លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍ បានបង្ហាញរូបរាងនាឡិកាដៃដែលកម្ពុជាផលិតបាន សម្រាប់ជូនជាវត្ថុអនុស្សាវរីយ៍ដល់ប្រធានគណៈប្រតិភូដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញ នាសប្តាហ៍ក្រោយនេះ។
បើតាមសារដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ បញ្ជាក់ថា កម្ពុជាបានផលិតនាឡិកាដៃចំនួន២៥គ្រឿងសម្រាប់ជាវត្ថុអនុស្សាវរីយ៍ជូនប្រធានគណៈប្រតិភូ ដែលអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជា ឆ្នាំ២០២២។
បើតាមរូបដែលលោកនាយករដ្ឋមន្រ្តីបង្ហោះ នាឡិកាដៃនោះមានស្លាកដាក់ថា «ASEAN Cambodia 2022»។
លោកនាយករដ្ឋមន្រ្តីបញ្ជាក់ក្នុងន័យដើមថា៖ «នាឡិកានេះត្រូវបានរៀបចំផ្គុំឡើងដោយអ្នកបច្ចេកទេសខ្មែរសុទ្ធសាធដែលជាផ្នែកមួយនៃការរីកចំរើនខាងវិទ្យាសាស្រ្ត និងបច្ចេកទេសរបស់កម្ពុជា»។
គួរបញ្ជាក់ដែរថា កិច្ចប្រជុំកំពូលអាស៊ានទិ៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា នឹងធ្វើឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំអាស៊ាន ថ្នាក់ដឹកនាំប្រទេសដៃគូ និងប្រធានស្ថាប័នពិភពលោកមួយចំនួន៕