បច្ចុប្បន្ននៅតាមភូមិឃុំស្ទើរតែគ្រប់ខេត្តក្រុង ទាំងរាជធានី មានការប្រើប្រាស់គ្រឿងស្រវឹងយ៉ាងច្រើន ជាពិសេសក្នុងចំណោមយុវវ័យ។ លោក យង់ គីមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព លើកឡើងថា ការប្រើប្រាស់គ្រឿងស្រវឹងផ្ដល់ផលប៉ះពាល់ដល់ខ្លួនឯង គ្រួសារ និងសង្គម ជាពិសេសយុវជន។
ខាងក្រោមនេះជាការសម្ភាសរបស់កញ្ញា ខាន់ លីណា ជាមួយលោក យង់ គីមអេង ពាក់ព័ន្ធនឹងផលប៉ះពាល់ពីការប្រើប្រាស់គ្រឿងស្រវឹង៖
Q: ជម្រាបសួរលោក យង់ គីមអេង!
A: បាទ ជម្រាបសួរ!
Q: បច្ចុប្បន្នយើងឃើញមានការផ្សព្វផ្សាយគ្រឿងស្រវឹងច្រើនទាំងលើបណ្ដាញសង្គម Facebook និងតាមទីសាធារណ:នានា ហើយការផ្សព្វផ្សាយឃើញមានការចូលរួមពីក្រុមតារា និងអ្នកមានប្រាក់ធំៗផង។ តើការផ្សព្វផ្សាយពីគ្រឿងស្រវឹងយ៉ាងទូលំទូលាយពេលបច្ចុប្បន្ននេះ បង្កផលប៉ះពាល់អ្វីខ្លះដល់សង្គម?
A: ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងវាគ្មានផ្ដល់ផលប្រយោជន៍អ្វីសូម្បីបន្តិចបន្តួចដល់ ប្រជាពលរដ្ឋនៅក្នុងសង្គម។ ជាទូទៅវាបំផ្លាញនូវសុខសន្តិភាពក៏ដូចជាស្ថិរភាពសន្តិសុខរបស់ប្រជាពលរដ្ឋទៅវិញទេ ពីព្រោះការលើកទឹកចិត្តឱ្យមនុស្សផឹកស្រា គឺមិនមែនជាកត្តាដ៏ល្អទេ។ អញ្ចឹងបានជាព្រះពុទ្ធលោកសម្ដែងថា ឱ្យយើងវៀរចាកសុរា ប៉ុន្ដែផ្ទុយទៅវិញ យើងជាអ្នកកាន់សាសនាព្រះពុទ្ធនាំគ្នាមកផ្សព្វផ្សាយគ្រឿងស្រវឹង ហើយលើកទឹកចិត្តឱ្យប្រជាពលរដ្ឋផឹកស្រា វាប្រាសចាកពីខ្លឹមសាររដ្ឋធម្មនុញ្ញដែលយើងនិយាយថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ នេះជាវរឿងមួយដែលគួរសោកស្ដាយ។
ម៉្យាងវិញទៀតការផ្សព្វផ្សាយគ្រឿងស្រវឹង ដូចជាការលើកទឹកចិត្តយុវជនឱ្យប្រើប្រាស់គ្រឿងស្រវឹង ហើយឃើញថាយុវជនជាច្រើនបោះបង់ការសិក្សា មានយុវជនជាច្រើនក្លាយជាក្រុមបងតូចបងធំ មានយុវជនជាច្រើនងប់ងល់ក្នុងការប្រើប្រាស់គ្រឿងស្រវឹងនេះបង្កបញ្ហាទៅដល់សហគមន៍ និងក្រុមគ្រួសារ។ ហើយសាកពិចារណាទៅមើលថា តើអ្នកដែលផ្សព្វផ្សាយគ្រឿងស្រវឹងគាត់ចង់ឱ្យកូនរបស់ខ្លួនផឹកគ្រឿងស្រវឹងទេ? ប្រហែលជាគាត់និយាយថាមិនចង់ឱ្យទេ ប៉ុន្ដែសួរថាតើការផ្សព្វផ្សាយឱ្យអ្នកដទៃទៀតប្រើប្រាស់ តើវាជារឿងស្របតាមឆន្ទ:បំណងពិតប្រាកដរបស់គាត់ទេ? តើគ្រឿងស្រវឹងវាជួយផ្ដល់ផលអ្វី? យើងឃើញថាវាផ្ដល់ផលប៉ះពាល់ដល់សហគមន៍ ប៉ះពាល់ដល់ជីវភាពគ្រួសារប្រសិនចង់សង្គមរីកចម្រើនយើងមិនគួរណាលើកទឹកចិត្តឱ្យប្រើប្រាស់គ្រឿងស្រវឹងទេ ផ្ទុយទៅវិញយើងគួរផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងដើម្បីលើកកម្ពស់ទៅដល់សុខភាពសាធារណ: ដើម្បីបញ្ចៀសស្រ្ដីពីហិង្សាផ្សេងៗ។
Q: កាលណាយុវជនប្រើប្រាស់ច្រើន តើវាអាចជំរុញឱ្យមានការប្រើប្រាស់គ្រឿងញៀន ទេដោយសារ បច្ចុប្បន្នគ្រឿងញៀនមានការកើនឡើងច្រើន?
A: ការសិក្សាស្រាវជ្រាវជាច្រើនរបស់អង្គការ UNODC គេបានរកឃើញថា ការប្រើប្រាស់គ្រឿងស្រវឹងជាច្រកទ្វារឈានទៅរកការប្រើប្រាស់គ្រឿងញៀន អ៊ីច៊ឹងឪពុកម្ដាយឃើញកូនប្រើប្រាស់គ្រឿងស្រវឹងត្រូវតែប្រុងប្រយ័ត្នមែនទែន យូរ និងឆាប់យុវជនមួយចំនួនក្លាយខ្លួនទៅជាអ្នកប្រើប្រាស់គ្រឿងញៀន ហើយបង្កបញ្ហាកាន់តែធំទៅដល់គ្រួសារ និងសង្គមថែមទៀតបាទ។
Q: បើសិនគ្រឿងស្រវឹងមិនល្អ តើហេតុអ្វីបានជារដ្ឋាភិបាលមិនទប់ស្កាត់ ហើយមានកត្ដាអ្វីខ្លះធ្វើឱ្យការផ្សព្វផ្សាយគ្រឿងស្រវឹងមានភាពទូលំទូលាយ?
A: កត្តានេះដោយសារទីមួយមានការពាក់ព័ន្ធផលប្រយោជន៍ជាប់ពាក់ព័ន្ធជាមួយនឹងអ្នកមានអំណាចខ្លះ ជាមួយក្រុមហ៊ុនឧស្សាហកម្មគ្រឿងស្រវឹង ដូច្នេះហើយទើបមិនអាចកាត់ផ្ដាច់ការផ្សព្វផ្សាយគ្រឿងស្រវឹងនេះបាន។ ហើយទីពីរអាចមកពីការយល់ច្រឡំរបស់ប្រជាពលរដ្ឋ ព្រមទាំងមនុស្សមួយចំនួនដែលនៅតែយល់ថា គ្រឿងស្រវឹងគឺអាចជួយបញ្ហាសុខភាពរបស់ខ្លួនបាន ហើយរឿងទីបីទៀតដែលដឹងថាប៉ះពាល់ហើយនៅតែផ្សព្វផ្សាយ។ អ្នកដែលគេវិនិយោគទៅលើគ្រឿងស្រវឹងគេបានការចំណេញច្រើន ព្រោះគេដឹងហើយគ្មានអ្វីដែលទទួលបានប្រាក់ចំណេញដូចការវិនិយោគគ្រឿងស្រវឹងទេ អ៊ីច៊ឹងបាននាំគ្នាផលិតម៉ាកស្រាដែលល្បីៗចេញមកជាបន្ដបន្ទាប់នៅប្រទេសកម្ពុជា។
Q: សម្រាប់លោក បើប្រៀបធៀបជាមួយប្រទេសគេ តើវាខុសគ្នាយ៉ាងដូចម្ដេចដែរ ឧទាហរណ៍នៅថៃប្រទេសគេគ្មានការដាក់តាំងស្លាកប៉ាណូស្រា ទាំងនៅប៉ែកអាស៊ី ទាំងនៅអឺរ៉ុបផង ហាក់ដូចជាមិនសូវមានភាពទូលំទូលាយដូចប្រទេសយើងទេ?
