មន្រ្តី​សង្គម​ស៊ីវិល​ផ្នែក​សារព័ត៌មាន​​បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា​ អ្នកសារព័ត៌មានតែងតែរាយការណ៍ពីបញ្ហានយោបាយ ពុករលួយ ដីធ្លី និងបញ្ហាធនធានធម្មជាតិ កាន់តែមានចំនួនតិចទៅ និងកំពុងតែប្រឈមនឹងការគំរាមកំហែង បំភិតបំភ័យ អំឡុងពេលពួកគេចុះបំពេញកិច្ចការងារ។

លោកស្រី ឆន សុគន្ធា នាយិកានាយកដ្ឋានអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បាន​លើកឡើង​ក្នុងសន្និសីទថ្នាក់ជាតិលើកទី១ ស្ដីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ ប្រារព្ធនៅសណ្ឋាគារសុខាភ្នំពេញថា មូលហេតុនាំឱ្យអ្នកសារព័ត៌មានឯករាជ្យដែលហ៊ានរាយការណ៍ព័ត៌មានរសើបមានចំនួនតិច ដោយសារតែងតែមានការធ្វើទុកបុកម្នេញ ការចាប់ខ្លួន ការចោទប្រកាន់ជាដើម។

លោកស្រីបន្ថែមថា៖ «អ្នកសារព័ត៌មានឯករាជ្យ គឺអ្នកសារព័ត៌មានដែលប្រកបដោយវិជ្ជាជីវៈ ឬមិនស្ថិតក្រោមទិន្នាការគណបក្សនយោបាយ ឬ​សំពាធរបស់ភាគីមានអំណាចណាមួយ»។

លោកស្រីសុគន្ធា៖ «តើប៉ុន្មានភាគរយនៃអ្នកសារព័ត៌មានជិត១ម៉ឺននាក់ ដែលគាត់ហ៊ានទៅរាយការណ៍ព័ត៌មានដែលក្ដៅៗ»។

ការលើកឡើងនេះ បន្ទាប់ពីប្រទេសកម្ពុជានារយៈពេលចុងក្រោយនេះ គឺមានការឃាត់ខ្លួនអ្នកសារព័ត៌មាន VOD ចំនួន ៥នាក់ នៅភ្នំតាម៉ៅ ក៏​ដូចជាករណីណាហ្គាវើលដ៍​ និង​ករណីពាក់ព័ន្ធនឹងអ្នកនយោបាយផ្សេងៗទៀត៕​