នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ កំណាត់មហាវិថី និងផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញ នឹងត្រូវផ្អាកចរាចរណ៍រយៈពេលខ្លីដើម្បីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៩នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធាខេមរភូមិន្ទ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២។
ក្នុងសេចក្តីជូនដំណឹងរបស់សាលារាជធានីបញ្ជាក់ថា កំណាត់មហាវិថី និងផ្លូវដែលត្រូវផ្អាកមានដូចជា ចាប់ពីច្រាំងទន្លេសាបតាមបណ្ដោយផ្លូវលេខ១៧៨ មហាវិថីព្រះនរោត្ដម ផ្លូវលេខ២១៤ ផ្លូវលេខ៥១ ផ្លូវលេខ២៩៤ មហាវិថីសម្ដេចសុធារស នាគបាញ់ទឹក រង្វង់មូលសម្ដេចព្រះសង្ឃរាជ ជួន ណាត តីរវិថីព្រះស៊ីសុវត្ថិ រហូតដល់ផ្លូវលេខ១៧៨ រហូតដល់ការប្រារព្ធកម្មវិធីត្រូវបានបិទបញ្ចប់។
ក្នុងសេចក្តីជូនដំណឹងនោះបញ្ជាក់តាមន័យដើមថា៖ «រដ្ឋបាលរាជធានីភ្នំពេញក៏សូមការយោគយល់ និងអធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើតាមកាលបរិច្ឆេទដូចបានជម្រាបជូនខាងលើដោយក្ដីអនុគ្រោះ»។
សាលារាជធានីបន្ថែមថា នៅពេលផុតរយៈពេលនៃការហាមឃាត់បណ្ដោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឲ្យធ្វើចរាចរណ៍ជាធម្មតាវិញ៕