ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ផ្តើមគិតថ្លៃប្រើប្រាស់ចាប់ព្រឹកពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះតទៅ ក្រោយបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃអស់រយៈពេលមួយខែ។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ការបង់ប្រាក់នឹងធ្វើឡើងតាមចម្ងាយជាក់ស្តែង។ សម្រាប់យានយន្តប្រភេទ A ត្រូវបង់ប្រាក់ក្នុងតម្លៃ ០,០៦៤ ដុល្លារក្នុងមួយគីឡូម៉ែត្រ យានយន្តប្រភេទ B ត្រូវបង់ប្រាក់ ០,១២៨ ដុល្លារក្នុងមួយគីឡូម៉ែត្រ យានយន្តប្រភេទ C ត្រូវបង់ប្រាក់០,១៩២ដុល្លារក្នុងមួយគីឡូម៉ែត្រ យានយន្តប្រភេទ D ត្រូវបង់ប្រាក់ ០,២៥៦ ដុល្លារក្នុងមួយគីឡូម៉ែត្រ និងយានយន្តប្រភេទ E ត្រូវបង់ប្រាក់ ០,៣២ ដុល្លារក្នុងមួយគីឡូម៉ែត្រ។ ក្រសួងសាធារណការក៏បានបញ្ជាក់ថា តម្លៃទាំងអស់នេះគឺជាតម្លៃគិតត្រឹម៨០%នៃតម្លៃសរុប។
ជាឧទាហរណ៍ ចម្ងាយពីភ្នំពេញទៅខេត្តព្រះសីហនុសម្រាប់យានយន្តប្រភេទ A តរ្រូវចំណាយអស់ប្រមាណជា១២ដុល្លារសហរដ្ឋអាមេរិក។
ក្រសួងសាធារណការក៏បន្ថែមថា រាល់យានយន្តចូលប្រើប្រាស់ផ្លូវល្បឿនលឿនត្រូវមាន ផ្លាកលេខសម្គាល់យានយន្ត ត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) មានសុពលភាព កាតព្វកិច្ចផ្សេងៗតាមច្បាប់ដែលបានកំណត់។
គួរបញ្ជាក់ដែរថា ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ គឺជាផ្លូវល្បឿនលឿនទី១ និងជាផ្លូវរបៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅ ក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ៕