ក្រសួងធនធានទឹក និងឧតុនិយម នៅដើមខែវិច្ឆិកានេះ ជូនដំណឹងឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះអាកាសធាតុដែលនឹងចុះត្រជាក់ចាប់ពីសប្តាហ៍នេះតទៅ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមដែលបានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ បញ្ជាក់ថា ក្នុងអំឡុងពេលមួយសប្ដាហ៍ខាងមុខ ពោលគឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន និងខ្យល់បក់ពីទិសឦសាន។ ការទទួលរងឥទ្ធិពលនេះអាចធ្វើឱ្យអាកាសធាតុនៅតំបន់បីធំៗរួមមាន តំបន់ទំនាបកណ្ដាល តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រមានការប្រែប្រួល។
ក្រសួងធនធានទឹកបានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងសេចក្តីជូនដំណឹងនោះតាមន័យដើមថា៖ «សូមបងប្អូនប្រជាពលរដ្ឋនិងសាធារណេជនគ្រប់រូបមេត្តាជ្រាបជាព័ត៌មាន និងមានការប្រុងប្រយត្ន័ ត្រៀមខ្លួនចំពោះធាតុអាកាសដែលនឹងត្រជាក់នៅសប្ដាហ៍ខាងមុខនេះ»។
បើតាមសេចក្ដីជូនដំណឹងខាងលើបានបន្ថែមទៀតថា ចំពោះតំបន់ទំនាបកណ្ដាល នឹងមិនមានភ្លៀងធ្លាក់ឡើយ បើមានក៏តិចតួចប៉ុណ្ណោះ សីតុណ្ហភាពជាអប្បបរមាគឺនឹងមានចាប់ពី ២១ ទៅ ២៣ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានចាប់ពី ៣១ ដល់ ៣៣ អង្សាសេ។ ចំពោះតំបន់ខ្ពង់រាប សីតុណ្ហភាពជាអប្បបរមា នឹងមានពី ២០ ដល់ ២២ អង្សាសេ និងអតិបរមា មានពី ៣០ ដល់ ៣២ អង្សាសេ និងមិនមានភ្លៀងធ្លាក់នោះទេ។
ចាប់ពីថ្ងៃទី២ ដល់ ៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅបណ្ដាខេត្តមួយចំនួនរួមមាន ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ធាតុអាកាសនឹងអាចចុះត្រជាក់នៅពេលព្រឹក ដោយមានសីតុណ្ហភាពជាអប្បបរពី ១៧ ដល់ ១៨ អង្សាសេ។ ចំណែកឯខាងតំបន់មាត់សមុទ្រវិញ សីតុណ្ហភាពអប្បបរមាអាចនឹងមានចាប់ពី ២១ ដល់ ២៣ អង្សាសេ អតិបរមានពី ៣១ ដល់ ៣៣ អង្សាសេ និងមិនមានភ្លៀងធ្លាក់ បើមានក៏តិចតួចប៉ុណ្ណោះ៕