ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុ​និយម​នៅ​ថ្ងៃអង្គារ បាន​ជូន​ដំណឹង​ឱ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​អាកាស​ធាតុ​ដែល​នឹង​ឡើង​ក្តៅ​ និង​ចុះត្រជាក់ចាប់​ពីពេល​នេះ​ត​ទៅ​។

បើ​​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ធន​ធាន​ទឹក​​ និង​ឧតុ​និយម​​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៨ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ បញ្ជាក់​ថា​ ចាប់​ពី​ថ្ងៃ​ទី​៩ ​រហូតដល់​ថ្ងៃ​ទី​១៥​ ខែ​វិច្ឆិកា ឆ្នាំ​២០២២​​ កម្ពុជានឹង​ទទួល​រង​ឥទ្ធិពល​ខ្លាំង​ពី​ទ្រ​នុង​សម្ពាធ​ខ្ពស់​ និងខ្យល់​បក់​មក​ពី​ទិស​­​­ឦសាន​ក្នុង​ល្បឿន​បង្គួរ​។ ចាប់​ពី​ថ្ងៃ​ទី​៩​ ដល់ថ្ងៃទី​​១០ និង​ចាប់​ពី​ថ្ងៃ​ទី១១ ​ដល់ថ្ងៃទី​​១៥នឹង​ទទួលរងឥទ្ធិពល​នៃ​ទ្រនុង​សម្ពាធ​ខ្ពស់​ និង​ខ្យល់បក់​មកពី​ទិស​­​­ឦសានខ្សោយ​ដោយ​ទំនួល​ខ្លាំង​នៃ​ជ្រលង​សម្ពាធ​ទាប​ពី​សមុទ្រ​ចិន​ខាង​ត្បូង​ បង្កើត​ឡើង​នូវ​​បាតុភូត​នៃ​ជំនួប​រវាង​ម៉ាស​ខ្យល់​ក្តៅ​និង​ត្រជាក់​ (Convection)។

បើ​តាម​សេចក្តី​ជូន​ដំណឹង​ខាង​លើ​បាន​បន្ថែម​ថា​ ស្ថាន​ភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យតំបន់​បី​មាន​ការ​ប្រែប្រួល​ ក្នុងនោះ​រួមមាន​តំបន់​ទំនាប​កណ្ដាល​ សីតុណ្ហភាព​អប្បបរមា​ មាន​ពី​ ២២-២៤ អង្សាសេ​ និង​សីតុណ្ហភាព​អតិបរមា​ មាន​ពី​ ៣១-៣៣ អង្សាសេ​ ហើយចាប់​ពី​ថ្ងៃ​ទី​៩-១០​ ខែ​វិច្ឆិកា​ អាច​មាន​ភ្លៀង​តិចតួច​។

ចំពោះ​តំបន់ខ្ពង់​រាប​ សីតុណ្ហភាព​អប្បបរមា​ មាន​ពី​ ២១-២៣ អង្សាសេ​ និង​សីតុណ្ហភាព​​អតិបរមា​ មាន​ពី​ ៣០-៣២​ អង្សាសេ​ ចាប់​ពី​ថ្ងៃ​ទី​៩-១០​ ខែ​វិច្ឆិកា​ អាច​មាន​ភ្លៀង​តិច​តួច។

ចំណែក​ឯ​ខាង​តំបន់​មាត់​សមុទ្រ​វិញ​ សីតុណ្ហភាព​អប្បបរមា​ មាន​ពី​ ២២-២៤​ អង្សាសេ​ និង​ សីតុណ្ហភាព​អតិបរមា​ មាន​ពី​ ៣០-៣២​ អង្សាសេ​ ហើយ​អាចមាន​ភ្លៀង​ក្នុង​កម្រិត​ខ្សោយ​បង្គួរ លាយ​ឡំ​ទៅ​ដោយ​ផ្គរ​ រន្ទះ​៕