ប្រសិនបើខ្ញុំជាមនុស្សម្នាក់ដែលចាប់អារម្មណ៍ទៅលើមនុស្សម្នាក់ទៀតដែលមានភេទដូចខ្ញុំ តើនេះបានន័យថាខ្ញុំកំពុងប្រឆាំងទៅនឹងច្បាប់ធម្មជាតិដែលបានកំណត់ឲ្យមនុស្សស្រឡាញ់ភេទផ្ទុយគ្នាឬ?
ចាប់តាំងពីកុមារភាពរហូតមកដល់ពេលបច្ចុប្បន្នដែលមានវ័យ ២៩ឆ្នាំហើយនោះ តុល ឈួគឹមហេងមិនដែលគិតថាខ្លួនគាត់ជាមនុស្សស្រីសូម្បីម្ដងទោះបីរូបរាងខាងក្រៅរបស់គាត់ជាមនុស្សស្រី សំឡេងស្រី សម្បុរស សក់វែង និងអវ:យវ:ផ្សេងទៀតដូចមនុស្សស្រីក៏ដោយ ប៉ុន្តែអត្តចរឹត និងការស្លៀកពាក់របស់គាត់អាចបង្ហាញប្រាប់ដល់សង្គមបានថា គាត់គឺជាមនុស្សប្រុស និងអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះទៀតសោតគឺគាត់មិនដែលគិតថាវាជារឿងដែលខុសពីច្បាប់ធម្មជាតិនោះដែរ។
តុល ឈួរគឹមហេង បាននិយាយថា «ទោះបីរូបរាងខាងក្រៅរបស់ខ្ញុំបង្ហាញមកថាខ្ញុំជាមនុស្សស្រី ប៉ុន្តែបើសួរខ្ញុំថា តើខ្ញុំថាមានអារម្មណ៍យ៉ាងម៉េចខ្លះក្នុងនាមជាស្រ្តីភេទ ខ្ញុំឆ្លើយមិនចេញទេព្រោះតាំងពីតូចមកមិនមានពេលណាដែលខ្ញុំមានអារម្មណ៍ថាខ្លួនឯងជាមនុស្សស្រីឡើយ»។
សំណួរសួរថា តើអ្វីទៅជាការស្រឡាញ់ភេទដូចគ្នា? ការស្រឡាញ់ភេទដូចគ្នាកើតមានឡើងនៅពេលដែលបុគ្គលម្នាក់ដែលមានជីវិតរស់នៅក្នុងសង្គមមាននិន្នាការភេទឬការស្រឡាញ់ និងមនោសញ្ចេតនាចំពោះបុគ្គលម្នាក់ទៀតដែលមានភេទដូចគ្នា។ អ្នកស្រឡាញ់ភេទដូចគ្នាគឺមានច្រើនប្រភេទនិងច្រើនសណ្ឋាន ប៉ុន្តែបើយោងតាមការស្រាវជ្រាវរបស់អ្នកជំនាញជាច្រើនរូបទៅលើរឿងនេះនិងការយល់ដឹងរបស់សង្គមសព្វថ្ងៃបានកំណត់អ្នកស្រឡាញ់ភេទដូចគ្នាថាជាក្រុមមនុស្ស LGBT ឬ LGBTIQ ដែល «L» គឺមកពីពាក្យអង់គ្លេស Lesbian សំដៅទៅលើស្រ្តីដែលប្រតិព័ទ្ធចាប់ចិត្តស្រឡាញ់ទៅលើស្រ្តីដូចគ្នា។
ចំណែកឯ «G» មកពីពាក្យអង់គ្លេសថា Gay សំដៅទៅលើបុរសទាំងឡាយណាដែលស្រឡាញ់បុរសភេទដូចគ្នា រីឯ «B» មកពីពាក្យ «Bisexual» គឺសំដៅទៅលើបុគ្គលដែលមានអារម្មណ៍ស្រឡាញ់ទាំងពីរភេទ ស្រីក៏ស្រឡាញ់ប្រុសក៏ស្រឡាញ់បាន។
«T» សំដៅទៅលើ Transgender ជាបុគ្គលិកលក្ខណ:របស់បុគ្គលម្នាក់ដែលអារម្មណ៍ខាងក្នុងរបស់គាត់ខុសពីភេទកំណើតខ្លួន ឧទាហរណ៍ ក្មេងប្រុសម្នាក់ដែលកើតមកមានរូបរាងជាប្រុស ប្រដាប់ភេទនិងអវ:យវ:ផ្សេងទៀតជាមនុស្សប្រុសប៉ុន្តែអារម្មណ៍ពីខាងក្នុងបូកផ្សំជាមួយមនោសញ្ចេតនាដែលក្មេងប្រុសនោះមានបានសបញ្ជាក់ថាគេមិនមែនជាមនុស្សប្រុសឡើយ។
