ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃអង្គារ បានជូនដំណឹងឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះអាកាសធាតុដែលនឹងឡើងក្តៅ និងចុះត្រជាក់ចាប់ពីពេលនេះតទៅ។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ បញ្ជាក់ថា ចាប់ពីថ្ងៃទី៩ រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជានឹងទទួលរងឥទ្ធិពលខ្លាំងពីទ្រនុងសម្ពាធខ្ពស់ និងខ្យល់បក់មកពីទិសឦសានក្នុងល្បឿនបង្គួរ។ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ និងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥នឹងទទួលរងឥទ្ធិពលនៃទ្រនុងសម្ពាធខ្ពស់ និងខ្យល់បក់មកពីទិសឦសានខ្សោយដោយទំនួលខ្លាំងនៃជ្រលងសម្ពាធទាបពីសមុទ្រចិនខាងត្បូង បង្កើតឡើងនូវបាតុភូតនៃជំនួបរវាងម៉ាសខ្យល់ក្តៅនិងត្រជាក់ (Convection)។
បើតាមសេចក្តីជូនដំណឹងខាងលើបានបន្ថែមថា ស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់បីមានការប្រែប្រួល ក្នុងនោះរួមមានតំបន់ទំនាបកណ្ដាល សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ អង្សាសេ ហើយចាប់ពីថ្ងៃទី៩-១០ ខែវិច្ឆិកា អាចមានភ្លៀងតិចតួច។
ចំពោះតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២ អង្សាសេ ចាប់ពីថ្ងៃទី៩-១០ ខែវិច្ឆិកា អាចមានភ្លៀងតិចតួច។
ចំណែកឯខាងតំបន់មាត់សមុទ្រវិញ សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ អង្សាសេ និង សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ អង្សាសេ ហើយអាចមានភ្លៀងក្នុងកម្រិតខ្សោយបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ៕