រដ្ឋលេខាធិការនៃក្រសួងព័ត៌មាន លោកស្រី ឆៃ ច័ន្ទរិទ្ធីសូលីដា បានលើកឡើងថា អ្នកសារព័ត៌មានមិនអាចប្រើងាររបស់ខ្លួននៅពេលដែលត្រូវបានខាងសមត្ថកិច្ចឃាត់ខ្លួននោះទេ ដោយ​លោកស្រីបានលើកឡើងថា «វាជារឿងបុគ្គល»។

អង្គការសិក្សាវិទ្យាសាស្ត្រអប់រំ និងវប្បធម៌​នៃអង្គការសហប្រជាជាតិ (UNESCO) សហការជាមួយក្រសួងព័ត៌មានបានរៀបចំសន្និសីទថ្នាក់ជាតិលើកទីមួយស្ដីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ ការកសាងភាពជាដៃគូសម្រាប់ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ ដោយមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រីក្រសួងព័ត៌មានលោកខៀវ កាញារីទ្ធ ស្ថាប័នពាក់ព័ន្ធ និងអ្នកសារព័ត៌មានដែលមកពីស្ថាប័ននានានៅក្នុងប្រទេសកម្ពុជានៅសណ្ឋាគារសុខាភ្នំពេញកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។

អំឡុងពេលសន្និសីទថ្នាក់ជាតិខាងលើមានការចូលរួមពីសំណាក់រដ្ឋលេខាធិកាក្រសួងព័ត៌មានលោកស្រីច័ន្ទរិទ្ធីសូលីដា ក្នុងនាមជាវាគ្មិនក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ «សារព័ត៌មានជាប្រយោជន៍សាធារណៈនៅក្នុងប្រទេសកម្ពុជា» លោកស្រីបានឆ្លើយនឹងសំណួរមួយចំនួនផងដែរ ទាក់ទងសិទ្ធិសេរីភាព បញ្ហាមួយចំនួនរបស់អ្នកសារព័ត៌មានបច្ចុប្បន្ន។

លោកស្រីបានឆ្លើយតបទៅនឹងសំណួរដែលបានចោទសួរ ដោយលោកស្រីបានបញ្ជាក់ថា អ្នកសារព័ត៌មានត្រូវគោរពដាច់ខាតតាមការណែនាំរបស់មន្ត្រីតាមតំបន់នៅពេលដែលចុះយកព័ត៌មាន។

លោកស្រីបាននិយាយថា៖ «កាលណាយើងទៅយកព័ត៌មាននៅកន្លែងដែលមន្ត្រីសាធារណៈឬក៏មន្ត្រីជំនាញដែលគេបំពេញបេសកម្មការងារ យើងត្រូវគោរពដាច់ខាតនូវបទបញ្ជា របៀបរបប ការអនុញ្ញាត មិនអនុញ្ញាត វាគឺជាសិទ្ធិរបស់មន្ត្រីជំនាញកំពុងប្រតិបត្តិការ»។​

លោកស្រីបានបន្តទៀតថា៖ «បើសិនជាមានរឿងកើតឡើងនៅតាមបណ្ដាសាធារណៈ ខ្ញុំឧទាហរណ៍នៅពេលដែលយើងប្រឆាំង ឬមិនគោរពទៅតាមរបៀបរបបដែលចុះទៅយកព័ត៌មានដែលមន្ត្រីសាធារណៈ ឬក៏មន្ត្រីជំនាញដែលគេបំពេញបេសកម្មនោះហើយយើងធ្វើខុសមានការឃាត់ខ្លួនអីជាដើម អ៊ីចឹងសូមកុំឱ្យផ្សាយថាអ្នកសារព័ត៌មានត្រូវបានឃាត់ខ្លួន មិនមែនទេ គឺបុគ្គលនោះត្រូវបានឃាត់ខ្លួនដោយសារមូលហេតុអីហើយគាត់មានមុខរបរអាជីពអី ឧទាហរណ៍ជាអ្នកសារព័ត៌មានជាដើម»។

លោកស្រីបានប្រសាសន៍ថា៖ «ប្អូនដែលមើលសារព័ត៌មានអាគាំង (អាមេរិក) ឬក៏ការផ្សព្វផ្សាយព័ត៌មានអន្តរជាតិទេ ខ្ញុំលើកពីគេទៅចុះ ខ្ញុំឧទាហរណ៍ករណីឃាតកម្មមួយ អ្នកសារព័ត៌មានចង់ដឹងណាស់ ចូលទៅយកព័ត៌មានអ្នកស្លាប់ថាយ៉ាងម៉េច ពេលខ្លះយើងផ្សាយមិនទាំងដឹងពីក្រមសីលធម៌ វីជ្ជាជីវៈរបស់ខ្លួនក្នុងការយកព័ត៌មាន មិនដឹងថារូបភាពយកមុំណាផងមកទាំងកាកទាំងគោកក៏មានដែរ អញ្ជឹងចំណុចនេះឯងកាលណាមានឃាតកម្មគឺគេត្រូវព័ទ្ធខ្សែក្រហមហើយមានន័យថាម៉េច ការពារមិនឱ្យអ្នកសារព័ត៌មាន ឬសាធារណៈជន ឬក៏បងប្អូនសាច់ញាតិណាចូលមកទីកន្លែងណាដែលគេហាមឃាត់»។​

លោកស្រីបានបន្ថែមថា៖ «នៅភ្នំតាម៉ៅក៏ដូចគ្នា អ្វីដែលខ្ញុំឃើញក៏ដូចគ្នាអញ្ចឹងកន្លែងណាដែលគេហាមឃាត់ យើងជំនួសទៅដោយសន្តិសុខឬកងអន្តរាគមន៍ដែលការពារព្រោះគេកំពុងធ្វើការដូចខ្ញុំលើកមិញចឹងគ្នាធ្វើការឈរហាលក្ដៅ ហាលភ្លៀង ហើយប៉ុន្មានម៉ោងយើងយល់អារម្មណ៍នៅពេលដែលគេកំពុងបំពេញការងារ ចឹងនៅពេលដែលបំពេញការងារវាតែងមានអារម្មណ៍ខ្លះហើយ ហើយគឺជាបុគ្គលម្នាក់ទេ ចឹងយើងកុំយកទិដ្ឋភាពទាំងមូលមកវៃអួ ចឹងទេឱ្យច្បាស់អ្នកសារព័ត៌មាននៅពេលដែលមានការរំលោភបំពានថាអ្នកណា បុគ្គលមួយណាត្រូវលើកឱ្យច្បាស់មិនមែនអង្គភាពមួយទាំងមូលជាអ្នករំលោភបំពាន»។

គួរបញ្ជាក់ផងដែរថា កាលពីខែសីហាកន្លងទៅមានការឃាត់ខ្លួនអ្នកសារព័ត៌មានវិទ្យុសំឡេង​ប្រជាធិបតេយ្យ (VOD) ចំនួន៥រូប ទាក់ទងនឹងការចុះយកព័ត៌មាននៅតំបន់ឈូសឆាយភ្នំតាម៉ៅ។ ក្នុងកិច្ចពិភាក្សាដដែលនោះលោកស្រីបានឆ្លើយបង្វែរសំណួរទាក់ទងទៅនឹងករណីឃាតកម្មទៅវិញ៕