A: យើងឃើញថាបញ្ហាការផ្សព្វផ្សាយនៅបណ្ដាលប្រទេសជិតខាងយើងមានឡាវ វៀតណាម ដែលយើងល្បីថាមានការផឹកខ្លាំងៗ តែគេក៏មានច្បាប់ដើម្បីទប់ស្កាត់សង្គមរបស់គេ។ ថៃមានច្បាប់។គេមានច្បាប់នេះយូរហើយ។ នៅតាមដងផ្លូវចរាចរណ៍គ្មានស្លាកប៉ាណូ គា្មនការផ្សព្វផ្សាយគ្រឿងស្រវឹងទេ។ នៅប្រទេសកម្ពុជាយើងគឺស្លាកស្រាបៀរនៅដង្ហែនៅតាមដងផ្លូវច្រើនជាងស្លាកអ្វីទាំងអស់ ជាពិសេសស្លាកសញ្ញាចរាចរណ៍មិនសូវមានទៅវិញ។ ចង់ទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ហេតុអ្វីមិនបន្ថយផ្សព្វផ្សាយពាណិជ្ជកម្ម ផ្ទាំងប៉ាណូគ្រឿងស្រវឹងហើយជំនួសវិញនូវស្លាកសញ្ញាចរាចរណ៍? ដើម្បីងាយស្រួលកន្លែងខ្លះទិសចរាចរណ៍ទៅណាទៅណី ដូចផ្លូវបំបែកខ្លះគ្មានស្លាកសញ្ញាចរាចរណ៍ ប៉ុន្ដែស្លាកស្រានៅត្រដែតផ្លូវបំបែកនេះទៅវិញ។
Q: បើសិនបញ្ហានេះនៅតែបន្ដកើតឡើង តើលោកគិតថាវាជះឥទ្ធិពល ដល់យុវជនយ៉ាងដូចម្ដេចខ្លះនៅពេលអនាគត?
A: ដូចខ្ញុំបញ្ជាក់ជូនអ៊ីចឹង ទីមួយបើសិនយើងនៅតែបន្ដកើតមាន អត់មានច្បាប់ អត់ព្រមមានឆន្ទ:នៅក្នុងការលុបបំបាត់ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទេ ថ្ងៃក្រោយគឺរឿងការដែលយើងខំគិតអំពីភូមិឃុំមានសុវត្ថិភាព គឺមិនបានជោគជ័យទេ គោលនយោបាយភូមិឃុំមានសុវត្ថិភាពនេះ។ ទីពីរគឺយុវជន ក្រុមគ្រួសារជាច្រើននឹងរងគ្រោះដោយសារបញ្ហាគ្រឿងស្រវឹង ហើយបញ្ហាសុខភាពសាធារណ:ដែលកើតមានចំពោះប្រជាពលរដ្ឋ ដែលគ្រួសារ ក៏ដូចជារដ្ឋត្រូវចំណាយពេលលើសពីពន្ធដែលរដ្ឋបានមកពីគ្រឿងស្រវឹងហ្នឹងទៅទៀត៕