ម្យ៉ាងវិញទៀត ការស្រឡាញ់គ្នាបែបជា Transgender ក៏មិនបាច់ទាល់តែមានការកែភេទកំណើតទើបអាចស្រឡាញ់គ្នាបានទេវាអាស្រ័យទៅលើការសាកសួរពីដៃគូដែលនៅជាមួយគ្នា បើគាត់ជាមនុស្សស្រី គាត់នឹងមានអារម្មណ៍ថាគ្រប់ពេលដែលនៅជាមួយគ្នាគាត់មិនដែលគិតឬមានអារម្មណ៍ថាដៃគូរបស់គាត់ម្នាក់ទៀតគឺជាស្រីឡើយ។
ចំណែកឯ «I» មកពីពាក្យថា «Intersex» កើតមានឡើងទៅលើបុគ្គលតែម្នាក់ដែលកើតមកមានប្រដាប់ភេទពីរ ស្រីផងនិងប្រុសផង វាជាករណីដ៏កម្រជួបប្រទះក្នុងសង្គមខ្មែរក៏ដូចជានៅលើពិភពលោកទាំងមូល និង «Q» គឺ «Questioning» ជាក្រុមមនុស្សមួយក្រុមដែលមិនទាន់ច្បាស់នឹងខ្លួនឯងហើយក៏កំពុងតែស្វែងយល់ថាតើខ្លួនជាភេទអ្វីឲ្យប្រាកដ ស្រឡាញ់ស្រីឬប្រុស។
បើតាមសម្ដីរបស់គឹមហេងដែលជាអ្នកប្តូយេនឌ័រពីស្រីមកប្រុសមួយរូបនិងជាសកម្មជនការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាផងនោះបានបញ្ជាក់ថា យើងមិនអាចកំណត់អត្តសញ្ញាណភេទរបស់បុគ្គលណាម្នាក់តាមរយ:កាយវិការនិងការតុបតែងខ្លួនពីខាងក្រៅបានឡើយ លុះត្រាតែបុគ្គលម្នាក់នោះស្ម័គ្រចិត្តបង្ហាញពីអត្តសញ្ញាណរបស់គេ ព្រោះការស្លៀកពាក់ក៏ដូចជាការរៀបចំខ្លួនពីខាងក្រៅវាគ្រាន់តែជាចំណង់ចំណូលចិត្តរបស់បុគ្គលតែប៉ុណ្ណោះ។
ចំពោះទិន្នន័យរបស់អ្នកស្រឡាញ់ភេទដូចគ្នា គឹមហេង បានបញ្ជាក់ថា នៅកម្ពុជាសព្វថ្ងៃនៅមិនទាន់មានទិន្នន័យបញ្ជាក់ច្បាស់អំពីចំនួនអ្នកដែលស្រឡាញ់ភេទដូចគ្នាដូចនៅតាមបណ្ដាប្រទេសធំៗមួយចំនួននៅឡើយទេ។
«នៅកម្ពុជាបើតាមខ្ញុំធ្វើការស្រាវជ្រាវកន្លងមកគឺមិនទាន់មានទិន្នន័យបញ្ជាក់ច្បាស់លាស់នៅឡើយទេព្រោះសង្គមយើងនៅមិនទាន់បើកចំហរ ប៉ុន្តែគេមានជាសហគមន៍ដែលធ្វើការជាមួយក្រុម LGBT វិញ»។ នេះជាអ្វីដែល គឹមហេង បានប្រាប់មកកាន់ Newsroom Cambodia កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២។
ប្រាកដណាស់ដោយសារសង្គមខ្មែរបច្ចុប្បន្ននៅមិនទាន់មានការយល់ដឹងនិងទទួលស្គាល់ទូលំទូលាយចំពោះអ្នកស្រឡាញ់ភេទដូចគ្នាបែបនេះហើយទើបធ្វើឲ្យមានការពិបាកក្នុងការកំណត់ចំនួនជាក់លាក់ណាមួយសម្រាប់អ្នកដែលស្រឡាញ់ភេទដូចគ្នា។
មូលហេតុចម្បងមួយទៀតគឺដោយសារពួកគាត់មួយចំនួននៅមិនទាន់មានភាពក្លាហានក្នុងការបង្ហាញឲ្យសង្គមខាងក្រៅបានដឹង ជាក់ស្ដែងដូចគឹមហេងផ្ទាល់ គាត់ក៏ទើបតែហ៊ានបង្ហាញជាសាធារណ:អំពីខ្លួនគាត់ផ្ទាល់ក្នុងរយ:ពេល២ ឆ្នាំចុងក្រោយនេះតែប៉ុណ្ណោះដោយពីមុនមកមិនមាននណារម្នា្កក់ដឹងថាគាត់ជា LGBT ឡើយ។
