រដ្ឋបាល​រាជធានីភ្នំពេញ​នឹង​បញ្ចៀស​ចរាចរណ៍​យានយន្ត​គ្រប់ប្រភេទ​ជា​បណ្តោះអាសន្ន​​​​លើ​ដង​មហាវិថី​មួយចំនួន​ ដើម្បី​​សម្រួល​ដល់​ការ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​​លើក​ទី៤០ និង​៤១ ដែល​នឹង​ប្រព្រឹត្ត​នៅថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិចិ្ឆកា ឆ្នាំ២០២២នេះ។

​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២២​នេះ​​បញ្ជាក់​ថា ដើម្បី​ឱ្យ​កិច្ចប្រជុំ​កំពូល​អាស៊ាន​​​ប្រព្រឹត្ត​ទៅ​ដោយ​រលូន រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បាន​នូវ​ការ​កក​ស្ទះ​ចរាចរណ៍ រដ្ឋបាលរាជធានី​នឹង​បញ្ចៀសចរាចរ​ចំពោះ​យានយន្ត​គ្រប់ប្រភេទ​នៅ​តាម​បណ្តា​វិថី​សំខាន់ៗ​មួយចំនួន​ក្នុងអំឡុងពេល​គណៈប្រតិភូ​ជាន់ខ្ពស់​ជាតិ និង​អន្តរជាតិ​ឆ្លងកាត់​ចូលរួម​កិច្ច​ប្រជុំ​កំពូលអាស៊ាន​។

យោងតាម​សេចក្តីជូនដំណឹង​ដដែល​បាន​ឱ្យ​ដឹង​ថា តម្រាយ​ផ្លូវ​ដែល​បញ្ចៀស​ចរាចរណ៍​មាន​ដូច​ជា ចំពោះ​យានយន្ត​ដែល​ធ្វើដំណើរ​ចូល​រាជធានីភ្នំពេញ​តាម​មហាវិថី​សហព័ន្ធរុស្ស៊ី ត្រូវ​បង្វែរ​ទិស​ចរាចរណ៍​ត្រង់​ចំណុច​ស្ពានអាកាស​ចោមចៅ​ឆ្ពោះ​ទៅ​មហាវិថី​ចោមចៅ​។ ចំពោះ​យានយន្ត​ដែល​ធ្វើដំណើ​រចេញចូល​មហាវិថី​ព្រះនរោត្តម ត្រូវ​បង្វែរ​ទិសចរាចរណ៍​តាម​ផ្លូវលេខ​៦៣ និង​តីរវិថី​ព្រះស៊ីសុវត្ថិ​។ ចំពោះ​យានយន្ត​ដែល​ធ្វើដំណើរ​ចេញចូល​មហាវិថី​ព្រះមុនីវង្ស ត្រូវ​​បង្វែរ​ទិសចរាចរណ៍​ត្រង់ ចំណុច​ច្រមុះជ្រូកក្បាលថ្នល់​ឆ្ពោះ​ទៅ​មហាវិថី​កង​យោធ​ពល​ខេមរ​ភូមិន្ទ (ផ្លូវលេខ២៧១) ​ត្រង់​រង្វង់មូល​កួចកាណុង​ត្រូវ​បង្វែរ​ទៅ​វិថីឧកញ៉ាឃ្លាំងមឿង​(ផ្លូវលេខ៧០)។

ចំពោះ​យានយន្ត​ដែល​ធ្វើដំណើរចូល​រាជធានីភ្នំពេញ​តាម​ផ្លូវជាតិ​លេខ៦ ត្រូវ​បង្វែរ​ទិស​ចរាចរណ៍​តាម​​មហាវិថី​ឈ្នះឈ្នះ។​  ករណី​យានយន្ត​ស្ថិតនៅ​ក្នុង​តំបន់​ជ្រោយចង្វារ​ត្រូវ​បង្វែរ​ចរាចរណ៍​តាម រង្វង់មូល​នាងទេពមច្ឆា​ឆ្លងតាម​ស្ពាន​បេឡេ​ចូល​រាជធានីភ្នំពេញ។ ចំពោះ​យានយន្ត​ដែល​ធ្វើដំណើរ​លើ​វិថីឧកញ៉ា ឃ្លាំងមឿង (ផ្លូវលេខ៧០) ក្នុង​ទិសដៅ​ទៅ​រង្វង់មូល​កួចកាណុង​ត្រូវ​បង្វែរ​ទិសចរាចរណ៍​ចូលតាម​មហាវិថី​ស៊ីធីសេនធ័រ(ផ្លូវលេខ​១៦៩​តំបន់ បឹងកក់) និង​ផ្លូវបេតុង​ផ្សារ​សំហាន់​ឆ្ពោះ​ទៅ​ផ្លូវលេខ៥៩៨។

ចំពោះ​សាឡង់​ដឹក​ខ្សាច់ និង​ទូកទេសចរណ៍​ពុំ​អនុញ្ញាត​ឱ្យ​ចរាចរ​តាម​ដង​ទន្លេសាប និង​ទន្លេ​មេគង្គ​​លើ​ចាប់​ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ចំពោះ​កំពង់ចម្លង​សុខា​មក​រាជធានីភ្នំពេញ​ត្រូវ​បាន​ផ្អាកដំណើរ​ការ​ទាំងស្រុង ក្នុង​អំឡុងពេល​កិច្ចប្រជុំខាង​លើ។

ដោយឡែក​ចំពោះ​កំពង់ចម្លង​អរិយក្សត្រ​អនុញ្ញាត​ឱ្យ​ដំណើរការ​ធម្មតា តែ​ទីតាំង​កំពង់ចម្លង​ផ្នែក​ខាងលិច​ត្រូវ​ប្ដូរ​ទៅ​ចត និង​ឡើង​នៅ​កំពង់ចម្លង​ខាង​កោះពេជ្រ​វិញ​។

រដ្ឋបាល​រាជធានីភ្នំពេញ​​ក៏​បញ្ជាក់​អំពីការ​ហាម​ឃាត់​មួយ​ចំនួន​ដែរថា៖ ​«ហាមដាច់ខាត​ការបង្ហោះ​ខ្លែង និង​ឧបករណ៍​ម៉ាស៊ីនថតរូប និង​វីដេអូ​បំពាក់​លើ​យន្តហោះបញ្ហា (Drone) ក្នុង​ភូមិសាស្ត្រ​រាជធានីភ្នំពេញ ជាពិសេស​តាម​ផ្លូវហោះហើរ​របស់​យន្តហោះ​»។

សាលារាជធានីភ្នំពេញ​បន្ថែម​ថា នៅ​ពេល​ផុត​រយៈពេល​នៃ​ការ​ហាមឃាត់​បណ្ដោះអាសន្ន​នេះ រដ្ឋបាល​រាជធានីភ្នំពេញ​នឹង​បើក​ឲ្យ​ធ្វើ​ចរាចរណ៍​​ជាធម្មតា​វិញ​៕