ក្រសួងធនធានទឹក និង ឧតុនិយមនៅថ្ងៃអង្គារ បានជូនដំណឹងឱ្យដល់ប្រជាពលរដ្ឋអំពីបម្រែបម្រួលអាកាសធាតុ ក្នុងរយៈពេលមួយសប្តាហ៍ខាងមុខ ដោយក្នុងតំបន់ខ្លះនឹងមានភ្លៀងធ្លាក់កម្រិតខ្សោយ ទៅបង្គួរ និងតំបន់ខ្លះមានលាយឡំផ្គរ និងរន្ទះ។
យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយមបានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ ២០២២ កម្ពុជានឹងទទួលរងឥទ្ធិពលពីការជួបប្រសព្វគ្នានៃជ្រលងសម្ពាធទាបក្នុងកម្រិតបង្គួរដែលរុញទូលមកពីសមុទ្រចិនខាងត្បូង និង ទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង (ចិន) ក្នុងកម្រិតខ្សោយ។
បើតាមសេចក្តីជូនដំណឹងខាងលើបន្ថែមថា ស្ថានភាពបែបនេះនឹង ធ្វើឱ្យតំបន់បីមានការប្រែប្រួល ក្នុងនោះរួមមានតំបន់ទំនាបកណ្តាល សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ អង្សាសេ និង សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ អង្សាសេ ។
ក្នុងនោះរាជធានី-ខេត្ត នៅភាគខាងក្រោមនឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ក្នុងនោះក៏អាចមានផ្នែកខ្លះធ្លាក់ជាបង្គួរលាយឡំទៅដោយផ្គរ រន្ទះ។ ចំណែកឯបណ្តាខេត្តនៅភាគខាងលើក៏អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមផងដែរ។
ចំណែកតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ អង្សាសេ និង សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ អង្សាសេ នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម៕