកយើងមិនអាចរកយុត្តិធម៌ឱ្យពលរដ្ឋស្មើភាពគ្នានៅចំពោះមុខច្បាប់បានក៏ដោយក្ដី ឬមួយគេប្រើពាក្យថាស្ដង់ដារពីរ នៅក្នុងប្រព័ន្ធច្បាប់ក្នុងស្រុក ដូចនេះអ្នកតស៊ូមតិ គឺពិបាកទទួលបាននៅយុត្តិធម៌ណាស់សម្រាប់តុលាការនៅក្នុងស្រុកខ្មែរយើងនេះ។
លោកបន្តថា៖ «ប៉ុន្តែសំណួរសួរថា បើចឹងដដែលយើងនៅតស៊ូបែបមិច ព្រោះតែចឹងហើយបានយើងនៅតស៊ូ ប្រសិនបើថាស្រុកយើងវាស្រួលហើយ វាមានយុត្តិធម៌ហើយ ប្រហែលជានៅក្នុងវចនានុក្រមព្រះអង្គជួន ណាត ប្រហែលជាពាក្យតស៊ូមតិនឹងត្រូវព្យួរទុកសិនហើយ»។
ទោះបីរួចបម្រាមរបស់តុលាការ លោកក៏មិនភៀសខ្លួនទៅណាដែរ ប្រទេសទី២ ទី៣ ក៏វាមិនល្អប្រសើរដូចប្រទេសទី១ ជាទឹកដីដែលផ្ដល់កំណើតឱ្យយើងដែរ ហើយប្រសិនមានកេរិ៍្តឈ្មោះតិចតួច គេចរត់ចោលស្រុកដល់ចឹងទៅធ្វើឱ្យជំនាន់ក្រោយអស់ជំនឿ។
លោកបាននិយាយថា ទោះបីប្រឈមយ៉ាងមិច យើងត្រូវតែនៅខាំស្មៅនៅក្នុងស្រុកកំណើតរបស់យើង បើចង់ជួយស្រុកយើងមានតែអ្នកក្នុងស្រុកទេដែលមានឪកាសជួយ អ្នកក្រៅជួយបានដែរ តែលទ្ធភាពនៃការផ្លាស់ប្ដូរវាមានតិចតួច។
លោកបានបន្ថែមថា៖ «ខ្ញុំនៅប្រឈមជាមួយច្បាប់ ទោះបីយើងដឹងថាច្បាប់នឹង វាអយុត្តិធម៌អ្នកកាន់កាប់ច្បាប់នឹង វាលំអៀងមិនអាចផ្ដល់យុត្តិធម៌ឱ្យយើងបាន ប៉ុន្តែពេលនេះមិនអាច តែថ្ងៃណាមួយវានិងអាច»។
ដើម្បីឱ្យសង្គមយើងមាន សេរីភាព ប្រជាធិបតេយ្យពិតប្រាកដ លោករ៉ុង ឈុន បានអំពាវនាវដល់យុវជនត្រូវធ្វើការសម្រេចចិត្តទៅតាមឆន្ទៈនិងចូលរួមជួយសង្គម កុំមើលបំណាំគ្នា ដល់រឿងធ្លាក់មកលើយើងបានយើងងើបនោះ វាហួសពេលហើយ ត្រូវចេះឈឺឆ្អាល ជួយគ្នាឱ្យតែរឿងអយុត្តិធម៌កើតឡើងត្រូវចេះចូលរួម ដូចនេះទើបអាចកែប្រែសង្គមយើងបាន ព្រោះថាយុវជនដើរតួនាទីសំខាន់ ជាអ្នកស្នង ត្រូវតែហ៊ាននិយាយការពិត ហ៊ានបញ្ចេញមតិ កុំឃើញអំពើអយុត្តិធម៌កើតឡើងហើយមិនហ៊ាននិយាយនោះ។
លោកឈុន៖ «ស្មើនិងយើង ដូចកំពុងគាំទ្រគេប្រព្រឹត្តអំពើអាក្រក់នឹងហើយ»៕