ប្រព័ន្ធផ្សព្វផ្សាយបានដើរតួនាទីយ៉ាងសំខាន់ក្នុងយុគសម័យឌីជីថលនេះ ហើយបានរីកដុះដាលតាមចំនួនអ្នកប្រើប្រាស់ជារៀងរាល់ថ្ងៃ ហើយមាតិកាជាច្រើនបានចែកចាយលើប្រព័ន្ធផ្សព្វផ្សាយទាំងដែលមិនបានត្រួតពិនិត្យត្រឹមត្រូវថាអាចនឹងផ្តល់ផលប៉ះពាល់អ្វីខ្លះដល់សង្គម។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញ។
កញ្ញា ហ៊ន ចិន្តា អាយុ២៦ឆ្នាំ ជាមន្ត្រីប្រព័ន្ធផ្សព្វផ្សាយ និងគ្រូបង្គោលអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបានប្រាប់មក Newsroom Cambodia ថាពេលដែលយុវជនមានចំណេះដឹងពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយនោះនឹងនាំពួកគេចេះប្រើប្រាស់បណ្តាញសង្គមដោយមានទំនួលខុសត្រូវ។
កញ្ញាថា៖ «នៅពេលយុវជនមានចំណេះដឹងពាក់ព័ន្ធនឹងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ នោះយុវជននឹងចេះប្រើប្រាស់បណ្ដាញសង្គមផ្សេងៗដោយមានទំនួលខុសត្រូវ អ៊ីចឹងវាផ្ដល់ភាពងាយស្រួលសម្រាប់ពួកគាត់ក្នុងការរស់នៅក្នុងសម័យឌីជីថលនេះ ដោយចេះការពារសុវត្ថិភាពទិន្នន័យ និងឯកជនភាពរបស់ខ្លួន ទោះជាមិនបាន១០០ភាគរយ ក៏បានមួយចំនួនធំដែរ»។
កញ្ញាបានបន្ថែមថា យុវជនក៏អាចបង្កើនការគិតបែបស៊ីជម្រៅមុននឹងពួកគេជឿលើរឿងអ្វីមួយ លើសពីនេះពួកគេក៏អាចផលិតមាតិកាផ្សេងៗដែលជាប្រយោជន៍សម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គមផងដែរ។
កញ្ញាថា៖ «មួយវិញទៀត គាត់អាចមានការគិតបែបស៊ីជម្រៅមុននឹងជឿលើព័ត៌មានអ្វីមួយនៅលើបណ្ដាញសង្គម លើសពីនោះគាត់ក៏អាចផលិត និងគាំទ្រមាតិកាផ្សេងៗដែលមានប្រយោជន៍សម្រាប់អ្នកប្រើប្រាស់បណ្ដាញសង្គមផ្សេងទៀត យុវជននឹងមានភាពងាយស្រួលក្នុងការទំនាក់ទំនង និងការស្វែករកឱកាសផ្សេងៗ ដោយគ្មានភាពភ័យខ្លាច ឬមានផលរំខានផ្សេងៗ»។
លោកឡេង មករា ជានិសិ្សតឆ្នាំទី៣ ជំនាញគ្រប់គ្រងពាណិជ្ជកម្មនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាបាននិយាយថា អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយជាចំណេះដែលធ្វើឱ្យអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឱ្យបានត្រឹមត្រូវ ក៏ដូចជាការចេះត្រួតពិនិត្យព័ត៌មានមុននឹងការចែករំលែកឬទទួលស្គាល់ព័ត៌មាននោះ។
លោកថា៖ «សម្រាប់ខ្ញុំអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយគឺជាចំណេះដឹងនៃការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឱ្យបានត្រឹមត្រូវ មានន័យថាយើងជាអ្នកទទួល និងជាអ្នកផ្តល់ឱ្យត្រូវពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយនូវប្រភពយ៉ាងតិចឱ្យបាន២ ឬក៏៣មុននឹងយើងចែករំលែកឬក៏ទទួលស្គាល់ថាព័ត៌មាននោះពិតឬក៏មិនពិត»។
