រដ្ឋាភិបាលបានបង្ហាញ និងអនុញ្ញាតឱ្យប្រើប្រាស់ក្រដាសប្រាក់២០០រៀល និង២០០០រៀលគំរូថ្មីជាផ្លូវការ គិតចាប់ពីថ្ងៃប្រកាសនេះតទៅ។
បើតាមអនុក្រឹត្យស្តីពីការចេញផ្សាយធនប័ត្រប្រភេទ២០០រៀល និង២០០០រៀល គំរូថ្មីចេញនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះបញ្ជាក់តាមន័យដើមថា៖ «អនុញ្ញាតឱ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជានូវធនប័ត្រប្រភេទ២០០រៀលគំរូថ្មី ទន្ទឹមនឹងបណ្តាប្រភេទប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ។ ធនាគារជាតិនៃកម្ពុជា មានភារកិច្ចចេញសេចក្ដីប្រកាស ដើម្បីផ្សព្វផ្សាយពីលក្ខណៈនៃធនប័ត្រប្រភេទ២០០រៀលនេះ»។
អនុក្រឹត្យដដែលនេះបន្ថែមថា រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា រដ្ឋមន្ត្រី រដ្ឋលេខាធិការគ្រប់ក្រសួង-ស្ថាប័ន និងអភិបាលរាជធានី-ខេត្ត ក៏ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