បើតាមអ្វីដែលគឹមហេងបានប្រាប់ ថ្វីត្បិតតែយើងមិនមានទិន្នន័យបញ្ជាក់ច្បាស់លាស់ប៉ុន្តែមានអង្គការ និងសហគមន៍មួយចំនួនដូចជា RoCK Community (Rainbow Community Kampuchea), Loveisdiversity និងផ្សេងៗទៀតដែលធ្វើការទៅលើ LGBT ដែលអាចឱ្យអ្នកស្រឡាញ់ភេទដូចគ្នាចូលជាសមាជិកធ្វើការជាមួយគ្នា។ ទោះយ៉ាងណា គឹមហេង បញ្ជាក់ថា ទិន្នន័យនោះនៅតែមិនទាន់ច្បាស់ដដែល ព្រោះនៅមានអ្នកស្រលាញ់ភេទដូចគ្នាចំនួនធំទៀតដែលពួកគាត់មិនទាន់បង្ហាញខ្លួន ជាពិសេសគឺអ្នកដែលនៅក្នុងក្រុម Bisexual ដែលពួកគាត់កំពុងតែមិនច្បាស់ និងកំពុងព្យាយាមយល់ពីខ្លួនឯងថាតើគាត់ស្រឡាញ់ប្រុស ឬស្រី។
បើក្រឡេកមកមើលជីវិតពិតរបស់ គឹមហេង វិញ ចាប់តាំងពីឆ្នាំ២០០៤ ដែលពេលនោះគាត់រៀននៅថ្នាក់ទី៤ គាត់ចាប់ផ្តើមមានអារម្មណ៍ថាខ្លួនឯងប្លែកខុសពីក្មេងៗដទៃទៀតដែលរៀនថ្នាក់ជាមួយគ្នា គាត់ចូលចិត្តលេងតែជាមួយមិត្តភក្ដិស្រីៗតែប៉ុណ្ណោះចំពោះក្មេងប្រុសចូលចិត្ដដែរប៉ុន្តែជាលក្ខណ:បែបមិត្តភក្ដិមិនមានមនោសញ្ចេតនាអ្វីដូចពេលនៅជាមួយមិត្តស្រីៗនោះទេ។
បែបនេះហើយទើបធ្វើឲ្យ គឹមហេង ចាប់ផ្ដើមសម្គាល់ខ្លួនឯងថាខ្លួនខុសពីអ្នកដទៃដែលពួកគេចូលចិត្តលេងក៏ដូចជាមានមនោសញ្ចេតនាចំពោះអ្នកដែលមានភេទផ្ទុយគ្នា ប៉ុន្តែចំពោះគឹមហេងផ្ទាល់ មនោសញ្ចនា និងអារម្មណ៍របស់គាត់មានតែចំពោះក្មេងស្រីៗដូចគ្នាតែប៉ុណ្ណោះ។
រហូតមកដល់វិទ្យាល័យថ្វីត្បិតតែមានមិត្តភក្តិពីរបីនាក់ដែលដើរជាមួយគេបានបង្ហាញប្រាប់ថាគេជាអ្នកស្រឡាញ់ភេទដូចគ្នាក៏ដោយក៏គឹមហេងនៅមិនទាន់ប្រាកដជាមួយខ្លួនឯងហើយក៏មិនមានអ្នកណាដឹងថាគាត់ក៏ជាមនុស្សម្នាក់ដែលចូលចិត្តភេទដូចគ្នានោះដែរ។ ដោយសារខ្លួននៅក្មេងមិនទាន់យល់ដឹងជ្រៅជ្រះបូកផ្សំនឹងការឃើញនូវរូបភាពដ៏គួរឲ្យអាណិតសោកសៅរបស់ក្មេងៗមួយចំនួនទៀតនៅក្នុងភូមិដែលពួកគេព្យាយាមបង្ហាញប្រាប់ដល់គ្រួសាររបស់គេថាគេជាអ្នកស្រឡាញ់ភេទដូចគ្នាដោយរំពឹងថានឹងទទួលបានការគាំទ្រពីពួកគាត់ ផ្ទុយទៅវិញពួកគេត្រូវទទួលរងនៅការរិះគុន វាយដំច្រំធាក់ ជេរប្រមាថគ្រប់បែបយ៉ាងពីសំណាក់ឪពុកម្ដាយ និងអ្នកភូមិផងរបងជាមួយទៅវិញ។ រូបភាពទាំងនេះហើយដែលធ្វើឲ្យគឹមហេងពិបាកក្នុងការស្វែងរកខ្លួនឯងព្រោះគាត់ខ្លាច ខ្លាចថាគាត់និងមានថ្ងៃដូចជាក្មេងៗទាំងនោះ។
