រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្នលើដងមហាវិថីមួយចំនួន ដើម្បីសម្រួលដល់ការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិចិ្ឆកា ឆ្នាំ២០២២នេះ។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចេញផ្សាយកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះបញ្ជាក់ថា ដើម្បីឱ្យកិច្ចប្រជុំកំពូលអាស៊ានប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីនឹងបញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទនៅតាមបណ្តាវិថីសំខាន់ៗមួយចំនួនក្នុងអំឡុងពេលគណៈប្រតិភូជាន់ខ្ពស់ជាតិ និងអន្តរជាតិឆ្លងកាត់ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។
យោងតាមសេចក្តីជូនដំណឹងដដែលបានឱ្យដឹងថា តម្រាយផ្លូវដែលបញ្ចៀសចរាចរណ៍មានដូចជា ចំពោះយានយន្តដែលធ្វើដំណើរចូលរាជធានីភ្នំពេញតាមមហាវិថីសហព័ន្ធរុស្ស៊ី ត្រូវបង្វែរទិសចរាចរណ៍ត្រង់ចំណុចស្ពានអាកាសចោមចៅឆ្ពោះទៅមហាវិថីចោមចៅ។ ចំពោះយានយន្តដែលធ្វើដំណើរចេញចូលមហាវិថីព្រះនរោត្តម ត្រូវបង្វែរទិសចរាចរណ៍តាមផ្លូវលេខ៦៣ និងតីរវិថីព្រះស៊ីសុវត្ថិ។ ចំពោះយានយន្តដែលធ្វើដំណើរចេញចូលមហាវិថីព្រះមុនីវង្ស ត្រូវបង្វែរទិសចរាចរណ៍ត្រង់ ចំណុចច្រមុះជ្រូកក្បាលថ្នល់ឆ្ពោះទៅមហាវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ត្រង់រង្វង់មូលកួចកាណុងត្រូវបង្វែរទៅវិថីឧកញ៉ាឃ្លាំងមឿង(ផ្លូវលេខ៧០)។
ចំពោះយានយន្តដែលធ្វើដំណើរចូលរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៦ ត្រូវបង្វែរទិសចរាចរណ៍តាមមហាវិថីឈ្នះឈ្នះ។ ករណីយានយន្តស្ថិតនៅក្នុងតំបន់ជ្រោយចង្វារត្រូវបង្វែរចរាចរណ៍តាម រង្វង់មូលនាងទេពមច្ឆាឆ្លងតាមស្ពានបេឡេចូលរាជធានីភ្នំពេញ។ ចំពោះយានយន្តដែលធ្វើដំណើរលើវិថីឧកញ៉ា ឃ្លាំងមឿង (ផ្លូវលេខ៧០) ក្នុងទិសដៅទៅរង្វង់មូលកួចកាណុងត្រូវបង្វែរទិសចរាចរណ៍ចូលតាមមហាវិថីស៊ីធីសេនធ័រ(ផ្លូវលេខ១៦៩តំបន់ បឹងកក់) និងផ្លូវបេតុងផ្សារសំហាន់ឆ្ពោះទៅផ្លូវលេខ៥៩៨។
ចំពោះសាឡង់ដឹកខ្សាច់ និងទូកទេសចរណ៍ពុំអនុញ្ញាតឱ្យចរាចរតាមដងទន្លេសាប និងទន្លេមេគង្គលើចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ចំពោះកំពង់ចម្លងសុខាមករាជធានីភ្នំពេញត្រូវបានផ្អាកដំណើរការទាំងស្រុង ក្នុងអំឡុងពេលកិច្ចប្រជុំខាងលើ។
ដោយឡែកចំពោះកំពង់ចម្លងអរិយក្សត្រអនុញ្ញាតឱ្យដំណើរការធម្មតា តែទីតាំងកំពង់ចម្លងផ្នែកខាងលិចត្រូវប្ដូរទៅចត និងឡើងនៅកំពង់ចម្លងខាងកោះពេជ្រវិញ។
រដ្ឋបាលរាជធានីភ្នំពេញក៏បញ្ជាក់អំពីការហាមឃាត់មួយចំនួនដែរថា៖ «ហាមដាច់ខាតការបង្ហោះខ្លែង និងឧបករណ៍ម៉ាស៊ីនថតរូប និងវីដេអូបំពាក់លើយន្តហោះបញ្ហា (Drone) ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាពិសេសតាមផ្លូវហោះហើររបស់យន្តហោះ»។
សាលារាជធានីភ្នំពេញបន្ថែមថា នៅពេលផុតរយៈពេលនៃការហាមឃាត់បណ្ដោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឲ្យធ្វើចរាចរណ៍ជាធម្មតាវិញ៕