លោក មករា ក៏បានបន្ថែមថា អក្ខរក្រមប្រព័ន្ធផ្សព្វផ្សាយក៏ជួយឱ្យគេចផុតពីជនអនាមិកផ្សេងៗបានផងដែរ។
លោកបន្ថែមថា៖ «មួយវិញទៀតអក្ខរកម្មនៃប្រព័ន្ធផ្សព្វផ្សាយទើបឱ្យយើងដឹងការការពារខ្លួន មានន័យថាយើងដឹងហើយសព្វថ្ងៃប្រព័ន្ធផ្សព្វផ្សាយវាទាក់ទងនឹង Cybercrime ឬ Scamនិងអ្វីផ្សេងទៀត អ៊ីចឹងយើងការពារខ្លូនយើងពីជនអនាមិកទាំងនោះជៀសយើងក្លាយជាជនរងគ្រោះ។»
កញ្ញាវៃ វនាទ ជានិស្សិតឆ្នាំទី២ ជំនាញទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាបានលើកឡើងថា ចំណេះដឹងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយជាចំណេះដឹងដែលអាចកសាងសមត្ថភាពក្នុងការប្រើប្រាស់បណ្តាញសង្គមប្រកបដោយសុវត្ថិភាព។
កញ្ញាថា៖ «អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយជាចំណេះដឹងក្នុងការកសាងសមត្ថភាពរបស់យើងឱ្យចេះប្រើប្រាស់បណ្តាញសង្គមប្រកបដោយសុវត្ថិភាព មានទំនួលខុសត្រូវខ្ពស់ ព្រមទាំងឈ្លាសវៃផងដែរ ព្រោះយើងដឹងស្រាប់ហើយបណ្តាញសង្គមផ្សព្វផ្សាយរាល់ថ្ងៃហ្នឹងគឺវាទូលំទូលាយ»។
កញ្ញាក៏បន្តថា ការមានចំណេះដឹងខាងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយអាចធ្វើឱ្យមនុស្សគ្រប់ជៀសឆ្ងាយពីព័ត៌មានមិនពិត។
កញ្ញាបន្តថា៖ «អ៊ីចឹងនៅពេលដែលយើងអត់ចេះប្រើប្រាស់វា មិនថាប្រភពនៃការផ្សព្វផ្សាយព័ត៌មាននោះមកពីណាច្បាស់លាស់អត់ តើការផ្សព្វផ្សាយព័ត៌មានមួយហ្នឹងពិតប្រាកដអត់ តើមានផលប៉ះពាល់ដល់យើង សង្គម និងអ្នកដទៃដែរឬទេ ពីព្រោះបើសិនជាមិនមានចំណេះពីហ្នឹង[អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ]គឺយើងងាយចាញ់បោកនឹងព័ត៌មានមិនពិតខ្លាំងមែនទែនតែម្តង»។
កញ្ញា យ៉ាត់ ម៉ាឡៃ ជាគ្រូបង្គោលស្ម័គ្រចិត្តបង្រៀនអក្ខរកម្មឌីជីថលដែលរៀបចំដោយក្រសួងអប់រំ យុវជននិងកីឡា បាននិយាយថា បើសិនជាមិនបានយល់ដឹងពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនោះនាំឱ្យមានផលប៉ះពាល់ដល់អ្នកដទៃ និងខ្លួនឯងផងដែរ។
កញ្ញាថា៖ «ខ្ញុំយល់ឃើញថាមកដល់សម័យនេះគឺពិតជាសំខាន់ក្នុងការរៀនពីប្រព័ន្ធឌីជីថល ដូច្នេះនៅពេលដែលមានចំណេះពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយនេះយើងអាចប្រើប្រាស់ជាដើម្បីជាផលប្រយោជន៍ ប៉ុន្តែបើយើងមិនយល់ដឹងទេវាផ្តល់ផលប៉ះពាល់ដល់យើងខ្លួនឯងជាពិសេសនៅពេលដែលយើងចែករំលែកអ្វីមួយទៅដល់អ្នកដទៃដោយពុំបានគិតពិចារណា ព័ត៌មានទាំងអស់នឹងធ្វើឱ្យអ្នកដទៃទទួលរងផលប៉ះពាល់»។
គួរបញ្ជាក់ដែរថា ប្រជាជនកម្ពុជាបច្ចុប្បន្នមានចំនួន ១៦ ៨៨៤ ២៨៤ នាក់គិតត្រឹមខែមីនា ឆ្នាំ២០២១ ហើយចំនួនអ្នកប្រើប្រាស់បណ្តាញសង្គមមានចំនួនប្រមាណ ១០,៩ លាននាក់៕