គាត់បាននិយាយថា៖ «ពេលនោះមានប្រតិកម្មខ្លាំងណាស់ចំពោះក្មេងៗទាំងនោះរហូតដល់ថ្នាក់ប៉ាម៉ាក់ប្រើអំពើហិង្សាវាយដំនៅមុខគេមុខឯងហើយបងក៏ចេះតែមានអារម្មណ៍ថាខ្លាចខ្លួនបងបែបហ្នឹងដែរចឹងហើយបានបងព្យាយាមលាក់រហូតមកចឹងទៅ»។
មកដល់មហាវិទ្យាល័យក៏មានអ្នកផ្សេងទៀតដែលគេព្យាយាមបង្ហាញអប្បកិរិយាថាគេជាអ្នកស្រឡាញ់ភេទដូចគ្នាដូចគឹមហេងអីចឹងដែរ ពេលនោះគាត់ក៏ចាប់ផ្ដើមមានអារម្មណ៍ថាគាត់មិនមែនជាមនុស្សដែលខុសគេ មួយពិភពលោកមានតែឯងដូចដែលគាត់ធ្លាប់គិតកាលនៅពីក្មេងទៀតហើយ ប៉ុន្តែពេលនោះគឹមហេងក៏នៅមិនទាន់ក្លាហានបង្ហាញជាសាធារណៈនៅឡើយទេ បានត្រឹមប្រាប់ដល់មិត្តភក្តិជិតស្និទ្ធិបំផុតពីរបីនាក់តែប៉ុណ្ណោះថាគាត់ជាអ្នកស្រឡាញ់ភេទដូចគ្នាព្រោះគាត់មិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការទទួលយកនូវការរើសអើងពីសង្គម។ ទោះបីជាយ៉ាងណាក៏ដោយ ការរើសអើសក៏នៅតែកើតមាននៅពេលបងស្រីចេញធ្វីការបានមួយឆ្នាំពីរឆ្នាំដំបូង។
គឹមហេងបានមានប្រសាសន៍ថា៖ «អ្នកធ្លាប់ធ្វើការជាមួយគ្នាមួយចំនួនតូចគេរើសអើងបងព្រោះគេឃើញបងស្លៀកពាក់ដូចមនុស្សប្រុសដោយបោះពាក្យសម្ដីសួរបងថាថ្ងៃមុខទៅការជាមួយស្រី ឬប្រុសអីចឹងទៅប៉ុន្តែពេលនោះបងក៏នៅមិនទាន់បង្ហាញឲ្យគេដឹងដែររហូតមកដល់ឆ្នាំ២០២០ ទើបបងហ៊ានបង្ហាញប្រាប់ជាសាធារណៈថាបងជាអ្នកដែលស្រឡាញ់ភេទដូចគ្នា»។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ គឹមហេង បានបញ្ជាក់យ៉ាងច្បាស់ថា ការស្រឡាញ់ភេទដូចគ្នាមិនមែនជារឿងដែលខុសពីច្បាប់ធម្មជាតិនោះទេហើយលើលោកនេះក៏គ្មានច្បាប់ធម្មជាតិអ្វីនោះដែរវាជារឿងមួយដែលមនុស្សធ្វើការកំណត់ដោយខ្លួនឯងប៉ុណ្ណោះ បើអ្នកគិតថាមានច្បាប់ធម្មជាតិមែននោះដូចនេះមានន័យថាធម្មជាតិរបស់អ្នកកំណត់មកឲ្យអ្នកស្រឡាញ់ និងមានមនោសញ្ចេតនាចំពោះអ្នកដែលមានភេទផ្ទុយគ្នាប៉ុន្តែចំពោះអ្នកដែលមានចិត្តស្រឡាញ់ទៅលើភេទដូចគ្នានេះក៏ជាធម្មជាតិរបស់ពួកគាត់ដែលបានកំណត់មក។
ឈួគឹមហេងបាននិយាយថា៖ «ច្បាប់ធម្មជាតិជាអី? អ្នកណាជាអ្នកបង្កើតនិងបង្កើតឡើងតាំងពីពេលណា? វាគ្រាន់តែជាការយល់ឃើញរបស់មនុស្សហើយកំណត់មកតគ្នាតែប៉ុណ្ណឹងឯង។ តាមពិតទៅបើតាមការស្រាវជ្រាវ ការស្រឡាញ់ភេទដូចគ្នាមិនមែនទើបតែមានទេ វាមានយូរណាស់មកហើយតាំងពីបុរាណកាលមកគ្រាន់តែមនុស្សមិនហ៊ានបង្ហាញតែប៉ុណ្ណោះ»៕